ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​អ្នក​ផ្ទុក​មេរោគ​អេដស៍​មាន​ប្រមាណ​៧​ម៉ឺន​៣​ពាន់​នាក់​

220

ភ្នំពេញ៖ ក្នុង​ទិវា​ពិភពលោក​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ ថ្ងៃទី​១ ខែធ្នូ ឆ្នាំ​២០១៩ រៀបចំ​ដោយ​អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នក​ជម្ងឺអេដស៍​, ឯកឧត្តម ឈឹម ឃិន​ដា​រ៉េត អគ្គលេខាធិកា អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ បញ្ជាក់ថា​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មាន​អ្នក​ផ្ទុកមេរោគ​អេដស៍​មាន​ប្រមាណ​៧​ម៉ឺន​៣​ពាន់​នាក់​។​

ឯកឧត្តម បន្តថា ក្នុង​ឆ្នាំ​២០១៩ យើង​បានផ្តល់​ការព្យាបាល ជូន​ពួកគាត់​បាន​ប្រមាណ​៦​ម៉ឺន​នាក់​។ ទស្សនៈ​របស់​យើង​ក្នុង​ការកសាង​សង្គម​មួយ​ដែល គ្មាន​ការ​គំរាម កំហែង​ពី​មេរោគ អេដស៍ និង​ជំងឺអេដស៍​អាចធ្វើ​ទៅបាន និង​មានន័យថា​កម្ពុជា កំពុងតែ​ស្ថិតនៅ​លើផ្លូវ ត្រូវ ដែល​នឹង​ឈានទៅ​សម្រេចបាន​នូវ គោលដៅ​៩៥ ៩៥ ៩៥ គឺ​៩៥% នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍ បានដឹង​ពី​ស្ថានភាព​ផ្ទុកមេរោគ​អេដស៍​របស់ខ្លួន ៩៥% នៃ​អ្នក​ដែល​ដឹង​ស្ថានភាព​ផ្ទុកមេរោគ អេដស៍​បានទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ និង​៩៥% នៃ​អ្នក​ដែល​បាន ទទួល​ការព្យាបាល​ដោយ​ឱសថ​ប្រឆាំង​មេរោគ​អេដស៍ ទទួលបាន​ប្រសិទ្ធភាព​ខ្ពស់ ក្នុងការ កាត់បន្ថយ​ចំនួន​មេរោគ​អេដស៍​នៅក្នុង​ខ្លួន​ដូច​បានកំណត់​ត្រឹម​ឆ្នាំ​២០២៥ នៅក្នុង​ប្រទេស កម្ពុជា​យើង និង​នៅត្រឹម​ឆ្នាំ​២០៣០ ដោយ​អង្គការសហប្រជាជាតិ​។​

សម្រាប់​ទិវា​ពិភពលោក​ប្រយុទ្ធ នឹង​ជំងឺអេដស៍​១​ធ្នូ​នេះ​ប្រធាន​គ្រប់គ្រង​កម្មវិធី​អង្គការ​មូលនិធិ​ថែទាំ​សុខភាព អ្នក​ជម្ងឺអេដស៍ លោកស្រី​វេជ្ជបណ្ឌិត ហួយ ស៊ី​ខេង មានប្រសាសន៍ថា ជាមួយ​ការអបអរសាទរ​ទិវា​នេះ អង្គការ​មូលនិធិ​ថែទាំ​សុខភាព​អ្នកជំងឺ​អេដស៍ នឹងធ្វើ​ការអំពាវនាវ​សាជាថ្មី​ទៅ​ថ្នាក់ដឹកនាំ​ទូទាំង​ពិភពលោក​ដើម្បី​បន្ត «​រក្សា​សន្យា​» ដល់​មនុស្ស​ដែល​រង​ផលប៉ះពាល់​ដោយសារ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ជាមួយ​ការ​ក្រើនរំលឹក​ដល់ ពិភពលោក​ទាំងមូល​ថា ការប្រយុទ្ធ នឹង​ជំងឺអេដស៍ និង​មេរោគ​អេដស៍ នៅ​មិនទាន់​បានបញ្ចប់​នៅឡើយ​ទេ ហើយ នៅមាន​ការងារ​ជាច្រើន​ទៀត​ដែល​ត្រូវធ្វើ​ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​និង​មេរោគ​អេដស៍​នេះ​។​

លោកស្រី បាន​អំពាវនាវ​ឱ្យធ្វើ​អ្វីៗ​គ្រប់យ៉ាង ដែល​អាចធ្វើ​ទៅបាន ដើម្បី​ជីវិត​មនុស្ស​រាប់លាន​នាក់​ទៀត ដែល​ត្រូវការ ការជួយ​សង្គ្រោះ និង​យកចិត្តទុកដាក់​ពី​បញ្ហា​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ហើយ​ថា​ការរក្សា​សន្យា ក្នុងការ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​កាន់តែ​មាន​សារៈសំខាន់ ដើម្បី​អាច​បញ្ចប់​មេរោគ​អេដស៍​ពី​ពិភពលោក​បាន​។​

បើ​យោងតាម​សិ្ថ​តិ​ចុងក្រោយ​របស់​អង្គការ​យូ​អិន​អេដស៍ ឲ្យ​ដឹងថា មាន​មនុស្ស​ចំនួន ៣៧.៩​លាន​នាក់ នៅ​ជុំវិញ​ពិភពលោក​កំពុង​រស់នៅ​ជាមួយ​មេរោគ​អេដស៍ និង​ជំងឺអេដស៍ ហើយ សម្រាប់​ឆ្នាំ​២០១៨ មាន​មនុស្ស​ប្រមាណ ១.៧​លាន​នាក់ បាន​ឆ្លង​មេរោគ​អេដស៍​ថ្មី និង ៧៧​ម៉ឺន​នាក់​បាន​ស្លាប់ ដោយសារ​ជំងឺ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍​៕