មនុស្ស​ ៣​ស្លាប់​​ក្នុងការ​រញ្ជួយ​ដី​​កម្រិត​ ៦.៨​រ៉ិច​ទ័រ​នៅ​​ប្រទេស​ហ្វីលីពីន​ភាគ​ខាង​ត្បូង​

192

ហ្វីលីពីន៖ ការ​រញ្ជួយ​ដី​​ដ៏​ខ្លាំង​មួយ​បាន​​អង្រួន​​ប្រទេស​ហ្វីលីពីន ​ភាគ​ខាង​ត្បូង​​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​​ហោច​ណាស់ ៣នាក់​ និង​ ៣១​នាក់​​ផ្សេង​ទៀត​រង​របួស​ ខណៈ​អគារ​មួយ​​​កន្លែង​មាន​​កម្ពស់ ៣ជាន់​​​បាន​បាក់​រលំ​ និង​ចាប់ផ្ដើម​ស្វែង​រក​​មនុស្ស​ដែល​គេ​បារម្ភ​ថា​ បាន​នឹង​​កំពុង​ជាប់​​នៅ​ខាង​ក្នុង​អគារ​នេះ​ នេះ​បើ​យោង​តាម​​ការ​ឲ្យ​ដឹង​ពី​ក្រុម​មន្ត្រី។

គ្រោះ​រញ្ជួយ​ដី​​មាន​កម្រិត ៦.៨រ៉ិចទ័រ​បាន​វាយប្រហារ​​​ក្នុង​តំបន់​មួយ​​នៅ​ចម្ងាយ​​ប្រហែល ៦គីឡូម៉ែត្រ​​ភាគ​ពាយ័ព្យ​​នៃ​ទីក្រុង​​បាដាដា​ក្នុង​ខេត្ត​​ដាវ៉ាវឌែលសួ​​មាន​ជម្រៅ​ ៣០គីឡូម៉ែត្រ​​ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​​ពី​វិទ្យាស្ថាន​ភ្នំភ្លើង​​ និង​គ្រោះ​រញ្ជួយ​ដី​របស់​​ប្រទេស​ហ្វីលីពីន។ តំបន់​មួយ​នេះ​ត្រូវ​បាន​​រង​គ្រោះ​​ដោយ​ការ​រញ្ជួយ​ដី​​ ដ៏​មាន​​ឥទ្ធិពល​​ជា​បន្ត​បន្ទាប់​​អស់​រយៈ​ពេល​​ជាច្រើន​ខែ​ថ្មី​ៗ​នេះ។

អភិបាល​ខេត្ត​​ដាវ៉ាវឌែលសួ​​​ លោក ឌូក្លាស កាហ្កាស បាន​និយាយ​ថា ​អគារ​ស្នាក់​នៅ​​​កម្ពស់​ ៣ជាន់​​មួយ​ខ្នង​​ និង​ហាង​​លក់​គ្រឿង​​ទេស​មួយ​កន្លែង​​បាន​បាក់​រលំ​ ​នៅ​ក្នុង​ទី​ប្រជុំ​ជន​​បាដាដាអំឡុង​ពេល​​រញ្ជួយ​ដី​​នោះ ដែល​ធ្វើ​ឲ្យ​ជាប់​មនុស្ស​​មួយ​ចំនួន​​នៅ​ខាង​ក្នុង​ ដែល​ពុំ​បាន​ដឹង​ច្បាស់​​ពី​ចំនួន​ពិត​ប្រាកដ។ កិច្ច​ប្រឹង​ប្រែង​ស្វែង​រក​ និង​សង្គ្រោះ​​កំពុង​ធ្វើ​បន្ត​ លោក​បាន​​ប្រាប់​ដល់​ភ្នាក់ងារ​​បណ្ដាញ​​វិទ្យុ​ផ្សាយ​​សំឡេង DZMM ដោយ​បាន​​ថ្លែង​ថា មនុស្ស​មួយ​ចំនួន​​ត្រូវ​បាន​រង​របួស​នៅ​ក្នុង​ខេត្ត​របស់​លោក​ នៅ​មិន​ទាន់​ដឹង​ច្បាស់​​​នៅ​ឡើយ​ទេ៕​​​​

អត្ថបទ៖ រិទ្ធី