សម្តេច​តេ​ជោ ​ថ្លែងថា ​ការធ្វើ​សមយុទ្ធ​ឆ្លងដែន​ជាមួយ​ប្រទេសជិតខាង​គឺជា​រឿង​ចាំបាច់​មួយ

312

ភ្នំពេញ ៖ ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ថ្លែង​ថា​ ការ​ធ្វើ​សមយុទ្ធ​ឆ្លងដែន​ជាមួយ​ប្រទេសជិតខាង ​(​វៀតណាម​)​ នា​ថ្ងៃទី​១៨ ​ខែ ធ្នូ ឆ្នាំ​២០១៩​ ខាងមុខនេះ​ គឺ​ការត្រឹមត្រូវ​បំផុត ​ដើម្បី​ត្រៀមកម្លាំង​សម្រាប់​ជួយសង្គ្រោះ​ប្រជា​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយសារ​គ្រោះ​មហន្តរាយ​ផ្សេងៗ​ ដែល​កើត​ចេញ​ដោយ​យថាហេតុ​ណាមួយ ។

ថ្លែង​នៅក្នុង​ឱកាស អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ប្រគល់​សញ្ញាប័ត្រ​ដល់​និស្សិត​ពេទ្យ ​ជាង​២​ពាន់​នាក់ នៅ​មជ្ឈមណ្ឌល​សន្និបាត​ និង​ពិព័រណ៍​កោះ​ពេជ្រ​ នា​ព្រឹក​ថ្ងៃទី​១៦ ធ្នូ ឆ្នាំ​២០១៩ នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា ​ក្រោម​ការ​ផ្តួចផ្តើម​រប​ស់​ស​ម្តេច​កងទ័ព​កម្ពុ​ជា​និង​ប្រទេសជិតខាង នឹង​ធ្វើ​សមយុទ្ធ​ដើម្បី​សង្គ្រោះ​គ្រោះមហន្តរាយ​រួមគ្នា ក្នុង​គោលបំណង​បង្កើន​សមត្ថភាព​ក្នុងការ​សង្គ្រោះ​ប្រជាពលរដ្ឋ ​ដែល​ជួប​បញ្ហា​គ្រោះ​មហន្តរាយ​ដូចជា​គ្រោះ​ទឹក ជំនន់ ខ្យល់ព្យុះ​និង​គ្រោះធម្មជាតិ​ផ្សេងៗ​ទៀត​។

សមយុទ្ធ​ឆ្លងដែន​ដែលមាន​ឈ្មោះថា​«​សង្គ្រោះ​គ្រោះ​មហន្តរាយ​»​រវាង​កងទ័ព​កម្ពុជា​និង កងទ័ព​វៀតណាម​នេះ​ គឺ​នឹងធ្វើ​ឡើងជា​លើកដំបូង​បំផុត​នៅ​លើ​ទឹកដី​កម្ពុជា ​ដែល​ស្ថិតនៅ​ឃុំ​ទូល​ស្តី ស្រុក​ចន្ទ្រា ខេត្តស្វាយរៀង​ ដែល​ជាប់​នឹង​ព្រំដែន​ខេត្ត​ឡុង​អាន​ប្រទេស​វៀតណាម ​នា​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ​។

តាម​ការ​បញ្ជាក់​ពី​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួងការពារជាតិ និង​ជា​ប្រធាន​គណៈកម្មការ​លំ​ហាត់​ហ្វឹកហ្វឺន​សង្គ្រោះ​គ្រោះមហន្តរាយ​កម្ពុជា​-​វៀតណាម ​នាពេល​កន្លង​ទៅនេះ​ បាន​ឲ្យ​ដឹងថា ​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​ជា ​មួយ​ភាគី​វៀតណាម​នេះ​ គឺ​ដើម្បី​ត្រៀម​កម្លាំង​រួមគ្នា ​ក្នុងការ​ចុះជួយ​ប្រជាពលរដ្ឋ​ដែល​ជាប់​នឹង​ព្រំ ​ដែន​នៃ​ប្រទេស​ទាំងពីរ​ ខណៈដែល​ពួកគេ​ជួប​គ្រោះធម្មជាតិ​ ឬ គ្រោះមហន្តរាយ​ដោយ​យថាហេតុ​ណាមួយ​កើតឡើង​នោះ​។

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ឹង សំផន​ បានបញ្ជាក់​ទៀតថា ​ការធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន ​នេះ​គឺមាន​គោលបំណង​តែមួយគត់​គឺ ​ដើម្បី​ត្រៀ​ម​កម្លាំង​ជួយ​ដល់​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ធម្មជាតិ​ឲ្យ​បាន​ទាន់ពេលវេលា ​មិន​ថា​តាមរយៈ​ផ្លូវអាកាស ផ្លូវគោក ឬ​ផ្លូវទឹក​នោះឡើយ ​ហើយ​ជាងនេះទៅ​​ទៀត​ប្រទេស​នីមួយៗ គឺ​ចាំបាច់​បំផុត​គឺត្រូវធ្វើ​លំ​ហាត់​ហ្វឹកហ្វឺន​សង្គ្រោះ​ គ្រោះមហន្តរាយ​នេះ​ជា​ដាច់​ខាត់​។

សូមបញ្ជាក់ថា ការបើក​សមយុទ្ធ​សង្គ្រោះ​គ្រោះមហន្តរាយ​នាពេលខាងមុខ​នេះ គឺ នឹង ប្រព្រឹត្តទៅ​ក្រោម​អធិបតីភាព​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ​ឧ​ប​នាយ​រដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រ សួង​ការពារ​ជាតិ និង​រដ្ឋមន្ត្រីក្រសួង​ការពារ​ប្រទេស​វៀតណាម រួមទាំង​ថ្នាក់ដឹកនាំ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​នៃ​ប្រទេស​ទាំងពីរ​ផងដែរ​៕