ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត៖ រាជរដ្ឋាភិបាល​ខិតខំ​ពង្រឹង​លំនឹង​សន្តិភាព​និង​ទាក់ទាញ​វិនិយោគ​បរទេស

138

បន្ទាយមានជ័យ៖ ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត ប្រធាន​គណៈកម្មការ​អាហារូបករណ៍​សិស្ស​-​និស្សិត​ក្រីក្រ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​យ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បាន​ថ្លែង​ថា អ្វី​ដែល​រាជរដ្ឋាភិបាល​បាន​ខិតខំ​ពង្រឹង​លំនឹង​សន្តិភាព លំនឹង​ស្ថិរភាព ពង្រីក​វិសាលភាព​សេដ្ឋកិច្ច​ទាក់ទាញ​វិនិយោគ​បរទេស និង​ក្នុងស្រុក ដើម្បី​បង្កើន​ឱកាស​ធុរកិច្ច និង​ការងារ ព្រមទាំង​ការពង្រឹង​ការអនុវត្ត​ច្បាប់ និង​បទដ្ឋាន​ការងារ ដើម្បី​គាំទ្រ​ដល់​ដំណើរការ​នៃ​ទីផ្សារ​សេរី និង​បង្កើន​ភាព​ជោគជ័យ​ឱ្យ​ប្រជាពលរដ្ឋ​។ ដោយឡែក​ការប្រកួតប្រជែង​នៅ​ក្នុង​ក្របខ័ណ្ឌ​ទី​ផ្សារសេរី​នេះ ក៏ត្រូវ​ពឹងផ្អែក​ជា​ចម្បង​លើ​សមត្ថភាព​របស់​ប្រជាពលរដ្ឋ​យើង​ផ្ទាល់ ជាពិសេស​ការខិតខំ​ប្រឹង​ប្រែង​តស៊ូ​ដើម្បី​ទទួលបាន​នូវ​ឱកាស​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ក្នុង​បរិបទ​នៃ​ចរន្ត​សាកលភាវូបនីយកម្ម​ស​ព្វ​ថ្ងៃនេះ​។

ការ​ថ្លែង​នេះ នៅក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ជូន​ដល់​និស្សិត​ជ័យលាភី ចំនួន ១,២៣៣​រូប នៅ​សាកលវិទ្យាល័យ​គ្រប់គ្រង និង​សេដ្ឋកិច្ច (UME) សាខា​ខេត្តបន្ទាយមានជ័យ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ​២០១៩​។​

ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់ថា ការរីកចម្រើន​លើ​គ្រប់​វិស័យ​របស់​ប្រទេសជាតិ ការ​ទ្រទ្រង់​និរន្តរភាព​ នៃ​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ទាំង​ក្នុងពេល​បច្ចុប្បន្ន​ចំពោះមុខ និង​ទៅ​អនាគត គឺ​អាស្រ័យ​លើ​ការអភិវឌ្ឍ​ធនធានមនុស្ស​ជា​កត្តា​អាទិភាព​ចាំបាច់ ដែល​ត្រូវ​យកចិត្តទុកដាក់​បន្ត​កែទម្រង់​ទៅមុខ ដើម្បី​ធានាបាន​នូវ​ធនធានមនុស្ស​ប្រកបដោយ​គុណភាព និង​សមត្ថភាព​ជំនាញ សម្រាប់​បម្រើ​សង្គមជាតិ និង​ទីផ្សារការងារ ពីព្រោះ​សេដ្ឋកិច្ច ដែល​ដំណើរការ​បានល្អ គឺ​សេដ្ឋកិច្ច​ដែលមាន​ការបណ្តុះបណ្តាល​, ការប្រើប្រាស់ និង​ការគ្រប់គ្រង​នូវ​មូលធន​បញ្ញា​ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។

ក្នុងន័យនេះ រាជរដ្ឋាភិបាល​កម្ពុជា​បានចាត់ទុក​ការអភិវឌ្ឍ​ធនធានមនុស្ស គឺជា​អាទិភាព​ទី​១ ហើយ​តែងតែបាន​ខិតខំ​ដោះស្រាយ រាល់​បញ្ហា និង​សំណូមពរ​ទាំងឡាយ ដើម្បី​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា បង្កើត​ធនធានមនុស្ស និង​មូលធន​បញ្ញា​ប្រកបដោយ​គុណភាព សមត្ថភាព ស្របតាម​និន្នាការ​រីកចម្រើន​និង​បទដ្ឋាន​អប់រំ​នៅក្នុង​តំបន់​និង​ពិភពលោក​។​

