ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព ​ជាង​១០០​តោន ត្រូវ​អាជ្ញាធរ​ដុត​បំផ្លាញ​ចោល​ នៅ​ព្រឹក​នេះ​

409

 

ភ្នំពេញ ៖ ​ទំនិញ​ក្លែងក្លាយ និង​ខូចគុណភាព ប្រមាណ​ជាង​១០០​តោន ​ត្រូវ​បាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង ​បទល្មើស​សេដ្ឋកិច្ច ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ដុត​បំផ្លាញ​ចោល ​នៅ​ព្រឹក​ថ្ងៃទី​0៦ ខែធ្នូ នេះ​។

ឧ​ត្ត​ម​សេនីយ៍ ឯក ចាន់ វ៉ាន់​ធឿន ប្រធាន​នាយកដ្ឋាន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​ឲ្យ ដឹងថា ​កន្លងមក កម្លាំង​នាយកដ្ឋាន​នេះ បានធ្វើការ​ដុត​បំផ្លាញ​ចោល​នូវ​វត្ថុ​ចាប់​យក​ក្លែងក្លាយ​៣២​លើក​។ ដោយឡែក ទំនិញ​ដែល​ដុត​បំផ្លាញ​នៅថ្ងៃនេះ ​មាន​១២​មុខ រួមមាន សម្បក​កញ្ចប់​បារី​គ្រប់​ប្រភេទ សម្បក សុង​បារី​ចម្រុះ បារី​ចម្រុះ​ម៉ាក សរសៃ​ថ្នាំជក់​ ឧបករណ៍​សម្ភារ​បម្រើ​ឲ្យ​ការផលិត​បារី ផលិតផល​គ្រឿង ​សម្អាង ឧបករណ៍​សម្ភារ​បម្រើ​ឲ្យ​ការផលិត​គ្រឿងសម្អាង ​ផលិតផល​ធូប និង​ធូបមូស ​សរុប​ប្រមាណ ជាង​១០០​តោន​។

ឧ​ត្ត​ម​សេនីយ៍​ឯក បាន​បន្តថា​ កិច្ចសហប្រតិបត្តិការ​បង្ក្រាប​បទល្មើស និង​វត្ថុ​ល្មើសច្បាប់ ដែល​បាន ចាប់​យក​មក​ដុត​បំផ្លាញ​ចោល​នេះ ដោយ​អនុវត្តតាម​អនុសាសន៍​របស់​សម្តេច​ក្រឡាហោម ​ស ខេង ឧ​ប​នា យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​មានការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គ ស្នងការ​នគរបាលជាតិ ​និង​មានការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​ខេត្តកណ្តាល ​និង​មានការ​ចូលរួម​ពី​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ និង​អាជ្ញាធរ​មូលដ្ឋាន ​បានធ្វើ​ឲ្យ​នាយក ដ្ឋា​ន​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ​អនុវត្ត​ភារកិច្ច​របស់​ខ្លួន​ទទួល​បាន​ជោគជ័យ​។

ឧ​ត្ត​ម​សេនីយ៍​ឯក ចាន់ វ៉ាន់​ធឿន បាន​សំណូមពរ​ដល់​អង្គភាព និង​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់ បន្ត​ចូលរួម​សហការ​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់​បន្ថែមទៀត ​និង​សំណូមពរ​ប្រជាពលរដ្ឋ ឲ្យ​មានការ ប្រុងប្រយ័ត្ន​ចំពោះ​ផលិតផល​ក្លែងក្លាយ ​និង​ចូលរួម​សហការ​ផ្តល់​ព័ត៌មាន ​ជូន​សមត្ថកិច្ច​ក្នុង​ករណី​ពិនិត្យ សង្ស័យ​ឃើញថា មាន​ទីតាំង​ផលិតផល​ផ្សេងៗ ដែល​ខុសច្បាប់​ដើម្បី​ចូលរួម​ទប់ស្កាត់ និង​ការពារ​សុខុមាល​ភាព​ជូន​ប្រជាពលរដ្ឋ​។

រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ឯកឧត្តម តេង សាវង្ស បាន​បញ្ជាក់ថា គោលដៅ​ដែល​ត្រូវបាន បង្ក្រាប​នេះ គឺជា​ទីតាំង​លួចលាក់​ផលិត ដែល​មិន​មាន​អាជ្ញាប័ណ្ណ ឬ​ទិដ្ឋាការ​ពី​ក្រសួង​ឧស្សាហកម្ម និង សិប្បកម្ម និង​ក្រសួងសុខាភិបាល​នោះទេ ​និង​គឺជា​ផលិតផល ដែល​ពុំ​មាន​ការ​ត្រួត​ពិនិត្យ​ត្រឹមត្រូវ និង​បាន ក្លែងបន្លំ​ម៉ាក​សញ្ញា ​របស់​ក្រុមហ៊ុន ​ដែលមាន​សិទ្ធិ​ស្របច្បាប់​ទៀតផង​។

ឯកឧត្តម បាន​ថ្លែង​ការ​កោតសរសើរ​ចំពោះ​បណ្តា​ក្រុមហ៊ុន ​សហគ្រាស និង​ពលរដ្ឋ ដែល​បាន​ផ្តល់ ព័ត៌មាន អំពី​គោលដៅ​ផលិត និង​គោលដៅ​លក់​ចែកចាយ​នូវ​ផលិតផល​ខុសច្បាប់​ ឲ្យ​ដល់​សមត្ថកិច្ច បង្ក លក្ខណៈ​ងាយស្រួល​ដល់​កិច្ចប្រតិបត្តិការ​បង្ក្រាប បាន​ទាន់ពេលវេលា ​និង​ប្រកបដោយ​ប្រសិទ្ធ​ភាព ហើយ សង្ឃឹមថា សកម្មភាព​នេះ នឹង​បន្ត​ដូច​ភ្លៀងរលឹម ដើម្បី​ឈាន​ទៅ​លុបបំបាត់​នូវ​អំពើ​ល្មើសច្បាប់ ដែលជា ​ហានិភ័យ​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ ​និង​រួមចំណែក​សកម្មភាព ក្នុង​ការ​ជីក​ឫស​ពួក​ឧក្រិដ្ឋ​៕