សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ​អញ្ជើញ​ចែក​អំណោយ​ជូន​អ្នក​ជំងឺ​ ​នឹង​បុគ្គលិក-កម្មករ ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ ជិត​៣ពាន់​នាក់

208

ភ្នំពេញ ៖ ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ​នៅ​ព្រឹក​ថ្ងៃទី​៧​ខែធ្នូ​នេះ ​បាន​អញ្ជើញ​ដឹកនាំ​គណៈប្រតិភូ​កាកបាទក្រហមកម្ពុជា​ អញ្ជើញ​ចែក​អំណោយ​ជូន​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​កាល់ម៉ែត ​ចំនួន ១.១២៣​នាក់ ព្រម​ជាមួយ​ នឹង បុគ្គលិក កម្មករ នៃ​មន្ទីរពេទ្យ ចំនួន ១.៦១៧​នាក់​ផងដែរ​។

ឯកឧត្តម​សាស្ត្រាចារ្យ ឈៀង រ៉ា ប្រធាន​មន្ទីរពេទ្យ​កាល់ម៉ែត ​បាន​ថ្លែង​អំណរ​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​ប្រធាន​កាកបាទ​ក្រហមកម្ពុជា​ និង​គណៈប្រតិភូ​ដែល​អញ្ជើញ​មក​សាកសួរ​សុខទុក្ខ និង​ចែក​អំណោយ​ជូន​ដល់​អ្នក​ជំងឺ​ដែល​កំពុង​សំរាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ ​ក៏ដូចជា​ចែក​ជូន​សម្រាប់​បុគ្គលិក កម្មករ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ​នៅថ្ងៃនេះ ជា​កិត្តិយស​ដ៏​ឧត្ដុង្គឧត្ដម ​របស់​មន្ត្រី​ពេទ្យ​ដែល​បាន​ជំរុញ​ទឹកចិត្ត​អោយ​បុគ្គលិក​សុខាភិបាល​ នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​យកចិត្តទុកដាក់​ក្នុង​ការផ្តល់សេវា ​ពិនិត្យ​និង​ព្យាបាល​សុខភាព ជូន​ប្រជាពលរដ្ឋ​អោយ​កាន់​តែ​មាន​ប្រសិទ្ធភាព​ជាពិសេស​កម្មវិធី​នៅពេលនេះ​ បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​កាន់តែច្បាស់​ថា​កាកបាទក្រហមកម្ពុជា​ ដែលមាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជា​ប្រធាន លោក​តែងតែ​យកចិត្តទុកដាក់​គិតគូរ ចូលរួម​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​វិស័យ​សុខាភិបាល ​ហើយក៏​បញ្ជាក់​ឲ្យ​ឃើញ​កាន់​តែច្បាស់​អំពី​សណ្តាន​ចិត្ត​ដ៏​ជ្រាលជ្រៅ ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ​ក៏ដូចជា​បុគ្គលិក​សុខាភិបាល ក្នុង​គោលដៅ​លើកកម្ពស់​សេវា​សុខាភិបាល​នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​។