ឯកឧត្ដម ​បាន​បន្តថា នៅក្នុង​ការវាយតម្លៃ​លើ​កម្រិត​នៃ​វិស័យ​អប់រំ យើង​អាច​ប្រើប្រាស់​ការវាស់វែង​ជាច្រើន ជាពិសេស​តាមរយៈ​ការពិនិត្យ​លើ​គុណភាព​ធនធានមនុស្ស ហើយ​គុណភាព​ធនធានមនុស្ស​នេះ​អាច​ឆ្លុះបញ្ចាំង​តាមរយៈ​សមត្ថភាព និង​លទ្ធផល​ការងារ​របស់​ប្រជាពលរដ្ឋ​យើង​។ ជាក់ស្ដែង ទោះបី​យើង​ធ្លាប់​ទទួលរង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​សង្គ្រាម ធ្វើឱ្យ​អតីតកាល​របស់​យើង​ជួបប្រទះ​នូវ​ភាពអន់ថយ ប៉ុន្តែ​បច្ចុប្បន្ននេះ យើង​មានការ​រីកចម្រើន​លឿន ជាពិសេស​កំណើនសេដ្ឋកិច្ច​ខ្ពស់ ដែល​ជាប់​ឯក​ត្ត​កម្ម​ក្នុងចំណោម​ប្រទេស​ទាំង ១០ លើ​ពិភពលោក​។

ភាពជោគជ័យ​នេះ កើតឡើង​ដោយសារ​ទស្សនៈ​, សមត្ថភាព និង​ស្នាដៃ​ការងារ​របស់​កូន​ខ្មែរ ទាំង​នៅក្នុង​ជួរ​រាជរដ្ឋាភិបាល​, មុខងារសាធារណៈ​, វិស័យ​ឯកជន និង​សង្គម​ស៊ីវិល​។ ទាំងនេះ ជា​សក្ខីភាព​ពិត​ជាក់ស្តែង​នៃ​កម្រិត​គុណភាព​នៃ​វិស័យ​អប់រំ​របស់​យើង ជា​មោទនភាព​នៃ​ធនធានមនុស្ស​ខ្មែរ ដែល​បណ្តុះបណ្តាល​ដោយ​ប្រព័ន្ធ​អប់រំ​ខ្មែរ និង​ដោយមាន​ការចូលរួម​ជួយ​មួយផ្នែក​ផងដែរ​ពី​សំណាក់​ប្រទេស​ជា​ដៃគូ​មួយចំនួន​។

ថ្នាល​នៃ​ធនធានមនុស្ស​នេះ ក៏​ត្រូវបាន​បំពេញបន្ថែម​ដោយ​ការអប់រំ​ផ្នែក​ពុទ្ធចក្រ ធ្វើឱ្យមាន​ធនធានមនុស្ស​ក្នុង​មួយឆ្នាំៗ ដែល​ចូលរួម​បម្រើ​សង្គមជាតិ កាន់តែ​ប្រកបដោយ​គុណភាព មាន​សមត្ថភាព​ចំណេះដឹង សមត្ថភាព​គុណធម៌ និង​សមត្ថភាព​សីលធម៌​។ ខ្មែរ​ទាំងអស់​រួបរួម​គ្នា នឹង​ធ្វើឱ្យ​ប្រទេស​យើង​កាន់តែ​មានការ​រីកចម្រើន​។

ឯកឧត្ដម ​ហ៊ុន ម៉ា​ណែ​ត បាន​លើកឡើងថា បរិយាកាស​គ្របដណ្តប់​ថ្មី​នៅក្នុង​ការងារ​កែទម្រង់​វិស័យ​អប់រំ​របស់​រាជរដ្ឋាភិបាល គឺ​ដើម្បី​បង្កើត​នូវ​ក្តីសង្ឃឹម និង​កាលានុវត្តនភាព​ថ្មី​សម្រាប់​ប្រជាជន​កម្ពុជា ជាពិសេស​ស្រទាប់​យុវជន ដែលជា​កម្លាំង​បន្តវេន​នៅក្នុង​ការដ្ឋាន​នៃ​ការកសាង និង​អភិវឌ្ឍ​កម្ពុជា ក៏ដូចជា​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការធ្វើសមាហរណកម្ម​ទៅក្នុង​សហគមន៍​អាស៊ាន​២០១៥ ហើយក៏​កំពុង​បន្ត​ជាមួយនឹង​ចក្ខុវិស័យ​សហគមន៍​អាស៊ាន​ឆ្នាំ​២០២៥ សំដៅ​ធ្វើយ៉ាងណា​ឱ្យ​និស្សិត ដែល​បាន​បញ្ចប់​ការសិក្សា​អាច​នឹងមាន​ចំណេះដឹង​ស្របតាម​ស្តង់ដារ​មួយ​សមស្រប ព្រមទាំង​អាច​ប្រកួតប្រជែង​នៅលើ​ទីផ្សារការងារ​ក្នុង​តំបន់ និង​លើ​សាកលលោក និង​អាច​ក្លាយជា​កម្លាំង​ស្នូល​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​ប្រទេសជាតិ​៕