កម្ពុជា​ត្រូវការ​ថវិកា​ជាង​៣០០​លាន​ដុល្លារ​ដើម្បី​បញ្ចប់​បេសកម្ម​គ្មាន​មីន​ឆ្នាំ​២០២៥

279

ភ្នំពេញ៖ អាជ្ញាធរ​មីន​ បាន​លើក​ឡើង​ថា កម្ពុជា​ត្រូវការ​ថវិកា​ជាង ៣០០ លាន​ដុល្លារ ដើម្បី​សំអាត​មីន​ឱ្យ​អស់ពី​កម្ពុជា​ត្រឹម​ឆ្នាំ ២០២៥​ខាងមុខ​។​

ឯកឧត្ដម ទេសរដ្ឋមន្ត្រី លី ធុច អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បាន​លើកឡើង​ក្នុងឱកាស កិច្ចប្រជុំ​ក្រុមការងារ​បច្ចេកទេស​ចម្រុះ​រាជរដ្ឋាភិបាល ដៃគូ​អភិវឌ្ឍន៍​លើ​វិស័យ​មីន នា​ព្រឹក​ថ្ងៃទី ១២​ខែធ្នូ​ឆ្នាំ ២០១៩​នេះ ថា កម្ពុជា​ត្រូវការ​ដៃគូ​អភិវឌ្ឍន៍​ជា​ចាំបាច់​ក្នុង​ការ​ផ្ដល់ជំនួយ​ជួយ​ដល់​ការសំអាត​មីន​ឱ្យ​អស់ពី​កម្ពុជា​នៅ​ឆ្នាំ ២០២៥​។

ភាពចាំបាច់​ដោយសារ​ក​ម្ពុ​ជា​ត្រូវការ ទាំង​ធនធានមនុស្ស និង​ធនធាន​ថវិការ​ជាង ៣០០​លាន​ដុល្លារ ដើម្បី​សម្រេចបាន​នូវ គោលដៅ​មួយ​នេះ ផ្ដល់ជូន​សុវត្ថិភាព និង​បង្កើន​សេដ្ឋកិច្ច​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​

ឯកឧត្តម ទេសរដ្ឋមន្ត្រី​បានលើកឡើង​បន្តថា បច្ចុប្បន្ន​កម្ពុ​ជាមាន​ប្រតិបត្តិ​ករ​បោ​សម្អាត​មីន​ទាំង​ជាតិ និង​អន្តរជាតិ​ចំនួន​ជាង ២៥០០​នាក់ ហើយនឹង​មានការ​ចូល​រួម​ពី​កង​យុទ្ធ​ពល​ខេមរភូមិន្ទ​ក្នុងការ​បោសសម្អាត​មីន​ផងដែរ​។

តាមរយៈ​កិច្ចប្រជុំ​នា​ព្រឹក​នេះ ក៏​ឃើញ​ផងដែរ​ថា តំណាង​ស្ថានទូត​ជាច្រើន​ដែល​បាន​ចូលរួម បានបង្ហាញ​មោទនភាព​ចំពោះ​សមិទ្ធផល​ដែល​កម្ពុជា​សម្រេចបាន​ក្នុងការ​បោសសម្អាត​មីន ហើយ​ក៏បាន​សន្យា​បន្ត​គាំទ្រ និង​ជួយ​កម្ពុជា ដើម្បី​សម្រេចបាន​គោលដៅ​ឆ្នាំ ២០២៥​ផងដែរ​។

លោក Nick Beresford តំណាង UNDP បាន​បញ្ជាក់ថា UNDP នឹង​នៅតែ​បន្ត​គាំទ្រ និង​ស្វែងរក​ដៃគូ​ជំនួយ​បន្ថែម​ដើម្បី​ជួយ​ដល់​កម្ពុជា​។​

ក្នុង​កិច្ចប្រជុំ​ដដែល ឯកឧត្តម ព្រំ សុភមង្គល អគ្គលេខាធិការ អាជ្ញាធរ​មីន បាន​លើកឡើងថា គិត​ត្រឹម​ឆ្នាំ ១៩៩២ មកដល់​ខែ វិច្ឆិកា​ឆ្នាំ ២០១៩​នេះ កម្ពុជា​បាន​សម្អាត​មីន​លើ​ផ្ទៃដី​ចំនួន ១៩២០ គីឡូម៉ែត្រ​ការ៉េ និង​កម្ទេចចោល គ្រាប់​ផ្ទុំ​គ្រប់​ប្រភេទ​ចំនួន​ជិត ៤​លាន​គ្រាប់ និង​ផ្ដល់​សារៈប្រយោជន៍ និង​សុវត្ថិភាព​ដល់​ប្រជាពលរដ្ឋ​ជាង ៥​លាន ៤​សែន​នាក់​៕