ភ្នំពេញ ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានទទួលជួបជាមួយ លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ (H.E. Mrs. Carmen Moreno) ឯកអគ្គរដ្ឋទូត នៃសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។
ក្នុងជំនួបនេះ សម្តេចពញាចក្រី ហេង សំរិន មានប្រសាសន៍ថា បេសកកម្មការទូតថ្មីរបស់ លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ នៅកម្ពុជា ពិតជាមានសារៈសំខាន់ខ្លាំងណាស់ដល់ការបន្តថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហភាពអឺរ៉ុប ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
សម្តេច ប្រធានរដ្ឋសភា បានលើកឡើងថា កម្ពុជា-សហភាពអឺរ៉ុប មានកាតព្វកិច្ចដ៏សំខាន់ក្នុងការរួមគ្នា កសាងនូវភាពសុខដុមរមនា និងភាពសំបូររុងរឿង ដល់ប្រជាជនទាំងសងខាង មិនតែប៉ុណ្ណោះមិត្តភាពនេះ ជាកំលាំងចលកររួមចំណែក ដល់ការថែរក្សាសុខសន្តិភាពក្នុងតំបន់ និង សកលលោកផងដែរ។ ជាមួយគ្នានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានកោតសរសើរអតីតឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបមុនៗ ដែលបានបំពេញតួនាទី ក្នុងការធ្វើកិច្ចសហប្រតិបត្តិការដ៏សកម្មជាមួយកម្ពុជា។
លោកជំទាវ ខាម៉ិន ម៉ូរ៉េណូ បានជម្រាបសម្តេចប្រធានរដ្ឋសភាថា ក្នុងរយៈពេលប្រមាណជា ២៥ឆ្នាំកន្លងមកនេះ សហភាពអឺរ៉ុប បានក្លាយជាដៃគូសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា លើគ្រប់វិស័យ។ ហើយបេសកកម្មនេះ សហភាពអឺរ៉ុប នៅតែមានឆន្ទៈអនុវត្តបន្តទៅមុខទៀត ដើម្បីគាំទ្រដល់ការរីកចម្រើនរបស់កម្ពុជា។
លោកជំទាវឯកអគ្គរដ្ឋទូត បានលើកឡើងបន្តថា ជំនួយគាំទ្ររបស់សហភាពអឺរ៉ុបមកកម្ពុជា នាពេលកន្លងមក មានទាំងខាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ។ លោកជំទាវ បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់រដ្ឋសភា ដែលជាស្ថាប័នកំពូល មានតួនាទីសំខាន់នៅក្នុងការចូលរួមចំណែកការអភិវឌ្ឍប្រទេសជាតិ។
ក្នុងនាមរដ្ឋសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគាំទ្រ និងប្ដេជ្ញាក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីឱ្យបេសកកម្មការទូតរបស់លោកជំទាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ទទួលបានជោគជ័យ។ សម្តេច សង្ឃឹមថា លោកជំទាវឯកអគ្គរដ្ឋទូត នឹងបានស្វែងយល់ពីស្ថានភាព ពិតនៅកម្ពុជា ពិសេសគឺ ការរក្សាបាននូវស្ថិរភាព សន្តិភាព និងសន្តិសុខ សណ្តាប់ធ្នាប់ ដែលជាមូលដ្ឋានស្នូល នាំមកនូវការអភិវឌ្ឍន៍រីកចម្រើនជាបន្តបន្ទាប់របស់កម្ពុជា ដែលផ្ទុយពីការបំពងសំឡេងពីមជ្ឈដ្ឋានខាងក្រៅ ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយនោះ៕