សាលាបាយ​ ផ្ដល់​អាទិភាព​សិក្សា​ដោយឥតថ្លៃដល់សិស្សនារីក្រីក្រ

713

សៀមរាប ៖ រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ចាប់អារម្មណ៍ និងវាយតម្លៃខ្ពស់ ចំពោះសកម្មភាព​​បណ្តុះបណ្តាល របស់សាលា​សណ្ឋាគារ ​និង​ភោជនីយដ្ឋាន​ ដែល​មាន​ឈ្មោះថា ​សាលាបាយ ​នៅ​ក្រុងសៀមរាប ​បណ្តុះបណ្តាលជំ នាញសម្រាប់តែសិស្សក្រីក្រ និងឥតគិតថ្លៃ ហើយ៧០ភាគរយ ជា​អទិភាពសម្រាប់សិស្សនារី។

នៅក្នុងដំណើរទស្សនកិច្ចស្វែងយល់អំពីស្រ្តីក្នុងសហគមន៍ទេសចរណ៍ ចំនួន៤គោលដៅ នៅខេត្ត សៀមរាប កាលពីម្សិលមិញ ​របស់លោកជំទាវ អ៊ឹង កន្ថាថាវី រដ្ឋមន្រ្តី ក្រសួងកិច្ចការនារី សាលាសណ្ឋាគារ​ និងភោជនីយដ្ឋាន ដែលមានឈ្មោះថា​ សាលាបាយ ​គឺជាជ្រុងមួយ នៃ​ដំណើរ​ទស្សនកិច្ចនោះ ដែលលោក ជំទាវរដ្ឋមន្រ្តី បានលើកឡើងថា វាពិតជាទាក់ទាញឲ្យ​​មានការចាប់​​អារម្មណ៍ប្រាកដមែន​ សាលាសណ្ឋាគារ និងភោជនីយដ្ឋាន ​(សាលាបាយ) បណ្តុះបណ្តាល​​ជំនាញ​ដល់សិស្សដោយឥតគិតថ្លៃ ថែមទាំងបានធានា ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ មាន​អន្តេវាសិកដ្ឋាន​​ស្នាក់​នៅ ​បន្ថែមដោយប្រាក់ប្រចាំខែដល់សិស្ស ហើយអ្វីដែល គួរកត់​សម្គាល់​បន្ថែមនោះ គឺសាលានេះ ជ្រើសរើសយកតែសិស្សក្រីក្រ។

សាលាសណ្ឋាគារ និងភោជនីយដ្ឋាន (សាលាបាយ) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៨ ដោយអង្គការបារាំង​ ដើម្បីជួយកម្ពុជា (Agir Pour le Cambodde) និងចាប់ផ្តើមដំណើរការបណ្តុះ បណ្តាល​សិស្ស នៅក្នុងឆ្នាំ២០០២ លើមុខជំនាញចំនួន៥ គឺជំនាញការិយាល័យជួរមុខ គេហកិច្ច ចុងភៅ សេវា​កម្មម្ហូបអាហារ​ និងភេសជ្ជៈ និងថែទាំសម្ផស្ស។ បេសកកម្ម និងចក្ខុវិស័យ សាលាបាយ គឺធ្វើយ៉ាង ណាប្រមូលយុវជនយុវនារី ​រស់នៅមូលដ្ឋានជនបទ​ និងយុវជនយុវនារី ដែលរស់នៅ​​ក្នុងគ្រួសារក្រីក្រ ឲ្យ មក​ទទួលយកនូវការបណ្តុះបណ្តាល​ជំនាញជាក់លាក់មួយ ដើម្បីជាទុនក្នុងការ​​ស្វែងរកការងារធ្វើ ក្នុងវិស័យបដិសណ្ឋារកិច្ច ​និងទេសចរណ៍​ ដែលអាចជួយទ្រទ្រង់ជីវភាពគ្រួសារ ហើយចៀសវាងការធ្វើចំណាក ​ស្រុកទៅរកការងារធ្វើនៅក្រៅប្រទេសដោយខុសច្បាប់។

នាយកសាលាបាយ បានបញ្ជាក់ថា ​កាលពីប៉ុន្មានឆ្នាំមុន សាលាមានផែនការជ្រើសរើសសិស្ស ក្រីក្រ ក្នុងមួយឆ្នាំ​ ចំនួន១០០នាក់ ​ចាប់ពីអាយុ១៧ ដល់២៣ឆ្នាំ ​តែប៉ុន្មានឆ្នាំចុងក្រោយនេះ សាលា​ពង្រីក បានទីតាំងធំទូលាយ ហើយបន្ថែមការជ្រើរើសសិស្ស ក្នុងមួយឆ្នាំ ​១៥០នាក់ ដែលការ​​បណ្តុះបណ្តាលនេះ ​មានរយៈពេលមួយឆ្នាំ។​ ក្នុងរយៈពេល នៃការសិក្សានេះ សាលាធានាការ​​ចំណាយ​ និងផ្គត់ផ្គង់ដល់សិស្ស គិតជាមធ្យម​ ក្នុងសិស្សម្នាក់ ​ប្រហែលជា៤ពាន់៣០០ដុល្លារ៕