ម៉ា វី​រ៉ូ ស្ដាយ​មិនបាន​រត់​ពាក់​កណ្ដាល​ម៉ា​រ៉ា​តុង​នៅ​អង្គរវត្ត ដ្បិត​ត្រូវ​ប្រកួត​ស៊ី​ហ្គេម​ថ្ងៃនេះ

320

ម៉ា​រ៉ា​តុង​៖ កីឡាករ​អត្តពលកម្ម​ជម្រើស​ជាតិ​កម្ពុជា ម៉ា វី​រ៉ូ បាន​សម្ដែង​ការ​សោកស្ដាយ​ជា​ខ្លាំង ដែល​មិន​អាច​ចូល​រួម​ទិវា​រត់​ប្រណាំង​អន្តរជាតិ​ ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៤ នៅ​អង្គរវត្តនា​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ចុង​សប្ដាហ៍​នេះ ដោយសារ​ខ្លួន​ជាប់​បេសកកម្ម​ដ៏​សំខាន់ ក្នុង​ការ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន​ដែល​ត្រូវ​ប្រកួត​ថ្ងៃនេះ។

ខណៈ​ខ្លួន​ត្រូវ​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ ៤២​គីឡូម៉ែត្រ​នៅ​ទីក្រុង Clark ព្រឹក​នេះ ម៉ា វី​រ៉ូ បាន​ដឹង​ថា ខ្លួន​ពិតជា​សោក​ស្ដាយដែល​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ឆ្នាំនេះ ត្រូវ​រៀបចំ​ជាន់​ថ្ងៃ​គ្នានឹង​ការ​រត់​នៅ​អង្គរវត្ត ព្រោះ​នៅ​អង្គរវត្ត ១​ឆ្នាំ​មាន​ម្ដង​។ ប៉ុន្តែ​យ៉ាងណា​រូបគេ​បាន​សំណូម​ពរ​ប្រជាពលរដ្ឋ​ខ្មែរ ចូលរួម​ព្រឹត្តិការណ៍​ឲ្យ​បាន​ច្រើនដើម្បី​បង្ហាញ​ពី​ការ​គាំទ្រ​ព្រឹត្តិការណ៍​នេះ និង​រួមចំណែក​លើកស្ទួយ​វិស័យ​កីឡា​អត្តពល​កម្ម​កម្ពុជា ​កាន់តែ​រីកចម្រើនឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣។​ យ៉ាងណាមិញ​ជើង​ខ្លាំង​រត់​ចម្ងាយ​ឆ្ងាយ​កម្ពុជា​រូប​នេះ បាន​បង្ហាញ​នូវ​មោទនភាព និង​សប្បាយចិត្ត​ផង​ដែរ ដែល​បាន​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ហ្វីលីពីន។ ចំពោះ​បេសកកម្ម​នេះ ម៉ា វី​រ៉ូ ត្រូវ​ប្រកួត ២​វិញ្ញាសា រួមមាន​វិញ្ញាសា​រត់​ម៉ា​រ៉ា​តុង​ចម្ងាយ ៤២​គីឡូម៉ែត្រដែល​ត្រូវ​ប្រកួត​នា​ថ្ងៃទី​០៦-​ធ្នូ និង​វិញ្ញាសា ៥,០០០​ម៉ែត្រត្រូវ​ប្រកួត​នា​ថ្ងៃ​ទី​០៩-​ធ្នូ។ ក្នុង​នាម​កីឡាករ​ជម្រើស​ជាតិ ម៉ា វី​រ៉ូ បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ស្វែងរក​លទ្ធ​ផល​ល្អ​ជូន​ជាតិ។​

ដោយឡែក​លោក សែម ផល្លា នាយក​បច្ចេកទេស ​នៃ​ព្រឹត្តិការណ៍​រត់​ប្រណាំង​អន្តរជាតិ​នេះ​បាន​បញ្ជាក់​ថា បច្ចុប្បន្ន​អ្នក​ចុះឈ្មោះ​បាន​កើន​ដល់​ជាង ១២,០០០​នាក់​ហើយ ដែល​មកពី ៨៤​ប្រទេស​លើ​ពិភពលោកដើម្បី​រត់​ចម្ងាយ ២១​គីឡូម៉ែត្រ​, ១០​គីឡូម៉ែត្រ​, ៥​គីឡូ​ម៉ែត្រ និង ៣​គីឡូម៉ែត្រ។ ទន្ទឹម​ជាមួយគ្នាលោក​បាន​អំពាវនាវ​ប្រជាពលរដ្ឋ​ខ្មែរ មានបំណង​ចូលរួមរួសរាន់​ចុះឈ្មោះ​ឲ្យ​បាន​លឿន ព្រោះ​ការ​ទទួល​ពាក្យ​នៅ​សល់​តែ​វិញ្ញាសា​រត់ ៣​គីឡូម៉ែត្រ​ប៉ុណ្ណោះ ហើយ​អ្នក​ចុះឈ្មោះរួចរាល់ក៏​ត្រូវ​រួសរាន់​យក​សម្ភារៈ​ផង​ដែរ។​ គួរ​ដឹង​ថា ទិវា​រត់​ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុងលើក​ទី​២៤ ឆ្នាំនេះ នឹង​ចាប់ផ្ដើម​នា​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០៨ ខែ​ធ្នូ​ចុង​សប្ដាហ៍​នេះដោយ​ចេញដំណើរ​ពីមុខ​ប្រាសាទអង្គរវត្ត។ ចំពោះ​គោល​បំណង​សំខាន់ៗនៃ​ព្រឹត្តិការណ៍​នេះ គឺ​ដើម្បី​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរ​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា ទាក់ទាញ​កំណើន​ភ្ញៀវ​ទេសចរណ៍ ផ្សព្វផ្សាយ​អំពី​បរិស្ថាន​ស្អាត ហើយក៏​ផ្សារ​ភ្ជាប់​ការងារ​សង្គម ដោយ​ថវិកា​ទទួល​បាន​ពី​ការរៀបចំនឹង​ត្រូវ​បរិច្ចាគ​ជួយ​មន្ទីរពេទ្យ​កុមារ, កាក​បាទ​ក្រហម​កម្ពុជា, អង្គការ​កុមារ​កំព្រា និង​ជន​ពិការ​ជាដើម៕

អត្ថបទ៖ លី ឈុន​ឡា