កែវ សុខ​ផេង ប្ដេជ្ញា​ធ្វើ​ឲ្យ​បាន​ល្អ​ប៉ះ U22 មី​យ៉ាន់​ម៉ា​រសៀល​នេះក្រោយ​មានការ​គាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​

1786

បាល់ទាត់៖ កីឡាករ​ជួរមុខ​របស់​ក្រុម​ជម្រើស​ជាតិ U22 កម្ពុជា កែវ សុខ​ផេង បាន​ប្ដេជ្ញា​ចិត្តនឹង​សហការ​ជាមួយ​មិត្ត​រួម​ក្រុម​នឹង​ធ្វើ​ឲ្យ​បាន​ល្អ​បំផុត ដើម្បី​ដណ្ដើម​លទ្ធផល​ល្អ​ជូន​ជាតិ​ក្នុង​ជំនួប​ដណ្ដើម​មេដាយ​សំរឹទ្ធ ជាមួយ​ក្រុម​ជម្រើស​ជាតិ U22 មី​យ៉ាន់​ម៉ា​នា​វេលា​ម៉ោង ៣​រសៀល​នេះ​ (​ម៉ោង​នៅ​កម្ពុជា​) ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០ នៅ​ទីក្រុង​ម៉ានីល​ប្រទេស​ហ្វីលីពីន។

គួរ​ដឹង​ថា ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ​នេះ កែវ សុខ​ផេង ត្រូវ​បាន​អ្នកគាំទ្រ​មួយ​ចំនួន​តូច ធ្វើការ​រិះគន់​រូបគេក្រោយ​ទាត់​បាល់​ប៉េ​ណា​ល់​ទី​មិនបាន​សម្រេច ក្នុង​ជំនួប​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជាមួយ​ក្រុម U22 វៀតណាម​កាលពី​ថ្មីៗ។ បន្ទាប់មក​គេ​ឃើញ​មាន​អ្នកគាំទ្រ​ភ្លូក​ទឹក​ភ្លូក​ដី​នាំគ្នា​ផ្ញើ​សារ​គាំទ្រ និង​លើក​ទឹក​ចិត្ដ​កីឡាករ​ឆ្នើម​រូប​នេះ​ដោយ​ជំរុញ សុខ​ផេង ត្រូវ​បន្ដ​ដំណើរ​ជាមួយ​ក្រុម​គោព្រៃ​កម្ពុជា មិន​ត្រូវ​បោះបង់​ក្ដី​ស្រ​ម៉ៃ​ឡើយ។ ​ឆ្លើយតប​ជាមួយ​សារ​លើកទឹកចិត្ត​ដ៏​ច្រើន​លើ​បណ្ដាញ​សង្គម កែវ សុខ​ផេង បាន​ថ្លែងអំណរគុណ និង​បាន​ចាត់​ទុក​នេះ គឺជា​ការ​ផ្ដល់​កម្លាំងចិត្ត​ដល់​ដ៏​សំខាន់ ក្នុង​ស្មារតី​មហា​គ្រួសារ​កីឡា​ខ្មែរ ដែល​ជំរុញ​ឲ្យ​រូបគេ​កាន់តែ​ខំ​ប្រឹង​ប្រែង និង​លត់​ដំ​ខ្លួន​បន្ថែម​ទៀត​ភាព​រីកចម្រើន​នា​ថ្ងៃ​អនាគត។ មិនតែប៉ុណ្ណោះ សុខ​ផេង បាន​ប្ដេជ្ញា​ចិត្តនឹង​សហការ​ជាមួយ​មិត្តភាព​ក្រុម ដើម្បី​តតាំង​ជាមួយ​មី​យ៉ាន់​ម៉ា និង​ដណ្ដើម​លទ្ធផល​ល្អ​ជូន​ជាតិនា​រសៀល​នេះ​ទៀត​ផង។

គួរ​បញ្ជាក់​ថា ការប្រកួត​រសៀល​នេះគឺជា​ជំនួប​ដ៏​សំខាន់​របស់​ក្រុម​គោព្រៃ​កម្ពុជា ដោយ​ត្រូវការ​ឈ្នះ​ដាច់ខាត​ដើម្បី​សាង​ប្រវត្តិសាស្ត្រ​ថ្មី ដណ្ដើមយក​មេដាយ​សំរឹទ្ធ​លើកដំបូង បន្ទាប់ពី​បំបែក​កំណត់ត្រា ៦០​ឆ្នាំ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​លើកដំបូង​កាលពី​ថ្មីៗ។ មិនតែប៉ុណ្ណោះគោព្រៃ​កម្ពុជាត្រូវការ​ជម្រះ​បញ្ជី​ក្រុម U22 មី​យ៉ាន់​ម៉ាបន្ទាប់ពី​ក្រុម​រង​បរាជ័យ ២១ កាលពី​ជួប​គ្នា​ក្នុង​ពូ​ល A ផង​ដែរ៕

អត្ថបទ៖ លី ឈុន​ឡា