រូប​ភាព​ផ្កាយ​រណប​ថ្មី​បង្ហាញ​ពី​សកម្មភាព​នៅ​ទីតាំង​បាញ់​សាក​ល្បង​ដែល​ធ្លាប់​បាន​រុះរើ​របស់​កូរ៉េខាងជើង

388

កូរ៉េខាងជើង៖ រូបភាព​ផ្កាយរណប​ថ្មី​ដែល​ទូរទស្សន៍​ CNN​ ទទួល​បាន​បង្ហាញ​ថា ​កូរ៉េខាងជើង​អាច​នឹង​ត្រៀម​បន្ត​ម៉ាស៊ីន​សាកល្បង​ ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្ដល់​ថាមពល​ដល់​ជើង​ទម្រ​បាញ់​ផ្កាយរណប ​និង​មី​ស៊ី​ល​អន្តរទ្វីប​បាលី​ស្ទិ​ក​នៅ​ទីតាំង​មួយ ​ដែល​លោក​ប្រធានាធិបតី​ Donald Trump ​ធ្លាប់​អះ​អាង​ថា ​ត្រូវ​បាន​រុះរើ​បន្ទាប់ពី​ជំនួប​កំពូល​នៅ​សិង្ហ​បុរី​ ជាមួយ​មេដឹកនាំ​លោក Kim Jong Un នេះ​បើ​យោង​តាម​អ្នក​ជំនាញ​ដែល​បាន​វិភាគ​រូបថត​នេះ។

រូបភាព​ផ្កាយរណប​ពាណិជ្ជកម្ម​ដែល​ថត​ បាន​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ដោយ​ក្រុមហ៊ុន Planet Labs បាន​បង្ហាញ​ពី​សកម្មភាព​ថ្មី​នៅ​ស្ថានីយ​បាញ់​បង្ហោះ​ផ្កាយរណប Sohae និង​មាន​កុងតឺន័រ​ដឹកទំនិញ​ធំ​មួយ​នៅ​ជើង​ទម្រ​សាកល្បង​ម៉ាស៊ីន​ក្នុង​ទីតាំង​នោះ នេះ​បើ​យោង​តាម​លោក Jeffrey Lewis ​នាយក​កម្មវិធី​មិន​រីកសាយ​ភាព​អាវុធ​អាស៊ី​បូព៌ា​នៅវិទ្យាស្ថាន Middlebury ​ដែល​ធ្វើការ​ជា​ដៃគូ​ជាមួយ​ក្រុមហ៊ុន​វិភាគ​រូបភាព​។ លោក Lewis បាន​ប្រាប់ CNN ថា ​កុងតឺន័រ​ដឹកទំនិញ​មិន​ត្រូវ​បាន​គេ​ឃើញ​នៅ​កន្លែង​នោះ​ទេ មុន​ថ្ងៃ​ព្រហស្បតិ៍​ហើយ​វត្តមាន​របស់​កុងតឺន័រ​នោះ​បាន​បង្ហាញ​ថា ​កូរ៉េខាងជើង​កំពុង​បន្ត​ធ្វើ​តេស្ត​ម៉ាស៊ីន​សាកល្បង​នៅស្ថានីយ Sohae​។ មន្ទីរ​បញ្ច​កោណ​ និង​ CIA មិនបាន​ផ្តល់​ការ​អត្ថាធិប្បាយ​ភ្លាមៗ​ទេ​ នៅ​ពេល​ត្រូវ​បាន​គេ​សួរ​អំពី​ការវិភាគ​ទាក់ទង​នឹង​រូបភាព​នោះ​៕

អត្ថបទ៖ សុខ​មាន