ព្រឹទ្ធសភា​ យក​ថ្ងៃទី​៩​ បន្ត​កិច្ចប្រជុំ​ពិនិត្យ​និង​សម្រេច​សេចក្តីព្រាងច្បាប់​ស្តីពី​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​ឆ្នាំ​២០២០

177

ភ្នំពេញ ៖ ​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​សម្រេច​យក​ថ្ងៃទី​៩ ខែធ្នូ ឆ្នាំ​២០១៩ ​ខាងមុខ​នេះ​បន្ត បើក​កិច្ចប្រជុំ ពិនិត្យ​និង​សម្រេច​សេចក្តីព្រាង ​ច្បាប់​ស្តីពី ​ការ​ទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០​ និង​របៀបវារៈ​មួយ​ចំនួនទៀត​។ ​ដោយ​កិច្ចប្រជុំ​នេះ​ នឹង​ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា ​ភក្តី សាយ ​ឈុំ​ប្រធាន​ព្រឹទ្ធសភា​។

ថ្លែងប្រាប់​អ្នកយកព័ត៌មាន​ក្រោយពី​គណៈកម្មាធិការ​ព្រឹទ្ធសភា ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ​បើក​កិច្ចប្រជុំ​ពិនិត្យ ​និង​សម្រេច​លើ​របៀបវារៈ​មួយ​ចំនួន​ដែល របៀបវារៈ​មួយ​ចំនួន​ នា ​ព្រឹក​ថ្ងៃទី​៦ ខែធ្នូ ឆ្នាំ​២០១៩​នេះ ​ក្រោម​អធិបតីភាព​សម្តេច​វិបុល​សេនា ​ភក្តី​សាយ​ ឈុំ​ប្រធាន​ព្រឹទ្ធសភា​ បាន​ឲ្យ​ដឹងថា ថវិកា​សម្រាប់​ឆ្នាំ​២០២០​ នាពេល​ខាងមុខនេះ​គឺ​មាន​គោលដៅ​ច្បាស់ លាស់​សម្រាប់​ការ​កសាង​ប្រទេសជាតិ​ ឲ្យ​មាន​ភាព​រុងរឿង​ បន្ថែមទៀត ​ជាពិសេស​ក្នុង​ការ​កាត់ បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាពលរដ្ឋ​។

សូមបញ្ជាក់ថា​ ក្រៅពី​ប្រជុំ​ពិនិត្យ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២ ​ព្រឹទ្ធសភា​សុំ​ដាក់​សេចក្តី​ព្រាងច្បាប់​ស្តីពី ​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២០ ​ព្រឹទ្ធសភា​ក៏​កំណត់​យ​ក​ថ្ងៃទី​៩​ ដើម្បី​ប្រជុំ ​ពិនិត្យ​ និង​សម្រេច​លើ​សំណើ​របស់​គណៈកម្មការ​ទី​២ ​ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តីព្រាង ​ច្បាប់​ស្តីពី ​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​ឆ្នាំ​២០១៨​ ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៤​នីតិ​កាល​ទី​៤​ និង​ពិនិត្យ​និង​សម្រេច​លើ​សំណើរ​ របស់​គណៈកម្មការ​ទី​៨​ព្រឹទ្ធសភា​ សុំ​ដាក់​សេចក្តីព្រាង ​ច្បាប់​ស្តីពី​វិសោធនកម្ម ​មាត្រា​៣​មាត្រា​១៧​មាត្រា​ ២០​មាត្រា​២១​មាត្រា​២៧​មាត្រា​២៨​មាត្រា​២៩​មាត្រា​៥២​មាត្រា​៥៥​មាត្រា ​និង​មាត្រា​៥៩​នៃ​ច្បាប់​ស្តីពី​សហជីព ​ដែល​ត្រូវ​ប្រកាស​ឲ្យ​ប្រើប្រាស់ ​ដោយ​ព្រះរាជក្រម​កាលពី ​ឆ្នាំ​២០១៦​កន្លងទៅ ​ទៅក្នុង​របៀបវារៈ​នៃ​សម័យប្រជុំ​លើក​ទី​៤​ព្រឹទ្ធសភា ​នីតិកាល​ទី​៤​ផងដែរ​៕