មនុស្ស​ជិត​ ៧​ម៉ឺន​នាក់​ជម្លៀស​ចេញពី​លំនៅឋាន ខណៈ​ព្យុះ​ទី​ហ្វុ​ង Kammuri​ បោកបក់​លើ​ហ្វីលីពីន​

194

ហ្វីលីពីន៖ ព្យុះ​ទី​ហ្វុ​ង ​Kammuri បាន​បោកបក់​លើ​ប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃ​ច័ន្ទ ​ដោយ​បង្ខំ​ឱ្យ​មាន​ការ​ជម្លៀស​ប្រជាជន​រាប់​ម៉ឺន​នាក់​ និង​ការ​បិទ​អាកាសយានដ្ឋាន​អន្តរជាតិ​ទីក្រុង​ម៉ានីល ជា​ការ​ប្រុងប្រយ័ត្ន​ដើម្បី​ធានា​សុវត្ថិភាព​។

សេវាកម្ម​ផ្នែក​អាកាសធាតុ​របស់​រដ្ឋាភិបាល PAGASA បាន​និយាយ​ថា ​ព្យុះ​នេះ​បាន​បោកបក់​មកដល់​ដីគោក​នៅ​ម៉ោង​ប្រហែល ១១​យប់​លើ​កោះ Sorsogon ​ដែល​ស្ថិតនៅ​ភាគ​ខាង​ត្បូង​នៃ​កោះ Luzon។ កោះ​ Luzon​ ដែល​ជា​កោះធំ​ជាងគេ​របស់​ប្រទេស​នេះ​ មាន​ប្រជាជន​រស់នៅ​ប្រមាណ ៤៩​លាន​នាក់​។​ ព្យុះ​ទី​ហ្វុ​ង​នេះ​បាន​បក់​នាំ​ខ្យល់​កម្លាំង​អតិបរមា​រហូតដល់ ១៧៥​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ​និង​មាន​កម្លាំង ២៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​បន្ទាប់ពី​បោកបក់​ចូល​ដល់​ដី​គោក។

ព្យុះ​នេះ​ត្រូវ​បាន​គេ​ព្យាករណ៍​ថា​ នឹង​ឆ្លង​ទៅ​ភាគ​ខាង​ត្បូង​នៃ​រដ្ឋធានី​ ដែល​កំពុង​ទទួល​ស្វាគមន៍​ក្រុម​អត្ត​ព​លិ​ក​រាប់​ពាន់​នាក់​ សម្រាប់​ព្រឹត្តិការណ៍ ​SEA Games 2019។ មន្ត្រី​នៅ​អាកាសយានដ្ឋាន​ទីក្រុង​ម៉ានីល ​បាន​អំពាវនាវ​ឱ្យ​បិទ​អាកាសយាន​នៅ​ពេល​ព្យុះ​នេះ​កំពុង​មាន​កម្លាំង​ខ្លាំង។​ មន្ត្រី​គ្រោះ​មហន្តរាយ​បាន​និយាយ​ថា ​មនុស្ស​ជិត ៧​ម៉ឺន​នាក់​បាន​ភៀសខ្លួន ​ចេញពី​លំនៅឋាន​របស់​ពួកគេ​នៅ​តំបន់ Bicol ភាគ​ខាង​ត្បូង​៕

អត្ថបទ៖ សុខ​មាន