រថយន្ត​របស់ Michael Schumacher ត្រូវ​បាន​ដាក់​ដេញថ្លៃ​នៅ​អារ៉ាប់​រួម​

217

ប្រណាំង​រថយន្ត៖ ​រថយន្ត​ពីរ​គ្រាប់​របស់​អតីត​ជើងឯក F1 ពិភពលោក ៧សម័យ Michael Schumacher ត្រូវ​បាន​ដាក់​ដេញថ្លៃ​លក់​មុន​ព្រឹត្តិការណ៍ F1 បិទ​រដូវ​កាល​នៅ​ទីក្រុង Abu Dhabi អារ៉ាប់​រួម​ចុង​សប្តាហ៍​កន្លងទៅ​។

​​រថយន្ត​របស់ Schumacher នៅ​ឆ្នាំ២០០២ ជាមួយ​ក្រុម Ferrari ត្រូវ​បានដាក់​ដេញថ្លៃ ពោលគឺ​រថយន្ត​ប្រភេទ F2002 នោះ ជា​រថយន្ត​ដែល​កីឡាករ​អាល្លឺម៉ង់​រូបនេះ​ ឈ្នះ​ជើងឯក​ពិភពលោក​លើក​ទី៥ នៃ​ជើងឯក​ពិភព​លោក ៧លើក​របស់គេ ត្រូវបាន​លក់​ចេញ​ក្នុង​នឹង​តំលៃ ៥លាន ៩សែន​ដុល្លារ​អាមេរិក​។​ ​ចំណែក​រថយន្ត​មួយ​គ្រឿង​ទៀត ជា​រថយន្ត​ដែល Schumacher ប្រើប្រាស់​នៅ​ឆ្នាំ១៩៩២ ជា​ប្រភេទ​រថយន្ត Benetton B192 ជា​រថយន្ត និង​ជា​ក្រុម​ដែល Schumacher ឈ្នះ​ជើងឯក​ពិភពលោក ២សម័យ​នៅ​ឆ្នាំ១៩៩៤ និង ១៩៩៥ ត្រូវបាន​លក់​ចេញ​ក្នុង​តំលៃ ៧២ម៉ឺន ៥ពាន់​ដុល្លារ​អាមេរិក​។ ​ក្នុង​ការដាក់​ចេញថ្លៃ​លក់​រថយន្ត​នេះ គឺ​ស្ថិតក្នុង​មូល​និ​ធី Keep Fighting Michael Foundation ដែល​ត្រូវ​បាន​បង្កើតឡើង​ តាំងពី​បុរស​សញ្ជាតិ​អាល្លឺម៉ង់​រូប​នេះ​បាន​រង​របួស​ក្បាល ​នៅ​ពេល​ជិះ​ស្គី​កំសាន្ត​តាំងពី​ខែធ្នូ​ ឆ្នាំ២០១៣៕

អត្ថបទ​៖​នាង សុភា​វុ​ធ