ភ្លើង​ឆេះ​ព្រៃ​​ប្រមាណ​ ១០០​កន្លែង​កំពុង​​ឆាប​ឆេះ​​នៅក្នុង​​រដ្ឋ​ New South Wales​​​

347

អូស្ត្រាលី៖ ភ្លើង​ឆេះ​ព្រៃ​ប្រមាណ ១០០​កន្លែង​កំពុង​ឆេះ​នៅ​ក្នុង​រដ្ឋ​ New South Wales ប្រទេស​អូស្ត្រាលី ដោយ​ឆេះ​បំផ្លិចបំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ​បំផុតនៅ​តំបន់​ជាយក្រុង​ Sydney​។ អ្នក​ពន្លត់​អគ្គិភ័យ​ជាង ២​ពាន់​នាក់​កំពុង​ប្រយុទ្ធ​តតាំង​នឹង​អណ្ដាត​ដ៏​ធំ ​ដែល​បាន​ឆេះ​រាលដាល​ឡើង​កាន់​តែ​ខ្លាំង​ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​។

ទីក្រុង​ធំ​បំផុត​របស់​អូស្ត្រាលី​ត្រូវ​បាន​គ្របដណ្ដប់​ ដោយ​ផ្សែង​ក្រាស់​ពេញ​មួយ​សប្ដាហ៍​ ដែល​បណ្ដាល​ឱ្យ​មាន​បញ្ហា​ផ្នែក​សុខភាព​កើន​ឡើង​។ ចាប់​តាំង​ពី​ខែ​តុលា​មក​ ភ្លើង​ឆេះ​ព្រៃ​បាន​សម្លាប់​មនុស្ស ៦​នាក់ និង​បំផ្លាញ​ផ្ទះ​សម្បែង​ជាង ៧០០​ខ្នង​នៅ​ទូទាំង​ប្រទេស​អូស្ត្រាលី​។​ ភ្លើង​ឆេះ​ព្រៃ​ដ៏​ធ្ងន់ធ្ងរ​នៅ​ដើម​រដូវ​ភ្លើង​ឆេះ​ព្រៃ​ បាន​បង្ខំ​ឱ្យ​មាន​ការ​ជូន​ដំណឹង​ ហើយ​បាន​ជំរុញ​ឲ្យ​មានការ​អំពាវនាវ​ចាត់​វិធាន​ការ​កាន់​តែ​ច្រើន ​ដើម្បី​ដោះស្រាយ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ ផ្ទៃដី​ជាង ១,៦​លាន​ហិច​តា​នៅ​រដ្ឋ​ New South Wales ត្រូវ​បាន​ឆេះ​បំផ្លាញ​រួច​ហើយ​។ អណ្ដាតភ្លើង​នេះបាន​ឆាបឆេះ​រាលដាល​ទូទាំង​រដ្ឋ​ Queensland, រដ្ឋ​ Victoria, ​រដ្ឋ​ South Australia, ​រដ្ឋ​ Western Australia ​និង​រដ្ឋ​ Tasmania

អត្ថបទ៖ សុខ​មាន