សមាជិក​ណា​តូ​ទទូច​ឲ្យ​មាន​ការ​រួប​រួម​គ្នា ​បើ​ទោះ​បី​ជា​មាន​ការ​ខ្វែង​គំនិត​គ្នា​ក៏​ដោយ​

279

អង់គ្លេស៖ បណ្ដា​មេដឹកនាំ​អង្គការ​ណា​តូ​បាន​ប្ដេជ្ញា​ប្រកាន់​ជំហរ​រួប​រួម​គ្នា​ ប្រឆាំង​នឹង​ការ​គំរាម​កំហែង​ពី​ប្រទេស​រុស្ស៊ី​ និង​ភេរវ​និយម​ និង​ទទួលស្គាល់​ការ​ប្រជែង​នៃ​ការ​រីកធំឡើង ​នៃ​ឥទ្ធិពល​របស់​ប្រទេស​ចិន​ដែល​កំពុង​កើន​ឡើង​កាលពី​ថ្ងៃ​ពុធ ​ទោះបីជា​មានការ​ខ្វែងគំនិត​គ្នា​ជុំវិញ​ការ​ចំណាយ និង​យុទ្ធសាស្ត្រ​ និង​ការ​ប៉ះទង្គិច​ពាក្យសម្ដី​ដាក់គ្នា​យ៉ាង​ខ្លាំង​ រវាង​ប្រមុខរដ្ឋ​មួយ​ចំនួន​ក៏ដោយ​។

កិច្ចប្រជុំ​មេដឹកនាំ​ទាំង ២៩​ប្រទេស​នៅ​ខាងក្រៅ​ទីក្រុង​ឡុង​ដ៍ ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​៧០ នៃ​សម្ព័ន្ធ​ភាព​អា​ត្ល​ង់​ទិ​ក​បាន​ឯកភាព​លើ​សេចក្ដីថ្លែងការណ៍​រួម​មួយ​។ ប៉ុន្តែ​ភាព​ចម្រូងចម្រាស​ដ៏​ខ្លាំងក្លា​បាន​បន្ត ​រហូតដល់​បញ្ចប់​ការ​ជួប​ជុំ​គ្នា​រយៈពេល ២​ថ្ងៃ​ ដោយ​ប្រធានាធិបតី​អាមេរិក Donald Trump ហៅ​លោក​នាយក​រដ្ឋមន្ត្រី​កាណាដា​ Justin Trudeau ថា​ ជា​មនុស្ស​ «​មុខ​ពីរ​»​ បន្ទាប់ពី​ក្រុម​មេដឹកនាំ​សម្ព័ន្ធ​ណា​តូ​ ត្រូវ​គេ​មើល​ឃើញ​នៅ​លើ​អេក្រង់​វីដេអូ​នៅ​ឯ​កន្លែង​ទទួល​ភ្ញៀវ​រាជដំណាក់​ Buckingham ​សើច​ចំអក​ឲ្យ​ការ​ដើរ​ចេញពី​សន្និសីទ​សារព័ត៌មាន ​របស់​មេដឹកនាំ​អាមេរិក​រូប​នេះ។​

លោក Trump បាន​លុប​ចោល​សន្និសីទ​សារព័ត៌មាន​ចុងក្រោយ ​ដែល​បាន​គ្រោង​ទុក​ដើម្បី​ហោះហើរ​ដោយ​ផ្ទាល់​ត្រឡប់​មក​ទីក្រុង​វ៉ាស៊ីនតោន​ ទោះបី​អួតអាង​ថា ​បាន​បញ្ចុះបញ្ចូល​សម្ព័ន្ធមិត្ត​អឺរ៉ុប​របស់​លោក​ ឲ្យ​បង្កើន​ការ​ចំណាយ​លើ​វិស័យ​យោធា​ ហើយ​ប្រទេស​ទួរគី​នឹង​លែង​ជំទាស់​នឹង​ផែនការ​ ការពារ​ថ្មី​សម្រាប់​បណ្ដា​រដ្ឋតំបន់​សមុទ្រ​បាល់​ទិ​ក​ និង​ប៉ូឡូញ​យ៉ាង​ណា​ក៏​ដោយ​៕

អត្ថបទ៖ សុខ​មាន