សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព​ទទួល​បាន​ជ័យជម្នះ​ជោគ​ជាំ​ថ្ងៃ​បើកឆាក​ពាន​អបអរ​ទិវា​ជ័យជម្នះ ៧​មករា​

164

បាល់ទាត់៖ ​ការប្រកួត​បាល់ទាត់​ពា​ន​រង្វាន់​មិត្តភាព​វ័យ​ចាស់ អបអរសាទរ​ទិវា​ជ័យជម្នះ ៧​មករាខួប​លើក​ទី​៤១ ឆ្នាំ​២០២០ បាន​ចាប់ផ្ដើម​ការប្រកួត​ហើយ ស្រប​ពេល​ក្រុម​ការពារ​តំណែង​ជើងឯក​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាព បាន​យកឈ្នះ​ក្រុមពួក​ម៉ាក់​យូ​ណាយ​ធី​ត​ យ៉ាង​ចាស់ដៃក្នុង​លទ្ធផល ១៧១។

​​សម្រាប់​ជំនួប​បើកឆាក​នេះគេ​ឃើញ​មាន​ថ្នាក់ដឹកនាំ ក៏ដូចជា​កីឡាករ​ជើងចាស់​ជាច្រើន​ចូលរួម​ប្រកួត ស្រប​ពេល​ឯកឧត្ដម ជុំ កុសល ទីប្រឹក្សា​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន បាន​សម្ដែង នូវ​ក្ដី​រីករាយ​ជា​ខ្លាំងចំពោះ​ការ​បង្កើត​ពាន​នេះ​ឡើង ដែល​ផ្ដល់​ឱកាស​ឲ្យ​មានការ​ជួបជុំ និង​ប្រកួតដើម្បី​រឹតចំណង​មិត្តភាព សាមគ្គីភាព និង​ទទួល​បាន​នូវ​សុខ​ភាព​ល្អ​ផង​ដែរ។​ ​ឯកឧត្ដម​បាន​គូស​បញ្ជាក់​ថា ពាន​នេះ​ត្រូវ​បាន​បង្កើត​​ឡើងដើម្បី​រំ​លឹក​ដឹង​គុន​ដល់​ថ្ងៃ ៧​មករា ដែល​ជំរុញ​ឲ្យកម្ពុជា​មានការ​អភិវឌ្ឍ និង​សន្តិភាព​រហូត​មក​ទល់​សព្វថ្ងៃ និង​អនាគត។ ដូច្នេះ​ឯកឧត្តម​បាន​អំពាវនាវ​ដល់​គ្រប់​ក្រុម ត្រូវ​ប្រកួត​ដោយ​ស្មារតី​សាមគ្គីភាព និង​គោរព​គោលការណ៍ Fair-Play ឲ្យ​បាន​ដាច់ខាតដើម្បី​ជា​គំរូ​ដ៏​ល្អ​សម្រាប់​យុវជន ពិសេស​បំផុស​សកម្មភាព​លេង​កីឡា ក្នុង​ការ​រួមចំណែក​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។

គួរ​បញ្ជាក់​ថា ក្រុម​សម្ព័ន្ធ​យុវជន​ស្រលាញ់​សន្តិភាពគឺ​ស្ថិត​ក្នុង​ពូ​ល A ហេតុនេះ​ក្រោយ​ដណ្ដើម​បាន ៣​ពិន្ទុ​ពេញ​ពី​ក្រុម​ពួក​ម៉ាក់​យូ​ណាយ​ធី​ត បាន​ធ្វើ​ឲ្យ​ក្រុម​ការពារ​តំណែង​ជើងឯក​នេះ​ រក្សា​កៅអី​កំពូល​តារាង​បណ្ដោះអាសន្ន ។ ចំពោះ​ព្រឹត្តិការណ៍​នេះ​ដែរគឺ​មាន ៩​ក្រុម​ចូលរួម ដោយ​បែង​ចែក​ជា ២​ពូ​ល គ្រា​ដែល​ការប្រកួត​គ្រោង​ធ្វើ​ជាង ១​ខែ ចាប់ពី​ថ្ងៃ​ទី​០២-​ធ្នូដល់​ថ្ងៃ​ទី​០៧ ខែ​មករា ឆ្នាំ​២០២០ ខាងមុខ៕

អត្ថបទ៖ លី ឈុន​ឡា