​Liverpool បន្ត​កិច្ចសន្យា​រយៈពេល​វែង​ជាមួយ​គ្រូ​បង្វឹក​ Klopp និង​កីឡាករ​ James Milner

165

បាល់ទាត់៖ ក្លិប​​ហង្ស​ក្រហម Liverpool បាន​ប្រកាស​បន្ត​កិច្ចសន្យា​ថ្មី​បន្ថែម​ទៀត ​ជាមួយ​គ្រូ​បង្វឹក​គឺ​លោក Jurgen Klopp ព្រមទាំង​កីឡាករ​លេចធ្លោ James Milner ផង​ដែរ​។​ លោក Jurgen Klopp ត្រូវ​បាន​ក្លិប Liverpool ផ្តល់​ក្តី​ទុកចិត្ត​យ៉ាង​ខ្លាំង ​បន្ទាប់ពី​ដឹកនាំ​ក្រុម​ឈ្នះ​ពាន UEFA Champions League កាលពី​រដូវ​កាល​កន្លងទៅ​ដោយ​បាន​ប​ន្ត​កិច្ចសន្យា​ថ្មី​ ដែល​មាន​សុពលភាព​រហូតដល់​ឆ្នាំ​២០២៤ ​អម​ជាមួយ​ពាក្យ​ចចាម​អារ៉ាម​ថា ​លោក​ក៏​នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ ១៨​លាន​ផោន​នៅ​ Anfield​ ផង​ដែរ​។​

ក្រៅ​តែ​ពី​ការ​បន្ត​កិច្ចសន្យា​របស់​គ្រូ​បង្វឹក​វ័យ​ ៥២​ឆ្នាំ​ខាង​លើ​ជំនួយការ​គ្រូ​បង្វឹក​ទាំងពីរ​ រួមមាន​លោក Peter Krawietz​ និង​លោក​ Pepjin Lijnders​ ក៏​ត្រូវ​បាន​គេ​ដឹង​ថា ​បាន​យល់ព្រម​បន្ត​កិច្ចសន្យា​ថ្មី​ដើម្បី​ធ្វើការ​រួមគ្នា​ជាមួយ Klopp ផង​ដែរ​។​ មិន​ខុសគ្នា​ពី​គ្រូ​បង្វឹក​ឡើយ​កីឡាករ James Milner ក៏​ត្រូវ​បាន Liverpool ប្រកាស​បន្ត​កិច្ចសន្យា​ថ្មី​រហូតដល់​ឆ្នាំ​២០២២ ​ផង​ដែរ​។​ កីឡាករ​ម្ចាស់​អាវ​លេខ​៧ ​រូប​នេះ​បាន​ផ្ទេរ​មកកាន់ Liverpool កាលពី​ឆ្នាំ​២០១៥​ ព្រមទាំង​បង្ហាញខ្លួន​សរុប​បាន ​១៩៨​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន​ ២៥​គ្រាប់ ​និង​ជាពិសេស​ការ​ស៊ុត​ចូល Spurs នា​ប្រកួត​ផ្ដាច់ព្រ័ត្រ UCL នៅ​ទីក្រុង​ម៉ា​ឌ្រី​ដ​កន្លងទៅ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ Liverpool កំពុង​ឈរ​នៅ​កំពូល​តារាង Premier League ដោយមាន​ ៤៩​ពិន្ទុ​ក្នុង​ដៃ​វ៉ា​ដាច់​ក្រុម​លេខ​២ Leicester City ១០​ពិន្ទុ​ព្រមទាំង​បន្ត​ឈាន​មកដល់​វគ្គ ​១៦​ក្រុម​ចុងក្រោយ​នៃ​ពានរង្វាន់ UEFA Champions League ផង​ដែរ​ក្នុងនាម​ជា​ក្រុម​លេខ​១ ​ពូ​ល E

អត្ថបទ៖ មេសា