និស្សិត​អារ៉ាប៊ីសាអ៊ូឌីត​បាញ់​សម្លាប់​មនុស្ស ៣​នាក់​នៅ​មូលដ្ឋាន​កង​ទ័ពជើងទឹក​សហរដ្ឋអាមេរិក

426

អាមេរិក៖ ក្រុម​មន្ត្រី​បាន​និយាយ​ថា ​ក្មាន់កាំភ្លើង​ដែល​បាន​សម្លាប់​មនុស្ស ៣​នាក់​នៅ​ឯ​មូលដ្ឋាន​កងទ័ពជើងទឹក​សហរដ្ឋ​អាមេរិក​ក្នុង​នៅ​ទីក្រុង​ Pensacola រដ្ឋ Florida គឺជា​និស្សិត​អារ៉ាប៊ីសាអ៊ូឌីត​។​ ក្មាន់កាំភ្លើង​ត្រូវ​បាន​គេ​ដាក់​ឈ្មោះថា​ Mohammed Saeed Alshamrani ជា​សមាជិក​យោធា​អារ៉ាប៊ីសាអ៊ូឌីត​ ដែល​កំពុង​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​កន្លែង​នោះ​។ ជនល្មើស​រូប​នេះ​ត្រូវ​បាន​ក្រុម​មន្ត្រី​បាញ់​សម្លាប់​។

ការិយាល័យ​នគរបាល​ក្នុង​តំបន់​បាន​បញ្ជាក់​ថា ​មនុស្ស ៨​នាក់​ផ្សេងទៀត​បាន​រង​របួស ​នៅ​ក្នុង​ការ​បាញ់​ប្រហារ​រួមមាន​ទាំង​មន្ត្រី ២​នាក់​។ ខ្មាន់កាំភ្លើង​បាន​ប្រើ​កាំភ្លើងខ្លី​ក្នុង​ពេល​ធ្វើ​សកម្មភាព​នោះ​។​ នេះ​ជា​ការ​បាញ់​លើក​ទី​២ ដែល​បាន​កើតឡើង​នៅ​មូលដ្ឋាន​យោធា​អាមេរិក​ក្នុង​សប្ដាហ៍​នេះ​។​ នាវិក​អាមេរិក​ម្នាក់​បាន​បាញ់សម្លាប់​កម្មករ ២​នាក់​នៅ​មូលដ្ឋាន​យោធា Pearl Harbor ក្នុង​រដ្ឋ​ហា​វ៉ៃ​កាលពី​ថ្ងៃ​ពុធ​។ អាជ្ញាធរ​ត្រូវ​បាន​គេ​ជូនដំណឹង​អំពី​ការ​បាញ់​ប្រហារ​ នៅ​ឯ​មូលដ្ឋាន​នៅ​លើ​មាត់ទឹក​ភាគ​និរតី​នៃ​ទីក្រុង ​Pensacola ​នៅ​ម៉ោង ៦ និង ៥១​នាទី​ម៉ោង​នៅ​សហរដ្ឋអាមេរិក​។

លោក​ប្រធានាធិបតី Donald Trump បាន​និយាយ​ថា ​រជ្ជទាយាទ ​សាល់​ម៉ាន់ របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​បាន​ទូរស័ព្ទ​មកកាន់​រូបលោក ​ដើម្បី​បង្ហាញ​ពី​ការរំលែក​ទុក្ខ​ដ៏​ស្មោះត្រង់ ​និង​ការ​អាណិត​អាសូរ​ដល់​ក្រុម​គ្រួសារ ​និង​មិត្ត​ជនរងគ្រោះ​ដែល​ត្រូវ​បាន​បាញ់សម្លាប់​៕

អត្ថបទ៖ សុខ​មាន