ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​ថ្មី​ថា ​នឹង​ជួយ​ឲ្យ​កីឡា​នេះ​កាន់​តែ​រីក​ចម្រើន​

86

វ៉ូ​វី​ណា​ម៖ ក្រោយពី​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​មពីមុនគឺ​លោក​ឧកញ៉ា រ័ត្ន សា​ខន បាន​លាឈប់​ពី​ដំណែង​កាល​​ពី​ពេល​ថ្មីៗ សមាជិក​ប្រតិបត្តិ​សហព័ន្ធបានសម្រេច​ធ្វើ​សន្និបាត​វិសាមញ្ញ បោះឆ្នោត​ជ្រើសរើស​ប្រធាន​ថ្មី ខណៈ​ដែល​ឯកឧត្ដម ស៊ូ​ម សារឿន ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​ច្រើន​លើសលប់ ដើម្បី​ក្លាយ​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​អាណត្តិ ២០១៧២០២១ ដោយមាន​ការអញ្ជើញ​ចូលរួម​ជា​សាក្សី​ពី ឯកឧត្ដម ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

បន្ទាប់ពី​ប្រកាស​លទ្ធផល​ជា​ផ្លូវការ ឯកឧត្ដម ស៊ូ​ម សារឿន បាន​ប្ដេជ្ញា​ថា នឹង​រិះរក​គ្រប់​មធ្យោបាយដើម្បី​ជួយ​ជំរុញ​ឲ្យ​វិស័យ​កីឡា​មួយ​នេះ​ ឲ្យ​កាន់តែរីកចម្រើន​បន្ថែម​ទៀត​។​ គួរ​បញ្ជាក់​ថា សម្រាប់​សមាជិក​ប្រតិបត្តិ​ថ្មី​នេះ មាន​ចំនួន​ ១៩​រូបរួមមាន ឯកឧត្ដម ស៊ូ​ម សារឿន ប្រធាន, លោក កែវ ហុក​លី, លោក អ៊ុង សា​រ៉ា​វ៉ាន់, លោក គិ​ន ឆេង​លី, លោក​ ជា ហុង​រី, លោក រស់ មុនិន្ទៈ, លោក ថោង សុខាំ​ភូ ជា​អនុប្រធាន, លោក អ៊ូ រតនា អគ្គលេខាធិការ, លោក ឡុង សុផាត, លោក កោ លី​ឃ​ន, លោក លាង ណា​រិ​ទ្ធ, លោក សយ សុ​វណ្ណា អគ្គលេខាធិការ​រង​។​ លោក កៅ មករា អគ្គហិរញ្ញិក, លោក យ៉ាំ ថៃ​សាន, លោក ម៉េង សៅ​ណេង អគ្គហិរញ្ញិក​រង, លោក ទេព ជីវ​សុខុម, លោក ម៉ិច សីហា, លោកស្រី ប៉ុក ករុណា និង​លោក ស៊ុ ជន​សុ​វណ្ណៈ ជា​សមាជិក​។​

ចំពោះ​ការរៀបចំ​សន្និបាត​វិសាមញ្ញ​នេះឡើង ដោយសារតែ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា សហការ​ជាមួយ​ក្រសួង អប់រំ​កាយ និង​កីឡា ធ្វើជា​ម្ចាស់ផ្ទះ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម ​ជើងឯក​ពិភពលោក​ពិភពលោក​លើក​ទី​៦ “The 6th WVVF World Vovinam Championships 2019” ដែល​នឹង​ប្រព្រឹត្តិ​ចាប់ពី​ថ្ងៃ​ទី​១៦ ដល់​ថ្ងៃ​ទី​២២ ខែ​ធ្នូ ឆ្នាំ​២០១៩៕