ឯកឧត្ដម ហ៊ុន ម៉ា​នី រំពឹង​កីឡដ្ឋាន​កំពង់ស្ពឺ​នឹង​ជួយ​អភិវឌ្ឍ​បាល់ទាត់ និង​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣

791

បាល់ទាត់៖ ឯកឧត្ដម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​តំណាង​រាស្ត្រ​ប្រចាំ​មណ្ឌល​ខេត្ត​កំពង់ស្ពឺ បាន​បង្ហាញ​សុទិដ្ឋិនិយមចំពោះ​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ នឹង​ក្លាយ​ជា​ផ្នែក​មួយដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាបាល់ទាត់ ក៏ដូចជា​ធនធាន​កីឡាករ​ជម្រើស​ជាតិ​កាន់​តែ​ច្រើន សម្រាប់​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរជាតិ ពិសេស​ដំណើរ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេម​លើក​ទី​៣២ នា​ឆ្នាំ​២០២៣ ដែល​កម្ពុជា​កំពុង​ត្រៀម​ធ្វើ​ម្ចាស់ផ្ទះ​លើកដំបូង។​

ការ​ថ្លែង​បែបនេះស្រប​ពេល​ឯកឧត្ដម អញ្ជើញ​ចូលរួម​ពិធី​បញ្ចុះ​បឋមសិលា​ កសាង​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​ជា​ផ្លូវការកាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែ​ធ្នូ ឆ្នាំ​២០១៩ ហើយក៏​មានការ​ចូលរួម​ពី​ឯកឧត្ដម វី សំណាង អភិបាលខេត្ត​កំពង់ស្ពឺ និង​អាជ្ញាធរ​ពាក់ព័ន្ធ​ជា​ច្រើន​រូប​ទៀត។ ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​គូស​បញ្ជាក់​ថា ការសាងសង់​កីឡដ្ឋាន​ស្តង់ដារ​អន្តរជាតិគឺ​ផ្ដើម​ចេញពី​ស្មារតី​រួមគ្នា និង​មានការ​ចូលរួម​គាំទ្រ​ពី​ដៃគូ​សហការ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ និង​លើកមុខ​មាត់​ខេត្តតាមរយៈ​វិស័យ​កីឡា​នេះ​ផង​ដែរ។​ បន្ថែម​លើ​នេះ​ឯកឧត្ដម ហ៊ុន ម៉ា​នី បាន​សង្កត់​ធ្ងន់​ថា កីឡដ្ឋាន​នេះ​មិន​មែន​ជា​របស់​បុគ្គលិក ឬ​ក្រុម​ហ៊ុន​ណា​នោះ​ទេ គឺជា​របស់​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ង​ទាំងមូល ហើយ​តាមរយៈ​សមិទ្ធផល​ថ្មី​នេះ ឯកឧត្ដម​រំពឹងនឹង​ជំរុញ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ ចូលរួម​លេង​កីឡាដើម្បី​សុខភាព ស្របតាម​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​ក៏ដូចជា​បញ្ចប់​ពាក្យ​ថា ខេត្ត​កំពង់ស្ពឺ​គឺជា​ខេត្ត​ទៅ​ហួស​មក​ហួស​ផង​ដែរ។​

ទន្ទឹម​ជាមួយគ្នា​ផង​ដែរកីឡាករ​ជម្រើស​ជាតិ​កម្ពុជា ២​រូបដែល​ទើប​បញ្ចប់​បេសកកម្ម​ប្រកួត​កីឡា​ស៊ី​ហ្គេមនៅ​ហ្វីលីពីន ហើយ​ជា​កីឡាករ​ចេញពី​ខេត្ត​កំពង់ស្ពឺ​ផ្ទាល់គឺ​កីឡាករ ទេស សម្បត្តិ និង កាន់ ពិសាល បាន​បង្ហាញ​នូវ​មោទនភាព​ក្រៃលែង ដែល​ខេត្ត​កំណើត​របស់​ខ្លួនអាច​មាន​កីឡដ្ឋាន​ស្តង់ដារ​បែបនេះ ហើយ​ពួកគេ​ក៏បាន​ថ្លែង​អំណរគុណ​ឯកឧត្ដម ហ៊ុន ម៉ា​នី ដែល​ជំរុញ​ឲ្យ​កើតមាន​សមិទ្ធផល​ថ្មីៗ​ជាច្រើន រួម​ទាំង​កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​នេះ​ទៀត​ផង។​ គួរ​បញ្ជាក់​ថា កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​នេះគ្រោង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤​ហិតាស្ថិតនៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្ត​កំពង់ស្ពឺ ខណៈ​សាងសង់​រួច​កីឡដ្ឋាន​នេះ នឹង​ក្លាយ​ជា​មូលដ្ឋាន​ហ្វឹកហាត់ និង​ប្រកួត​ផ្លូវការ​របស់​ក្លឹប​ណាហ្គា​វើ​ល ស្រប​ពេលមុន​ចាប់ផ្ដើម​សាងសង់កីឡដ្ឋាន​នេះ​ បាន​ទទួល​ការឧបត្ថម្ភ​ថវិកា ២​លាន​ដុល្លារពី​គម្រោង​ណាហ្គា​វើ​ល​បេះដូង​សប្បុរស។ តាម​គម្រោង​កីឡដ្ឋាន​នេះ​នឹង​សាង​សង់​ស្របតាម​ស្តង់ដារ​អន្តរជាតិ ទាំង​ទីលាន កន្លែង​អង្គុយ ហើយ​មាន​ភ្លើង​បំភ្លឺ​សម្រាប់​ប្រកួត​ពេលយប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួន​ទៀត​ផង៕

អត្ថបទ៖ លី ឈុន​ឡា