Mauricio Pochettino និយាយ​ត្រង់​ៗ​ពី​ការ​វិល​ត្រឡប់​មក​ដឹកនាំ​ក្លិប​ថ្មី​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​

1201

បាល់ទាត់៖ បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន Mauricio Pochettino បាន​បង្ហើប​តម្រុយ​មួយ​អំពី​ការ​វិល​ត្រឡប់​មក​ការងារ​ ជា​អ្នកចាត់ការ​ក្លិប​បាល់ទាត់​ថ្មី​ណាមួយ​នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ ក្រោយ​ពេល​ដែល​លោក​ទើបតែ​ត្រូវ​បាន​ក្លិប​ Tottenham Hotspurs ប្រកាស​ពី​ការចែក​ផ្លូវ​កាលពី​ថ្ងៃ​ទី​២០ ​ខែ​វិច្ឆិកា ​ឆ្នាំ​២០១៩​កន្លងទៅ​។

ថ្លែង​ក្នុង​កិច្ច​សម្ភាសន៍​ជាមួយ Fox Sport អា​ហ្ស​ង់​ទីន​បុរស​វ័យ​ ៤៧​ឆ្នាំ​ខាងលើ​បាន​និយាយ​ថា​ មាន ក្លិប​ជាច្រើន​បាន​ទាក់ទង​ និង​ដាក់​សំណើ​មកកាន់​លោក ​ដើម្បី​ឱ្យ​ទៅ​កាន់​តំណែង​ជា​អ្នកចាត់ការ​ថ្មី​។ ​ប៉ុន្តែ​យ៉ាង​ណាក្តី​អតីត​គ្រូ​បង្វឹក​របស់ Spur រូប​នេះ​បាន​បន្ត​ទៀត​ថា​ លោក​ចង់​សម្រាក​ពី​ការងារ​ និង​ជម្រះ​ចិត្ត​ និង​អារម្មណ៍​របស់​លោក​ជាមុន​សិន​ ចំពោះ​រឿងរ៉ាវ​ជាង​ ៥​ឆ្នាំ​ជាមួយ​ក្លិប​មាន់​ខ្នាយ​មាស ​ខណៈ​ដែល​លោក​បាន​ក៏​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ ការងារ​នៅ​អា​ហ្ស​ង់​ទីន​ផង​ដែរ​មិន​សំដៅ​តែ​ក្លិប​បាល់​ទាត់​នៅ​អឺរ៉ុប​ឡើយ​។​ ចុងក្រោយបង្អស់​បុរស​ដែល​ធ្លាប់​ដឹកនាំ​ក្លិប Espanyol និង Southampton រូប​នេះ​បាន​ឱ្យ​ដឹង​ថា ​លោក​បាន​សម្រេច​ជ្រើសរើស​ពេលវេលា​វិស្សមកាល ​នៅ​ស្រុកកំណើត​ជា​មុន​សិន ​ប៉ុន្តែ​វា​មិន​យូរ​ប៉ុន្មាន​ឡើយ​មុន​ការ​សម្រេច​ចិត្ត​ថ្មី​ មកដល់​នា​ពេល​ខាងមុខនេះ​៕

អត្ថបទ៖ មេសា