តំណាង​សហព័ន្ធ​បាល់ទាត់​កម្ពុជា​ថា ​ពាន​យុវជន​ផ្កាយ​សមុទ្រ​ជា​ចំណែក​ជួយ​បង្កើន​ធនធាន​យុវជន​

200

បាល់ទាត់៖ ​តំណាង​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា លោក ឆាំង ពិសិដ្ឋ ដែរ​បាន​ចូលរួម​ក​ក្នុង​ពិធី​បើក​ការ ប្រកួត​បាល់ទាត់​ពានរ​ង្វាន់​យុវជនអង្គការ​ផ្កាយ​សមុទ្រ ឬ AIA-ISF Youth League 2019-2020 បាន​ចាត់​ទុក​ការប្រកួតជា​ស្ពាន​ដ៏​សំខាន់ ​ដើម្បី​រួមចំណែក​កសាង​ធនធាន​បាល់ទាត់​នៅ​កម្ពុជា​ សម្រាប់​អនាគត​។

​​លោក ឆាំង ពិសិដ្ឋ បាន​លើក​ឡើង​ថា យើង​សូម​ចូលរួម​អបអរសាទរ និង​កោតសរសើរ​ដល់​អង្គកា​រ​ផ្កាយ​សមុទ្រ និង​អរគុណ​ដល់​អ្នក​ឧបត្ថម្ភ​គាំទ្រ​។ ជា​ការ​ពិត​ណាស់ ការប្រកួត​ជា​ផែនការ​យុទ្ធសាស្ត្រ​មួយ ​ក្នុងចំណោម​ផែន​ការ​យុទ្ធសាស្ត្រ​ទាំង​១២ ​របស់​សហព័ន្ធ​បាល់ទាត់​កម្ពុជា គឺ​ការប្រកួត​នេះ​ហើយ​ដែល​កីឡាករ កីឡា​ការិនីទាំង​ឡាយ​អាច​ត្រូវ​បាន​រើស​ចេញពី​ការប្រកួត​នានា​ ដើម្បី​អាច​ជាប់​ទៅជា​អ្នកលេង​អាជីព និង​តំណាង​ឲ្យ​ជាតិ​ជាដើម​។ សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ​ក៏បាន​ជួយ​សម្របសម្រួល​លើ​ការប្រកួត ជាពិសេស​សហការ​ជាមួយ​អង្គការ Starfish នេះ​តែម្ដង លើ​ផ្នែក​ឯក​សារ និង​រដ្ឋបាល​នានាដើម្បី​ឲ្យ​ការប្រកួត​ប្រព្រឹត្ត​រលូន​“​។ តំណាង FFC បន្ថែម​ផង​ដែរ “​ការប្រកួត​អង្គការ​ផ្កាយ​សមុទ្រ​នេះ​ ជួយ​ច្រើន​ដល់​វិស័យ​បាល់ទាត់​ស្រុក​យើង ហើយ FFC ក៏​ជួយ​គ្នា​ទៅ​វិញ​ទៅមក​ដែរ ដោយបាន​បណ្ដុះបណ្ដាល​ធនធាន​អាជ្ញាកណ្ដាល គ្រូ​បង្វឹក​ដែល​តែងតែ​អនុញ្ញាត​ឲ្យ​ចូល​វគ្គ​បណ្ដុះបណ្ដាល​ពី FFC ដូច្នេះ​ពួកគាត់​ទាំងអស់​នេះ​ហើយ​ ដែល​បាន​មក​រៀបចំ​ការប្រកួត​នានា​របស់​អង្គការ​ផ្កាយ​សមុទ្រ​នេះ​តែម្ដង​“​

​​ជាមួយ​គ្នា​នេះអ្នកនាង ជួប វិច្ឆិកា អ្នកគ្រប់គ្រង​អង្គការ​ផ្កាយ​សមុទ្រ​ឲ្យ​ដឹង​ថា នៅ​រដូវ​កាល​២០១៩/២០២០ មាន​ក្រុម​ចូលរួម​ដល់​ទៅ​ ១០៥​ក្រុម​កើន​ឡើង​ជាង​ឆ្នាំមុន​ចំនួន​ ៥​ក្រុម ហើយ​ក្នុង​នោះ​ក្រុម​នារី​មាន​ចំនួន ៣០​ក្រុម ប្រកួត​រៀងរាល់​ថ្ងៃអាទិត្យពី​ថ្ងៃ​ទី​០១ ខែ​ធ្នូ រហូតដល់​ចុងខែ​ឧសភា ឆ្នាំ​២០២០​។ ​ថ្នាក់ដឹកនាំ Starfish ដដែល​បញ្ជាក់​ថា ការប្រកួត​នេះ​ផ្ដល់​ឱកាស​ដល់​យុវជន​បង្ហាញ​សមត្ថភាព ដើម្បី​អាច​វិវឌ្ឍ​ខ្លួន​ក្លាយ​ជា​អ្នកលេង​អាជីព ហើយ​អ្វី​កាន់តែ​ប្លែក​ជាង​មុន​គឺ​មានក្មេង​ស្រី​អាយុ​ ១០​ឆ្នាំ​ចូលរួម​ថែមទៀត ដែល​បង្ហាញ​ឲ្យ​ឃើញ​ស្ត្រី​ក៏​អាច​លេង​កីឡា​បាន​ដែរ​។​ ​គួរ​រំឭក​ថា កម្មវិធី​បាល់ទាត់​របស់​អង្គការ​ផ្កាយ​សមុទ្រ ​កើតឡើង​ដំបូង​នៅ​ឆ្នាំ​២០០៦ ដោយមាន​ត្រឹម​កីឡាករ ៥០​នាក់​ប៉ុណ្ណោះ និង​បាន​កើន​ដល់​ប្រមាណ​ ៣៥០០​នាក់ដែល​ក្នុងនោះ​មាន​ ​៤០០​នាក់​ជា​កុមារ​មាន​ពិការភាព​៕