រាជរដ្ឋាភិបាល​និង​សង្គម​ស៊ីវិល​មិនទាន់​ចុះសម្រុង​នឹង​គ្នា​ទាក់ទង ​និង​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​អង្គការ​សមាគម​

153

ភ្នំពេញ៖ ​រាជរដ្ឋាភិបាល​កម្ពុជា​និង​តំណាង​អង្គការ​សង្គម​ស៊ីវិល បាន​បន្ត​ពិភាក្សា​គ្នា ​ដើម្បី​ធ្វើ​វិសោធនកម្ម​ច្បាប់ ​ស្តីអំពី​ច្បាប់​សមាគម​និង​អង្គការ​សង្គម​ស៊ីវិល ខណៈ​កិច្ចពិភាក្សា​ពេញ​មួយ​ព្រឹក​នា ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩​នេះ​មិនទាន់​ចុះសម្រុង​នឹង​គ្នា​នៅឡើយ ហើយ​សន្យា​ថា​នឹង​បន្ត​ពិភាក្សា គ្នា​ទៀត​នាពេល​ខាងមុខនេះ​។​

​​ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​កិច្ចប្រជុំ​នោះ ឯកឧត្តម ប៊ុន ហ៊ុន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹងថា ​មាន​មាត្រា​ចំនួន​១៧​ក្នុងចំណោម​មាត្រា​ទាំង​៣៩​ដែល​អង្គការ​សង្គម​ស៊ីវិល​ស្នើ​ឲ្យ​រាជរដ្ឋាភិបាល​ធ្វើ​វិសោធនកម្ម​ឡើងវិញ​ ប៉ុន្តែ​ កិច្ចពិភាក្សា​នេះ នូវ​មិន​ទាន់បាន​ឯក​គ្នា​នោះទេ ហើយ​ភាគី​ទាំងពីរ​នឹង​បន្ត​យក​កិច្ចពិភាក្សា​គ្នា​នេះ​នាពេលខាងមុខ​ទៀត​។​

​​សូម​បញ្ជាក់ថា ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​នេះ​គឺមាន​ចំនួន​៩​ជំ​ពួក​៣៩​មាត្រា ហើយ​ត្រូវបាន​ព្រះមហាក្សត្រ​ខ្មែរ​ប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០១៥​កន្លងទៅនេះ​។

ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​ក្រៅ​រាជរដ្ឋាភិបាល​នេះ​ គឺ​មាន​គោល​បំណង​ធានា​ការ​ការពារ​សិទ្ធិសេរីភាព ក្នុងការ​បង្កើត​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ការពារ​ផលប្រយោជន៍​សាធារណៈ ព្រមទាំង​លើកកម្ពស់​កិច្ច សហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ រវាង​សមាគម​នឹង​អង្គការ​មិនមែន​រដ្ឋាភិបាល​ជាមួយ​អាជ្ញាធរ សាធារណៈ​ជាដើម​។​

​​កិច្ចប្រជុំ​ជា​លើក​ទី​២​នេះ​ដើម្បី​ពិគ្រោះ​យោបល់​ពិនិត្យ និង​ពិភាក្សា​លើ​ខ្លឹម​សារសំខាន់ៗ​ពាក់ព័ន្ធ​នឹង​ការស្នើសុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង​អង្គការ​មិនមែន​រដ្ឋាភិបាល​តាម​សំណើ​របស់​អង្គការ​សង្គម​ស៊ីវិល បន្ទាប់ពី​មាន​តំណាង​អង្គការ​សង្គម ស៊ីវិល​មួយចំនួន​បានស្នើ​សុំ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្តីពី​សមាគម និង អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន ១៧​មាត្រា ដែល​ពួកគេ​អះអាងថា បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ និង​លទ្ធិប្រជាធិបតេយ្យ​ដែល ពួកគេ​កំពុង ធ្វើ​សកម្មភាព​ការងារ​នានា​នៅក្នុង​ប្រទេស​កម្ពុជា​នោះ​។​

​​​បច្ចុប្បន្ន​នេះ ​អង្គការ​ក្នុងស្រុក​ប្រមាណ​ជាង ប្រាំ​ពាន់​ប្រាំ​រយ​ហើយ​ដែល​បាន​ចុះបញ្ជី​ស្របច្បាប់​នៅក្នុង​ក្រសួងមហាផ្ទៃ ហើយ​ក្នុង​មួយខែៗ​គឺមាន អង្គការ​យ៉ាងតិច​ចំនួន​២០​បាន​បន្ត​ចុះបញ្ជី​មក​ក្រសួង​នោះ​៕​