អគ្គលេខាធិការ​ នៃ​អង្គការ​អន្តរជាតិ​ប្រទេស​និយាយ​ភាសា​បារាំង​សុំ​កម្ពុជា​ចូលរួម​លើកស្ទួយ​ការ​បង្រៀន​ភាសា​បារាំង

201

ភ្នំពេញ ​៖​លោកជំទាវ​អគ្គលេខាធិការ​នៃ​អង្គការ​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង​បាន​គោរព​ជំរាបជូន សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ពី​គោល​បំណង​សុំឱ្យ​កម្ពុជា​ចូលរួម​លើកស្ទួយ​ការបង្រៀន​ភាសា​បារាំង​ក៏ដូចជា​លើកស្ទួយ​ពាណិជ្ជកម្ម​រវាង​ប្រទេស​និយាយ​ភាសា​បារាំង និង​សុំ​កម្ពុជា​ចូលរួម​ជំរុញ​គម្រោង​នានា ​ឱ្យបាន​ខ្លាំង​ឡើង​ថែមទៀត​។

ការលើកឡើង​របស់លោក​ជំទាវ ល្វី​សមូ​ស៊ី​គី​វ៉ា​បូ (Louise Mushikiwabo) ​អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី​(OIF)​ ជូន​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​យ៉ាង​ដូច្នេះ ខណៈ​លោកជំទាវ​ត្រូវបាន ​​សម្តេច​តេ​ជោ អនុញ្ញាត​ឱ្យ​ចូល​ជួប​សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព ​​នា​ព្រឹក​ថ្ងៃទី​៣ ​ខែធ្នូ​នេះ ខណៈ​លោកជំទាវ មក​បំពេញ​ទស្សនកិច្ច​ជា​ផ្លូវការ ​និង ចូលរួម​មហាសន្និបាត ​អភិបាលក្រុង​និយាយ​ភាសា​បារាំង​ នៅ​រាជធានី​ភ្នំពេញ ពីថ្ងៃ​ទី​២​ដល់​ថ្ងៃទី​៥​ខែធ្នូ​ឆ្នាំ​២០១៩​។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ បាន​ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ថា ​នៅក្នុង​ជំនួប​នេះ លោកជំទាវ​អគ្គលេខាធិការ នៃ​អង្គការ​អន្តរជាតិ​ហ្វ្រ​ង់​កូ​ហ្វូ​នី បាន​មានប្រសាសន៍ថា ដំណើរ​ទស្សនកិច្ច​ របស់​លោក​ជំទាវ​មក​ចូលរួម​កិច្ចប្រជុំ​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នៅពេលនេះ ​គឺ​ដើម្បី​ធ្វើយ៉ាងណា​ជំរុញ​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អង្គការ​អន្ដរជាតិ​និយាយ​ភាសា​បារាំង​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ​ឡើង​ទៀត ។

ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ​ ​បាន​មានប្រសាសន៍ថា​ ​កម្ពុជា ជា​ស្ថាបនិក​មួយ​ នៃ​ការ​បង្កើត​អង្គការ​និយាយ​ភាសា​បារាំង​នេះ ​នឹង​បន្តធ្វើ​សកម្មភាព​យ៉ាងសកម្ម​នៅ​ក្នុង​ក្របខណ្ឌ​អង្គការ​នេះ​។ ​សម្តេច​បន្តថា ​កម្ពុជា​ក៏​នឹងចូលរួម​រៀបចំ​ខួប ៥០​ឆ្នាំ​របស់​អង្គការ​អន្តរជាតិ​និយាយ​ភាសា​ បារាំង​នេះ​តាម​គោលការណ៍​និង​តាម​ការរៀបចំ​ឡើង​របស់​អង្គការ​នេះ​។

សម្តេច​ ក៏បាន​អរគុណ​អង្គការ​ហ្វ្រ​ង់​កូ​ហ្វូ​ន ដែល​អាច​រៀបចំ​ឲ្យ​និស្សិត​កម្ពុជា​ ដែល​រៀន​ភាសា​បារាំង​នៅ​ប្រទេស​បារាំង ​រៀបចំ​កម្មវិធី​ផ្សេងៗ ដើម្បី​ចូលរួម​អបអរ​ក្នុង​ខួប​៥០​ឆ្នាំ​ នៃ​ការ​បង្កើត​អង្គការ​អន្តរជាតិ​នេះហើយ​សម្ដេច​ក៏បាន​លើកឡើង​ថា​ចំពោះ​កិច្ច​សហប្រតិបត្តិការ​រ​វាង​បណ្ដា​ប្រទេស​និយាយ​ភាសា​បារាំង​នេះ ​គប្បី​ពិនិត្យ​ជាក់លាក់​លើ​គម្រោង​មួយ​ចំនួន​ដែល​អាចធ្វើ​ទៅ​បាន​។​

សម្តេច​បន្តថា​ ទស្សនៈ​របស់សម្ដេច​គឺ​ធ្វើយ៉ាងណា ​លើកស្ទួយ​ទំនាក់ទំនង​លើ​វិស័យសេដ្ឋកិច្ច វិស័យ​,​ពាណិជ្ជកម្ម​និង​វិនិយោគ​រវាង​បណ្តា​ប្រទេស​និយាយ​ភាសា​បារាំង ព្រោះថា ​ទំនាក់ទំនង​នយោបាយ​គឺ​ចាប់ផ្ដើម​ឡើង​ពី​ទំនាក់ទំនង​សេដ្ឋកិច្ច​៕