WFP៖ ត្រូវ​ការ​ទឹក​ប្រាក់​ ១០០​លាន​ដុល្លារ​អាមេរិក​ដើម្បី​​បញ្ចៀស​គ្រោះ​ទុរភិក្ស​​ដោយ​សារ​​ទឹក​ជំនន់​​នៅ​ស៊ូដង់​ខាង​ត្បូង​

294

ស៊ូដង់​​ខាង​ត្បូង៖ អង្គការ​​កម្ម​វិធី​ស្បៀង​អាហារ​​ពិភពលោក ​របស់​អង្គការ​សហប្រជាជាតិ​​បាន​និយាយ​ថា ​ទឹក​ប្រាក់​ចំនួន ១០០​លាន​ដុល្លារ​អាមេរិក​​កំពុង​​ត្រូវ​ការ​​ជា​បន្ទាន់​ ក្នុង​ពេល​បួន​ប្រាំ​សប្ដាហ៍​​ក្រោយ​នេះ​​នៅ​ក្នុង​ប្រទេស​ស៊ូដង់​ខាង​ត្បូង​ ​ដើម្បី​បញ្ចៀស​​កត្តា​​បំផ្លិច​បំផ្លាញ​ដោយ​ទឹក​​ជំនន់។

អង្គការ​​នេះ​បាន​​បញ្ចេញ​​វីដេអូ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​​ បង្ហាញ​ពី​ភូមិ​ជា​ច្រើន​​ត្រូវ​ទឹក​លិច​ ហើយ​ពលរដ្ឋ​បាន​ព្យា​យាម​​ដើរ​កាត់​តាម​​ផ្លូវ​​ទឹក​។ ​នាយក​ប្រតិបត្តិ​របស់​អង្គការ WFP លោក ដាវីត ប៊ីសលេ បាន​បង្ហាញ​​ខ្លួន​នៅ​ក្នុង​វីដេអូ​​ដើម្បី​អំពាវនាវ​ ​រក​ការ​បរិច្ចាគ​​សប្បុរសធម៌​​សម្រាប់​ប្រទេស​អាហ្វ្រិក​មួយ​នេះ ដោយ​និយាយ​ថា ​ប្រទេស​ស៊ូដង់​ខាង​ត្បូង​​កំពុង​ប្រឈម​​ នឹង​គ្រោះ​ទុរភិក្ស​​នៅ​ប៉ុន្មាន​ខែ​​ខាង​មុខ​នេះ។ ​លោក​បាន​​បន្ថែម​ថា រឿង​នេះ​ផ្តោត​ទៅ​លើ​ក្មេង​ប្រុស​ក្មេង​ស្រី​តូច​ៗ និង​ក្រុម​គ្រួសារ​​ជា​ច្រើន​​​ដែល​យើង​ត្រូវ​​ការ​សង្គ្រោះ។

WFP បាន​ផ្តល់​​ស្បៀង​អាហារ​​រួច​ហើយ​ ​ទៅ​ដល់​មនុស្ស​នៅ​ក្នុង​តំបន់​មួយ​ចំនួន​ដូច​ជា​​តំបន់​ថាគើ ដែល​នៅ​ទី​នោះ​​អង្គការ​កំពុង​ផ្តល់​អាហារ​​ក្នុង​ប្រអប់​ឲ្យ​ពួក​គេ​, ប្រេង​ឆា និង​អំបិល​ទៅ​ឲ្យ​​គ្រួសារ​ជា​ច្រើន​ និង​ការ​ជួយ​ដោយ​អាហារូបត្ថម្ភ​​ពិសេស​​ទៅ​ឲ្យ​ស្ត្រី​​មាន​គភ៌ និង​ក្រុម​ម្តាយ​​បំបៅ​កូន និង​កុមារ​តូច។ ​ប៉ុន្តែ​ទឹក​ជំនន់​​កាល​ពី​បី​បួន​សប្ដាហ៍​​មុន បាន​​ធ្វើ​ឲ្យ​មនុស្ស​ស្ថិត​ក្នុង​​គ្រោះ​ថ្នាក់​ ខណៈ​ស៊ូដង់​ខាង​ត្បូង​​កំពុង​ងើប​ឡើង​វិញ​ ​ពី​សង្គ្រាម​​ស៊ីវិល​រយៈ​ពេល​ ៥ឆ្នាំ​ដែល​បាន​សម្លាប់​មនុស្ស​ជិត​ ៤សែន​នាក់៕​

អត្ថបទ៖ រិទ្ធី