នៅក្នុង​ឱកាស​ដ៏​ថ្លៃថ្លា​នេះ សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បាន​អញ្ជើញ​សួរសុខទុក្ខ​ដោយ​ផ្ទាល់​ជាមួយ​លោកយាយ​អាយុ​១០១​ឆ្នាំ​ មកពី​ខេត្តរតនគិរី ​​ ដែល​បាន​និង ​កំពុង សំរាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ជាមួយនឹង​អ្នកជំងឺ​ដទៃ​ទៀតហើយ​គណៈប្រតិភូ​ក៏ត្រូវ​បាន​បែង​ចែក​ជា​៦​ក្រុម​អញ្ជើញ​ចុះ​ចែកជូន​ដោយ​ផ្ទាល់ដៃ ​នៅតាម​សាល​នីមួយៗ​ដែល​អ្នក​ជំងឺ​សំរាក​ព្យាបាល​។​សម្តេច​ បាន​ថ្លែង​សរសើរ​ចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ​ សាស្ត្រាចារ្យ និង​គ្រូពេទ្យ​នៃ​មន្ទីរពេទ្យ​កាល់ម៉ែត​ទាំងអស់ ដែល​តែងតែបាន​ខិតខំ​ប្រឹងប្រែង​ ក្នុងការ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​មកពី​គ្រប់​មជ្ឈដ្ឋាន​ទូទាំងប្រទេស​ ប្រកបដោយ​ការទទួលខុសត្រូវ ដើម្បី​សង្គ្រោះ​ជីវិត​មនុស្ស​ឱ្យ​រួច​ផុត​ពី​ជំងឺ​ផ្សេងៗ​។ ជានិច្ចកាល​កាកបាទក្រហម​ក្រោម​ការដឹកនាំ​របស់​សម្តេច​តែងតែ​យកចិត្តទុកដាក់​គិតគូរ​អំពី​សុខទុក្ខ ​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង មិន​ថា​ទីក្រុង ឬ ជនបទ​ដាច់ស្រយាល នៅ​ទូទាំងប្រទេស​ដោយ​មិន​មាន​ការរើសអើង ប្រកាន់​និន្នាការ​នយោបាយ ជាតិ​សាសន៍ ពណ៌​សម្បុរ ​ជាពិសេស​បាន​យកចិត្តទុកដាក់​ជា​អាទិភាព ចំពោះ​ប្រជាពលរដ្ឋ​ទីទ័លក្រ ​ចាស់ជរា​គ្មាន​ទីពឹង ស្ត្រី​មេម៉ាយ​មានកូន​ច្រើន​អ្នក​ជម្ងឺ​អេដស៍ អ្នក​ផ្ទុក​មេរោគ​អេដស៍ ជនពិការ​និង​កុមារកំព្រា​ ជាដើម ដែល​សកម្មភាព​ទាំងអស់នេះ ឆ្លើយតប​យ៉ាង​សក្ដិសម​ដូច​ពាក្យស្លោក​ថា “​ទីណា​មានការ​លំបាក ទីនោះ​មាន​កាក​បាទក្រហមកម្ពុជា​“​។​អំណោយ​ដែល​សម្តេច​ប្រធាន​និង​លោកជំទាវ ឯ​កឧត្តម​ ជា​សមាជិក សមាជិកា​កាកបាទក្រហម​នាំយកមក​ចែកជូន​អ្នក​ជំងឺ​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​ចំនួន​១.១២៣​នាក់​នៅថ្ងៃនេះ​ម្នាក់ៗ​ទទួល​បាន​មី​១​កេស ត្រីខ​១០​កំប៉ុង ស្ករស​២​គ​.​ក ទឹកដោះ​ប្រអប់​១​ឡូ ឃី​ត​១(​ក្រមា សារុង មុង ភួយ​និង​អាវយឺត​២) និង​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​។ ដោយឡែក​មន្ត្រី បុគ្គលិក កម្មករ​ចំនួន​១.៦១៧​នាក់ ម្នាក់ៗ​ទទួល​បាន​សារុង ក្រម៉ា​និង​ថវិកា​១០​ម៉ឺន​រៀល​។​ កាកបាទក្រហមកម្ពុជា ​មានលទ្ធភាព​អាចធ្វើ​សកម្មភាព​ទៅបាន ក៏​អាស្រ័យ​ដោយ​ការចូលរួម​ចំណែក​ដ៏​សំខាន់​ពី​សប្បុរសជន​នានា ហើយ​តាមរយៈ​សកម្មភាព​ជាក់​ស្តែង​ប្រកបដោយ​តម្លាភាព គណនេយ្យភាព ស្របតាម​គោលការណ៍​គ្រឹះ​របស់ខ្លួន កាកបាទ​ក្រហម​កម្ពុជា​បាន​ទទួល​នូវ​ការជឿទុកចិត្ត​យ៉ាង​មុតមាំ ពី​សប្បុរស​ជនជាតិ​និង​អន្តរជាតិ​ហើយ​បាន​ចូលរួម​គាំទ្រ​ផ្តល់​មូលនិធិ ​និង​ធនធាន​ផ្ទាល់ខ្លួន​យ៉ាងច្រើន សំដៅ​ចូលរួម​ក្នុង​សកម្មភាព​មនុស្សធម៌​ជាមួយ​កាកបាទក្រហមកម្ពុជា​ជា​រៀងរាល់ឆ្នាំ ជាពិសេស​តាមរយៈ​ទិវា​មិ​ទ្ទិញ​៨​ឧសភា​។ សកម្មភាព​នៃ​ការចែក​អំណោយ​ជូន​ដល់​អ្នក​ជំងឺ​នៅក្នុង​មន្ទីរពេទ្យ​បែបនេះ បានធ្វើឱ្យ​ប្រជាពលរដ្ឋ​ជា​អ្នកជំងឺ​សប្បាយចិត្ត​ដែល​បាន​ឃើញ​កាយវិកា​ប្រកបដោយ​ព្រហ្មវិហារ​ធម៌ រ​បស់​សម្តេច​ប្រធាន​កាកបាទក្រហម ព្រម​រួម​ជាមួយ​នឹង​សកម្មភាព​របស់​ឯកឧត្តម លោកជំទាវ ជា​សមាជិក សមាជិកា​កាកបាទក្រហម​ទាំងអស់​ ហើយ​ឥរិយាបថ ​កាយ​វិកា​ដ៏​ប្រពៃ និង​ស្នាមញញឹម​របស់​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត​និង គ្រូពេទ្យ ជាមួយនឹង​ការ​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​ក្នុងការ ​ពិនិត្យ និង ព្យាបាល​ជំងឺ​ជូន​ដល់​ប្រជាពលរដ្ឋ​ជា​ចំណែក​បាន​ធ្វើអោយ​អ្នក​ជំងឺ​មាន​កម្លាំងចិត្ត​និង​ឆាប់​បានជា​សះស្បើយ​៕