ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង ​ជំរុញឱ្យ​រដ្ឋបាលខេត្ត ​ដោះស្រាយ​កង្វល់​ពលរដ្ឋ​ក្នុងស្រុក​សៀម​បូក​

161

ស្ទឹងត្រែង ៖ ​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ខេត្តស្ទឹងត្រែង បាន​ជំរុញ​ឱ្យ​រដ្ឋ​បាន​ខេត្ត និង​ស្ថាប័ន​ពាក់ព័ន្ធ ពិនិត្យ និង​ដោះស្រាយ​ករណី​ ស្នើឡើង​របស់​ប្រជាពលរដ្ឋ ​នៅតាម​មូលដ្ឋាន​ ដែល​ពួកគេ ត្រូវការ​ឈើ​ធ្វើ​ផ្ទះ ​ហើយ​ស្វែងរក ​ការ​អន្តរាគមន៍​ពី​អាជ្ញាធរ​។

ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្ត នៅ​ស្រុក​សៀម​បូក​ ខេត្តស្ទឹងត្រែង ​កាល ពី​ពេល​ថ្មីៗ​នេះ ឯកឧត្តម ឈាង ឡាក់ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ថ្លែងថា ​ប្រជាពលរដ្ឋ​មួយ​ចំនួន ពិតជា ពុំ​មាន​លទ្ធភាព​ក្នុងការ​រៀបចំ​សង្គម​គ្រួសារ​ ឱ្យ​ល្អប្រសើរ​បានឡើយ ​ដោយ​ពួកគេ​ខ្វះ​ដីធ្លី ខ្លះទៀត​ត្រូវការ ឈើ​ធ្វើ​ផ្ទះ​។

ឯកឧត្តម បាន​បញ្ជាក់ថា ករណីនេះ ពលរដ្ឋ បានស្នើ​សុំ​ក្នុង​វេទិកា​ថ្នាក់​ខេត្ត គ្រប់​ក្រុង​ស្រុក ឱ្យមាន ការជួយ​ដោះស្រាយ ដើម្បី​បំពេញ​សេចក្តីត្រូវការ​ក្នុងការ​រស់នៅ ដូចនេះ អាជ្ញាធរ ​ត្រូវ​រួមគ្នា​ដោះស្រាយ ​បញ្ហា​ប្រឈម​នេះ ជូន​ពួកគេ ទៅតាម​ស្ថានភាព​ជាក់ស្តែង​។

លោក ម៉ែន សុខ​ខេន មេភូមិ​កោះ​ព្រះ ស្រុក​សៀម​បូក បាន​លើកឡើងថា បញ្ហា​នេះ ប្រជាពលរដ្ឋ នៅ​ឃុំ​កោះ​ព្រះ មាន​កូនចៅ​រៀបការ ហើយ​បាន​បំបែក​គ្រួសារ ព្រោះតែ​សមាជិក​មានការ​កើន​ឡើង ពួកគេ ចង់បាន​ផ្ទះសម្បែង​នៅ​ដាច់ដោយឡែក​ពីគ្នា​។ ​អាជ្ញាធរ​ភូមិ ឃុំ ​គ្មាន​លទ្ធភាព​ជួយ​ដោះ​ស្រាយ​រឿង​ដីធ្លី ផ្ទះ សម្បែង​ជូន​ពួកគេ​បានទេ​ ព្រោះ​នៅតាម​មូលដ្ឋាន​នីមួយៗ មន្ត្រី​បរិស្ថាន បាន​ហាមឃាត់​គ្រប់យ៉ាង​។

លោក ញែ​ម សារី អភិបាលរង​ខេត្តស្ទឹងត្រែង បាន​ទទួលយក​ការ​ស្នើ​ឡើង​នេះ ដើម្បី​យក​ទៅ​ដោះ ស្រាយ តែ​ក៏​តម្រូវ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន សហការ​ជាមួយ​ផ្នែក​ជំនាញ ​ចុះ​ធ្វើបញ្ជី​បច្ចុប្បន្នភាព ទៅតាម​ស្ថាន ភាព​គ្រួសារ​នីមួយៗ ​ឱ្យបាន​ច្បាស់លាស់ និង​ធ្វើការ​សុំច្បាប់​។

ប្រជាពលរដ្ឋ​ឃុំ​អូរ​ម្រះ បាន​គាំទ្រ​ចំពោះ​គោលការណ៍​នេះ ព្រោះ​ប្រជាពលរដ្ឋ ​តែងតែ​សង្ឃឹម​ទៅ​ លើ​អាជ្ញាធរខេត្ត ​ជា​ម៉ែឪ​ ក្នុង​ការជួយ​ដោះស្រាយ​បញ្ហា​សព្វ​យ៉ាង ​ទាំង​ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធ​ទឹកស្អាត ផ្លូវ ស្ពាន ដីធ្លី ដែល​ជា​តម្រូវ​ការចាំបាច់​បម្រើឱ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​៕