​អ្នក​ជាប់ពន្ធ​ទាំងអស់ ​ត្រឹម​រំលេច​រូបិយប័ណ្ណ​ប្រាក់​រៀល ​លើ​វិក្កយបត្រ

314

ភ្នំពេញ ៖ ​អគ្គនាយកដ្ឋាន​ពន្ធដារ ​តម្រូវ​ឲ្យ​អ្នក​ជាប់​ពន្ធ​ទាំងអស់ ​ត្រូវ​ចេញ​វិក្កយបត្រ​លើ​រាល់​ការ​ផ្គត់ផ្គង់​ទំនិញ ​ឬ​សេវា ​ឲ្យ​បាន​ត្រឹមត្រូវ ​ដោយ​រំលេច​រូបិយប័ណ្ណ​ប្រាក់​រៀល​លើ​តម្លៃ​សរុប​ ក្នុង​វិក្កយបត្រ​របស់ខ្លួន​ ទៅតាម​អត្រា​ប្តូរប្រាក់ ។

អគ្គនាយកដ្ឋាន​ពន្ធដារ ចេញ​សេចក្តីណែនាំ​ ស្តីពី​ការប្រើប្រាស់​អត្រា​ប្តូរប្រាក់ ​សម្រាប់​អ្នក​ជាប់ពន្ធ​តាម​របប​ស្វ័យ​ប្រកាស ​គឺ​តម្រូវ​ឲ្យ​អ្នក​ជាប់​ពន្ធ​ទាំងអស់​ គឺ​ត្រូវ​ចេញ​វិក្កយបត្រ​លើ​រាល់​ការ​ផ្គត់ផ្គង់​ទំនិញ ​ឬ​ សេវា​ ឲ្យ​បាន​ត្រឹមត្រូវ ​ដោយ​រំលេច​រូបិយប័ណ្ណ​ប្រាក់​រៀល​លើ​តម្លៃ​សរុប​ក្នុង​វិក្កយបត្រ​របស់​ខ្លួន ។ ក្នុងនោះ​ ដើម្បី​ផ្តល់​ភាព​កាន់តែ​ងាយស្រួល ​និង​ទាន់​ពេលវេលា ​និង​ធានា​ដល់​យន្តការ​ផ្ទៀងផ្ទាត់​វិក្កយបត្រ​ឲ្យ​កាន់តែ​ច្បាស់លាស់​ ក៏ដូចជា​ ការសម្រួល​ដល់​ការ​ស្នើសុំ​បង្វិល​សង និង​ការប្រើប្រាស់​ឥណទាន​អាករ​លើ​តម្លៃ​បន្ថែម ​តាម​ប្រព័ន្ធ​អន​ឡាញ​ឲ្យ​មាន​ប្រសិទ្ធភាព​នោះ ​ចាប់ពី​ថ្ងៃទី​១ ខែមករា ​ឆ្នាំ​២០២០ តទៅ អគ្គនាយកដ្ឋាន​ពន្ធដា​រ​ នឹងធ្វើ​ការណែនាំ​អំពី​ការប្រើប្រាស់​អត្រា​ប្តូរប្រាក់ ចំពោះ រំលេច​រូបិយប័ណ្ណ​ប្រាក់រៀល​លើ​តម្លៃ​សរុប​ក្នុង​វិក្កយបត្រ ។

បញ្ហា​នេះ​អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ប្រចាំថ្ងៃ ​ដែល​ចេញ​ជា​រៀងរាល់ថ្ងៃ ដោយ​ធនាគារ​ជាតិ នៃ​កម្ពុជា សម្រាប់​រំលេច​រូបិយប័ណ្ណ​ប្រាក់រៀល ​លើ​តម្លៃ​សរុប​ក្នុង​វិក្កយបត្រ ​, ករណី​ថ្ងៃ​ឈប់​សម្រាប់ ឬ​មុន​ម៉ោង​ដែល​ ធនាគារជាតិ​កម្ពុជា​មិនទាន់​ចេញ​អត្រា​ប្តូរប្រាក់​ជា​ផ្លូវការ ​អ្នក​ជាប់ពន្ធ​អាច​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ដែល​ចេញ​មុន​មួយថ្ងៃ ​នៃ​ថ្ងៃ​ឈប់សម្រាក ​។ ចំណែក​អត្រា​ផ្លូវការ​សម្រាប់​ពន្ធ​លើ​ប្រាក់​បៀរ​វត្ស​ អ្នក​ជាប់​ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ ​ដែល​ចេញ​ដោយ​ធនាគារ​​ជាតិ​នៃ​កម្ពុជា ​នៅ​រៀងរាល់​ថ្ងៃទី​១៥ នៃ​ខែ​នីមួយៗ សម្រាប់​ការ​គណនា​លើ​ប្រាក់​បៀរ​វត្ស ក្នុងនោះ​ប្រសិន​ចំ​ថ្ងៃ​ឈប់សម្រាក អ្នក​ជាប់​ពន្ធ​អាច​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ដែល​ចេញ​មុន​មួយថ្ងៃ​ផងដែរ ។

ដោយឡែក​ប្រាក់​ផ្លូវការ​ប្រចាំខែ អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ ​ដែល​ចេញ​ដោយ​ធនាគារ​ជាតិ នៃ​កម្ពុជា នៅ​ថ្ងៃ​ចុងក្រោយ​នៃ​ថ្ងៃ​នីមួយៗ សម្រាប់​គណនា​ពន្ធ​ ដែល​ត្រូវ​បង់​ប្រចាំខែ តែ​ចំពោះ​អត្រា​ប្តូរប្រាក់​ប្រចាំឆ្នាំ ​អ្នក​ជាប់ពន្ធ​ត្រូវ​ប្រើប្រាស់​អត្រា​ប្តូរប្រាក់​ផ្លូវការ​ ដែល​ចេញ​ដោយ​ធនាគារជាតិ​នៃ​កម្ពុជា​ដូចគ្នា ​នៅ​ថ្ងៃ​ចុងក្រោយ​ក្នុង​ខែធ្នូ នៃ​ឆ្នាំ​នីមួយៗ​ គឺ​សម្រាប់​គណនា​នៃ​ការបង់ពន្ធ​ប្រចាំឆ្នាំ​នោះ ៕