ឯកឧត្តម ​ហ៊ុន ម៉ាណែត​ ៖​ រាជរដ្ឋាភិបាល​តាំង​ចិត្ត​ជាប់​ជានិច្ច​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​​អ៊ំពូមីង​អតីត​យុទ្ធជន

553

ឧត្ដរមានជ័យ ៖ ឯកឧត្តម ​ហ៊ុន ម៉ាណែត​ ​បានបញ្ជាក់ថា​ ​រាជរដ្ឋាភិបាល​​បានផ្តោត​ការ​យកចិត្ត​ទុក​ដាក់​ខ្ពស់​ និងតាំងចិត្តជាប់ជានិច្ច ក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់អ៊ំពូមីង​អតីតយុទ្ធជន តាម​រយៈការ​អនុវត្ត នូវគោលនយោបាយ លើកទឹកចិត្តផ្សេងៗ។

ឯកឧត្តម ​ ​បានបន្ថែមថា ​រាជរដ្ឋាភិបាលកែ​សម្រួល​ដំឡើង​ជាបន្តបន្ទាប់​ នូវ​ប្រាក់​របបគោល​នយោបាយ​​ឱ្យស្របតាមកំណើនសេដ្ឋកិច្ចជាតិ ​និងការដំឡើងប្រាក់​បៀវត្ស​របស់មន្ត្រីរាជការ ​និង​កងកម្លាំង​ប្រដាប់អាវុធ, ការផ្តល់សេវាថែទាំ​សុខភាព​សម្រាប់អតីតយុទ្ធជនក្នុងការពិនិត្យ និង​ព្យាបាល​ជំងឺដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យសាធារណៈ ​និងមន្ទីរពេទ្យឯកជន ​តាមរយៈ ប.., ការ​កំណត់យកថ្ងៃ ២១ មិថុនា ជារៀងរាល់ឆ្នាំ ជា ​“ទិវាអតីត​យុទ្ធជនកម្ពុជា” ដើម្បី​រំឭក​ដល់គំរូវីរភាពដ៏មោះមុត ​និងគុណបំណាច់​ដ៏ធំធេងរបស់អតីតយុទ្ធជន និងការផ្តល់​​សម្បទាន​​ដី​សង្គមកិច្ច ​និងសាងសង់ផ្ទះជូនដល់អតីតយុទ្ធជន​ និងគ្រួសារអតីត​យុទ្ធជន ដែលត្រូវ​បាន​ធ្វើជា​​ជំហាន​បន្តបន្ទាប់ ​តាំងពីដើមរៀងមក និងក្នុងពេល​ បច្ចុប្បន្ន ​ព្រមទាំងតតទៅអនាគតផងដែរ។

ថ្លែង​ក្នុង​ពិធី​សំណេះសំណាលចែកផ្ទះជូនសមាជិកសមាគមអតីត​យុទ្ធជនកម្ពុជា និង​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ស្រះទឹកតេជោអភិវឌ្ឍន៍ ​នៅតំបន់សម្បទានដីសង្គមកិច្ច ​ឃុំចុងកាល់ ស្រុកចុង​​កាល់ ​ខេត្តឧត្តរមានជ័យ, កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៩ ម្សិលមិញនេះ ឯកឧត្តម ឧត្តមសេនីយ៍​​ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការ​​កងទ័ពជើងគោក បានប្រសាសន៍ទៀតថា ​ការគិតគូរយកចិត្តទុក​ដាក់​អំពីសុខទុក្ខរបស់​អ៊ំពូមីង​​អតីតយុទ្ធជន​ គឺជាការបញ្ជាក់អំពីភាព​កតញ្ញូ​ដឹងគុណ ចំពោះចូលរួម​​ចំណែកយ៉ាង​​សកម្មរបស់​​អ៊ំពូមីង​​ ក្នុងការកសាងស្នាដៃ ​និងគុណបំណាច់ជូនជាតិមាតុភូមិ ប្រកប​ដោយ​ទឹកចិត្ត​​ស្នេហាជាតិ, ការលះបង់​ និងពលិកម្មគ្រប់បែបយ៉ាងក្នុងការប្រយុទ្ធការពារជាតិ និង​ប្រជាជនកម្ពុជា​ ប្តូរយកសន្តិភាពធ្វើឱ្យប្រជាជនរស់ក្នុងសេចក្តីសុខសាន្ត ​ដូចសព្វថ្ងៃនេះ។

ឯកឧត្តម សូមជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បន្តជួយដល់អ៊ំពូមីង​អតីតយុទ្ធជន, នឹងនៅតែបន្តកសាងប្រទេស ហើយសូមអ៊ំពូមីងជួយណែនាំអប់រំកូន​​ចៅឱ្យយល់​​ពី​​តម្លៃនៃសន្តិភាព ដោយយើងត្រូវចូលរួមទាំងអស់គ្នាក្នុងការថែរក្សាសន្តិភាពជូនប្រទេសជាតិយើង។ ក្រោមបរិយាកាសអំណោយផលនៃសុខសន្តិភាព​ និងស្ថិរភាព អ្វីៗមានលំនឹង មានមូលដ្ឋានរឹងមាំ អ៊ំពូមីងអាចប្រើប្រាស់ទីកន្លែងនេះ ​ក្នុងពេលនេះ ​ដើម្បីចាប់ផ្តើមកសាងអនាគតប្រកបដោយភាព​​សុទិដ្ឋិនិយម ​សម្រាប់​អនាគត​កូន​ចៅ​តទៅមុខ។

ក្នុងឱកាសនោះ ​ឯកឧត្តម ​ហ៊ុន ម៉ាណែត​ កោត​សរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផល​​ការងារ​របស់​​សមាគម​​អតីត​​យុទ្ធជន​​កម្ពុជា ខេត្តឧត្តរមានជ័យ ដែលក្នុងរយៈកាលកន្លងមក​នេះ​​ បាន​ខិតខំ​សម្រេច​​បាន​​នូវស្នាដៃ ​និង​សមិទ្ធផល​ជាច្រើន ជាការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល​​លើ​ការងារ​អតីត​​យុទ្ធជន ដោយ​បានជំរុញការបម្រើសេវា​ឧបត្ថម្ភ​គាំទ្រ​ឱ្យកាន់តែ​​កៀកជិត​​អ៊ំពូមីង​​អតីត​​យុទ្ធជន​​តាមរយៈយន្តការថ្នាក់ជាតិ ខេត្ត និងស្រុក ក្នុងនោះ រួមមាន ការងារបេឡាមរណៈ និង​ការ​ប្រគល់​​សម្បទាន​ដីសង្គមកិច្ច ​និងសាងសង់ផ្ទះ ចែកជូនអតីតយុទ្ធជន ​និងគ្រួសារអតីត​យុទ្ធជន ​ដែល​គ្មានដី គ្មានផ្ទះ​សម្បែង ​ក៏ដូចជាការងារកសាងហេដ្ឋា​រចនា​សម្ព័ន្ធផ្សេងៗ​ទៀត បម្រើឱ្យជីវភាព​រស់នៅ​​សមរម្យរបស់អ៊ំពូមីង​ អតីតយុទ្ធជន និងគ្រួសារ៕