កិច្ច​ព្រម​ព្រៀង​អាវុធ​មាន​តម្លៃ​រាប់​លាន​ដុល្លារ​របស់​ទួរគី​ជាមួយ​រុស្ស៊ី​គ្រប​ដណ្ដប់​លើ​កិច្ច​ប្រជុំ​កំពូល​អង្គការ​ណា​តូ​

369

ទួរគី៖ បញ្ហា​ដ៏​ធំ​ដែល​កំពុង​គ្របដណ្ដប់​លើ​កិច្ចប្រជុំ​ រវាង​មេដឹកនាំ​អង្គការ​ណា​តូ​ក្នុង​ទីក្រុង​ឡុង​ដ៍​នៅ​សប្ដាហ៍​នេះ​ គឺ​ការសម្រេចចិត្ត​របស់​ប្រទេស​ទួរគី​ក្នុង​ការទិញ​ និង​ចាប់ផ្ដើម​សាកល្បង​ប្រព័ន្ធ​មី​ស៊ី​ល​រុស្ស៊ី​ ជា​សកម្មភាព​មួយ​ដែល​ត្រូវ​បាន​គេ​ជឿ​ជាក់​ថា ​បង្ក​ការ​គំរាម​កំហែង​ដល់​សម្ព័ន្ធ​ភាព​យោធា​យ៉ាង​ខ្លាំង ​បំផុត​របស់​ពិភពលោក​។

ទីក្រុង​អង់កា​រ៉ា​ប្រឈមមុខ​នឹង​សម្ពាធ​ពី​សមាជិក​ណា​តូ​ ក៏ដូចជា​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក ​ចំពោះ​ដំណើរ​ការ​បញ្ចប់​ចុះ​កិច្ចព្រមព្រៀង​អាវុធ​ដ៏​ចម្រូងចម្រាស ​ដែល​មាន​ទឹកប្រាក់​រាប់ពាន់​លាន​ដុល្លារ​របស់​ខ្លួន ​ជាមួយ​វិមាន​ក្រឹម​ឡាំង​។ យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ទួរគី ​ពុំបាន​ខ្វល់ខ្វាយ​ឡើយ​ចំពោះ​ការ​ដាក់ទណ្ឌកម្ម​ដ៏​មាន​សក្ដានុពល​ ចាប់​តាំង​ពី​ទទួល​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 របស់​រុស្ស៊ីរួចមក ហើយ​ប្រធានាធិបតី Donald Trump ​ខ្លួនឯង​ក៏​មាន​ការ​សោកស្ដាយ ចំពោះ​ការ​សម្រេច​ចិត្ត​របស់​ប្រធានាធិបតី​ទួរគីលោក Recep Tayyip Erdogan ដែរ​។​ កាលពី​ខែ​មុន​មេដឹកនាំ​ទាំង២ ​បាន​ជួប​គ្នា​នៅ​ទីក្រុង​វ៉ាស៊ីនតោន ដែល​ហាក់​ដូច​ជា​មិនបាន​ជួយ​កែប្រែ​ស្ថានការណ៍ ​ឲ្យ​បាន​ប្រសើរ​ឡើងវិញ​ទេលើ​បញ្ហា​ប្រព័ន្ធ​មី​ស៊ី​ល ​S-400 នោះ​៕

អត្ថបទ៖ សុខ​មាន