​តំបន់​ព្រំដែន​ជ្រៃ​ធំ នឹង​ប្រែក្លាយជា​បេះដូង​របស់​ខេត្តកណ្ដាល​

2537

កណ្ដាល៖ អាជ្ញាធរ​ខេត្ត​កណ្តាល​ថា តំបន់​ជ្រៃ​ធំ នឹង​ក្លាយ​ជា​ទីប្រជុំ​ជន មាន​លក្ខណៈ​ស្តង់ដារ តាមរយៈ​ការកំណត់​តំបន់​ប្រើប្រាស់​ដី​សមស្រប ដែល​នឹងធ្វើ​ឲ្យ​តំបន់​ព្រំដែន​ជ្រៃ​ធំ ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ក្លាយ​ជា​បេះដូង​របស់​ខេត្តកណ្ដាល និង​មានការ​រីកចម្រើន​ពិតប្រាកដ​នាពេល​អនាគត​។​

​​ឯកឧត្ដម នៃ ចារី គណៈ​អភិបាល​នៃ​អភិបាលរង ខេត្តកណ្ដាល លើកឡើង​ក្នុង​សិក្ខាសាលា​ផ្សព្វផ្សាយ​ប្លង់គោល​ប្រើប្រាស់​ដី ទីប្រជុំជន​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ក្នុងស្រុក​កោះធំ សម្រាប់​ការអភិវឌ្ឍន៍ និង​ការអភិរក្ស​ប្រកបដោយ​ចីរភាព នៅ​សាលា​ខេត្តកណ្តាល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៩ ថា ទៅ​ថ្ងៃ​អនាគត​តំបន់​ជ្រៃ​ធំ និង​ក្លាយជា​ទីប្រជំជន ដែលមាន​លក្ខណៈ​ស្តង់ដារ​តាមរយៈ​ការកំណត់​តំបន់​ប្រើប្រាស់​ដី​សមស្រប​ដូចជា​៖ តំបន់​លំនៅឋាន​, កសិកម្ម​, ឧស្សាហកម្ម​, ពាណិជ្ជកម្ម​, ទេសចរណ៍​, រដ្ឋបាល និង​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​បាន​យ៉ាង​ល្អប្រសើរ នឹងធ្វើ​ឲ្យ​តំបន់​ព្រំដែន​ជ្រៃ​ធំ ផ្លាស់ប្ដូរ​មុខមាត់​ថ្មី ក្លាយជា​បេះដូង​របស់​ខេត្តកណ្ដាល និង​មានការ​រីកចម្រើន​ពិតប្រាកដ​នាពេល​អនាគត​។​

​ ​ឯកឧត្ដម បន្តថា ដើម្បី​ឲ្យ​ការអនុវត្តន៍​ប្លង់គោល​ប្រើប្រាស់​ដី​នេះ ទទួលបាន​ជោគជ័យ អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គ្រប់​អង្គភាព​ក្នុង​ខេត្ត និង​អ្នកពាក់ព័ន្ធ​ទាំងអស់ រាល់​ការស្នើសុំ​សាងសង់ ឬ​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​មូលដ្ឋាន ត្រូវ​អនុវត្តន៍​តាម​ប្លង់គោល​ដែល​បានអនុម័ត​រួចហើយ ព្រមទាំង​ធ្វើការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់ពេលវេលា ក្នុងករណី​មានការ​សាងសង់​សំណង់​គ្មាន​ការ​អនុញ្ញាត​។​

​ ​នៅក្នុង​សិក្ខាសាលា​នេះ ឯកឧត្តម មាន ច័ន្ទ​វ៉ាន់​នី អនុរដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរ​រូ​បប​នីយកម្ម និង​សំណង់ ថ្លែង​ឲ្យ​ដឹង​ដែរ​ថា ប្លង់គោល​ដី​ទីប្រជុំជន​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល ត្រូវបាន​សម្រេច​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ តាម​សេចក្ដីសម្រេច​លេខ​០០៥ ស​.​ស​.​រ ចុះ​ថ្ងៃទី​២៤ ខែធ្នូ ឆ្នាំ​២០១៨ ។

​ ​ឯកឧត្តម បញ្ជាក់ថា​៖ ការរៀបចំ​ដែនដី និង​នគរូបនីយកម្ម​បាន​ត្រឹមត្រូវ កឺ​រួមចំណែក​ក្នុងការ​អភិវឌ្ឍន៍ និង​អភិរក្ស ប្រកបដោយ​ចីរភាព តុល្យភាព និង​សមធម៌ ថែមទាំង​បានរួម​ចំណែក​យ៉ាងសំខាន់ ក្នុងការ​ជម្រុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ឲ្យ​បាន​ក្នុង​រង្វង់ ៧% ក្នុង​១​ឆ្នាំ តាមរយៈ​កំណើន​នៃ​ការអភិវឌ្ឍន៍ និង​ការសាងសង់​ជា​រៀងរាល់ឆ្នាំ​។

ជាក់ស្តែង​លទ្ធផល​នេះ ក៏បាន​ឆ្លុះបញ្ចាំង​ពី​ការខិតខំ​របស់​ក្រសួង មន្ទីរ​រៀបចំ​ដែនដី​ខេត្ត និង​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ ក្នុងការ​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី​៦ នៃ​រដ្ឋសភា ដើម្បី​កំណើន​ការងារ សមធម៌ និង​ប្រសិទ្ធភាព​នៅ​កម្ពុជា ក្នុង​គោលដៅ​ឈានទៅ​សម្រេចបាន ជា​ប្រទេស​មាន​ចំណូល​ខ្ពស់​នៅ ឆ្នាំ​២០៣០ និង​ជា​ប្រទេស​មាន​ប្រាក់ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​