កីឡា​មួយ​ចំនួន​ត្រូវ​បាន​ពន្យា​ពេល​ប្រកួតក្រោយ​មាន​ព្យុះភ្លៀង​នៅ​ហ្វីលីពីន​

161

ស៊ីហ្គេម៖ ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ហ្វីលីពីន បានសម្រេច​ពន្យាពេល​ការប្រកួត​លើ​ប្រភេទ​កីឡា​ក្រៅ​សាល​មួយ​ចំនួន បន្ទាប់ពី​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Kammuri បាន​ធ្វើ​ដំណើរ​ទៅដល់​ទីក្រុង​ម៉ានីល និង​ទីក្រុង Clark ដែល​ជា​កន្លែង​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ខែ​ធ្នូ​នេះ។​

យោង​តាម​ការ​ឲ្យ​ដឹង​ពី​ប្រតិភូ​កីឡា​ស៊ី​ហ្គេម​របស់​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ខ្យល់ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​ធ្វើ​ដំណើរ​មកដល់​រដ្ឋធានី​ម៉ានីល ដូច​ការ​ព្យាករណ៍​រប​ស់​អាជ្ញាធរ​ហ្វីលីពីន​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដូច្នេះ​រាល់​ប្រភេទ​កីឡា​ក្រៅ​សាល​មិន​អាច​ធ្វើការ​ប្រកួត​បានទេ ដោយសារ​មាន​ខ្យល់​អម​ដោយ​ភ្លៀង ជាក់​ស្ដែង​អត្ត​ព​លិ​ក​កម្ពុជា​ត្រូវ​ប្រកួត​ថ្ងៃនេះ​ រួមមាន​កីឡា​ប៉េតង់ សី​ប៉ា​ក់តា​ក្រ បាល់ទះ​ឆ្នេរ​ខ្សាច់​ជា​ដើម ត្រូវ​បាន​លើក​ពេល​ប្រកួត​ហើយ​។ មួយទៀត​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែល​ត្រូវ​ប្រកួត​ថ្ងៃនេះ ក៏បាន​លើក​ទៅ​ប្រកួត​នៅ​ថ្ងៃ​ទី​០៥-​ធ្នូ​ដែរ។​ ​ទន្ទឹម​ជាមួយគ្នា​ឯកឧត្ដម វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ​(NOCC) និង​ជា​នាយ​បេសកកម្មក៏បាន​អំពាវនាវ​ដល់​គ្រប់​ប្រតិភូ និង​អត្ត​ព​លិ​ក​ទាំងអស់ ពិសេស​កីឡាករ​-​កីឡា​ការិនី​កម្ពុជា ត្រូវ​មាន​ការប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ក្នុង​ការ​ធ្វើដំណើរ​ចេញ​ក្រៅ​។

​​ដោយឡែក​ចំពោះ​ការប្រកួត​ឡើងវិញ នៅ​ពេល​ណានៅ​មិនទាន់​កំណត់​នោះ​ទេ ពោល​គឺ​រង់ចាំ​ព្យុះ​ទី​ហ្វុ​ង​ឈ្មោះ Kammuri ស្ងប់​ទៅវិញ​សិន។ ប៉ុន្តែ​យ៉ាងណា​ក៏​មាន​កីឡា​ក្នុង​សាល​មួយ​ចំនួន នៅតែ​បន្ដ​ការប្រកួត​ធម្មតា​ដែរ ជាក់ស្ដែង​កីឡា​គុន​ល្បុក្កតោ​កម្ពុជា ដែល​នឹង​ត្រូវ​ធ្វើ​ការប្រកួត​លើ​ប្រភេទ​កីឡា Arnis បន្ដ​ទៀតនៅ​រសៀល​ថ្ងៃ​អង្គារ​នេះ៕

អត្ថបទ៖ លី​ ឈុន​ឡា