ជន​អន្តោប្រវេសន៍​​ប្រឹង​​ត្រដរ​កំដៅ​ខ្លួន​នៅ​ក្នុង​ជំរំ​​តង់​​កៅ​ស៊ូ​ក្នុង​ប្រទេស​បូសស្នី​

250

បូសស្នី៖ ទោះ​បី​ជា​មាន​ការ​អំពាវនាវ​​ឲ្យ​មាន​ការ​​ផ្លាស់ប្ដូរ ​​ទី​ស្នាក់​នៅ​ថ្មី​របស់​ពួក​គេ​​នៅ​មុន​រដូវរងា​​ក៏​ដោយ​​ ជន​ចំណាក​ស្រុក​​រាប់​រយ​នាក់​នៅ​តែ​ជាប់​ក្នុង ​ជំរំ​​តង់​កៅ​ស៊ូ​​បណ្ដោះ​អាសន្ន​​នៅ​ភាគ​​ពាយ័ព្យ​ប្រទេស​បូសស្នី​ បន្ទាប់​ពី​ព្រិល​​ធ្លាក់​ខ្លាំង​ និង​ធាតុ​អាកាស​​ត្រជាក់​ខ្លាំង​​វាយប្រហារ​តំបន់​មួយ​នេះ។

តង់​កៅ​ស៊ូ​​របស់​ពួក​គេ​​ត្រូវ​​គ្រប​ទៅ​ដោយ​​ព្រិល​​សើម ជន​ចំណាក​ស្រុក​​នៅ​ជំរំ​​វូកចាក​នៅ​ក្បែរ​ទីក្រុង​​ប៊ីហាក​ នៃ​ប្រទេស​បូសស្នី​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ បាន​បំពួក​ភ្លើង​​ហ៊ុំភួយ​ដើម្បី​​ធ្វើ​ឲ្យ​ខ្លួន​​គេ​កក់​ក្តៅ​ និង​ងាយ​ស្ងួត។ ​គេ​លឺ​សំឡេង​ក្អក​ចេញ​មក​ពី​ក្នុង​តង់​កៅ​ស៊ូ​​មួយ​ចំនួន​​ ជា​កន្លែង​មាន​​ផ្សែង​ហុយ​ពី​ការ​ដុត​​ភ្លើង​​ធ្វើ​ឲ្យ​មាន​​ខ្យល់​អាកាស​អួ​អ័ព្ទ។ ​នៅ​ខាង​ក្រៅ​​តង់​កៅ​ស៊ូ​នានា​ជោគ​ជាំ​ដោយ​ល្បាប់​ភក់។ ​ទីសាម ហាឌី អាយុ ២១ឆ្នាំ​មក​ពី​ប្រទេស​ប៉ាគី​ស្ថា​ន​​បាន​និយាយ​ថា ​កន្លែង​​នេះ​គឺ​មិន​ល្អ​ទេ។ ​ហាឌី​បាន​បន្ត​ថា ​លោក​បាន​​ព្យាយាម​​ទៅ​កាន់​ជំរំ​​ជន​អន្តោប្រវេសន៍​​ ២កន្លែង​​ផ្សេង​ទៀត​​នៅ​តំបន់​ប៊ីហាកដែល​ល្អ​ប្រសើរ​​ជាង​ជំរំ​​វូកចាក ប៉ុន្តែ​នៅ​ទី​នោះ​​គ្មាន​បន្ទប់​តង់​កៅស៊ូ​​ស្នាក់​នៅ។ ​គាត់​បាន​អង្វរ​ថា ​សូម​ជួយ​ខ្ញុំ​ផង។ ​បុគ្គលិក​​ផ្តល់​ជំនួយ​បាន​ព្រមាន​​ជន​អន្តោប្រវេសន៍​ នឹង​ស្ថិត​ក្នុង​គ្រោះ​ថ្នាក់​ ប្រសិន​​បើ​ពួក​គេ​ស្នាក់​នៅ​ជំរំ​​វូក​ចាក​ក្នុង​រដូវ​​រងា ហើយ​បាន​​ទាមទារ​​ម្តង​ហើយ​ម្តង​ទៀត​ថា ជំរំ​នេះ​ត្រូវ​តែ​បិទ៕​

អត្ថបទ៖ រិទ្ធី