ទួរគី​ចង់​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល​បន្ថែម​ទៀត​ពី​ប្រទេស​​រុស្ស៊ី​

333

រុស្ស៊ី៖ ទីភ្នាក់ងារ​សារព័ត៌មាន​រុស្ស៊ី​រាយ​ការណ៍​ថា​ ទាំង​រុស្ស៊ី​ទាំង​ទួរគី​បាន​បញ្ជាក់​ថា ពួកគេ​កំពុង​ពិចារណា​លើ​កិច្ចព្រមព្រៀង​ថ្មី​មួយ​ សម្រាប់​ទីក្រុង​អង់កា​រ៉ាដើម្បី​ទិញ​ប្រព័ន្ធ​មី​ស៊ី​ល S-400 បន្ថែម​ទៀត​ ទោះបីជា​មានការ​គំរាមកំហែង​ទណ្ឌកម្ម​ របស់​សហរដ្ឋ​អាមេរិក​ក៏ដោយ​។ ទោះ​យ៉ាង​ណា​ទួរគី​ហាក់​ដូច​ជា​ កំពុង​ផ្តល់​ការ​សម្រប​សម្រួល​ដល់​សហរដ្ឋ​អាមេរិក​។

លោក Alexander Mikheev អគ្គនាយករង​ក្រុមហ៊ុន​រដ្ឋ​នាំចេញ​អាវុធ​របស់​រុស្ស៊ី​ Rosoboronexport ​បាន​និយាយ​នៅ​ថ្ងៃ​ទី​២៦ ខែ​វិច្ឆិកា​ថា ​ទីក្រុង​មូស្គូ​សង្ឃឹម​ថា ​នឹង​អាច​ចុះ​កិច្ចព្រមព្រៀង​ថ្មី​លើ​ការ​លក់​ប្រព័ន្ធ​មី​ស៊ី​ល S-400 ទៅ​ឱ្យ​ប្រទេស​ទួរគី​នៅ​ពាក់កណ្ដាល​ឆ្នាំក្រោយ​។ បច្ចុប្បន្ន​ក្រុមហ៊ុន Rosoboronexport កំពុង​ស្ថិត​ក្រោម​ការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក ​ចំពោះ​ការ​លក់​អាវុធ​ទៅ​ឲ្យ​ប្រទេស​អ៊ីរ៉ង់, ​កូរ៉េខាងជើង ​និង​ស៊ី​រី​។ លោក Mikheev និយាយ​ថា យើង​សង្ឃឹមថា​ នៅ​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២០ យើង​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​កិច្ចសន្យា។​ លោក​បាន​បន្ថែម​ថា ប៉ុន្តែ​លោក​ចង់​សង្កត់​ធ្ងន់​ថា ​កិច្ច​សហប្រតិបត្តិការ​បច្ចេកទេស​យោធា​ជាមួយ​ទួរគី​ មិន​ត្រូវ​បាន​កំណត់​ចំពោះ​ការ​ផ្គត់ផ្គង់ ​S-400 នោះ​ទេ​។ យើង​មាន​ផែនការ​ធំៗ​ជាច្រើន​ទៀត​នៅ​ពេល​ខាងមុខ​៕

អត្ថបទ៖ សុខ​មាន