ពលរដ្ឋ​ប្រមាណ​ពីរពាន់​នាក់ នៅ​ខេត្ដ​សៀមរាប ទទួល​បាន​ការពិគ្រោះ​និង​ព្យាបាល​រោគ ដោយ​មិន​គិតថ្លៃ

176

សៀមរាប ៖ ​ប្រជាពលរដ្ឋ ប្រមាណ​ពីរពាន់​នាក់ នៅក្នុង​ស្រុក​ក្រឡាញ់ ​ខេត្ដ​សៀមរាប ​បានទទួល​ការពិនិត្យ​ពិគ្រោះ​ និង​ព្យាបាល​រោគ ដោយ​មិន​គិតថ្លៃ ​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​មនុស្សធម៌ ​របស់​មន្ទីរ​សុខាភិបាល​ ខេត្ដ​សៀមរាប ដើម្បី​ជួយ​សម្រួល​ដល់​ការ​ចំណាយ​។

លោក​វេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប​ ក្នុង​យុទ្ធនា​ការ​ផ្ដល់សេវា សុខាភិបាល​ដល់​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ កាលពីថ្ងៃទី​១៥ ខែធ្នូម្សិលមិញ​ បាន​ថ្លែងថា ការផ្ដល់​​សេវា​សុខភាព​ពី​ក្រុម​ពេទ្យ មនុស្សធម៌​នេះ មន្ទីរ បាន​សហការ​ជាមួយ​ក្រុម​យុវជន​សហ​ភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្ដ មន្ទីរពេទ្យ កុមារ​អង្គរ និង​ក្រុមគ្រូពេទ្យ​មកពី​ប្រទេស​ចិន ​ដែល​ការធ្វើ​ការពិនិត្យ និង​ព្យាបាល​រោគ​ដោយ​មិន​គិតថ្លៃ​នេះ​ មានដូចជា​ ការ​ព្យាបាល​ប្រភេទ​ជំងឺ​ទូទៅ​ មាន​ពិនិត្យ​អេកូ កាត់​វែ​នតា ​និង​ជំងឺ​កូនក្មេង​ផងដែរ​។

លោក​ បាន​បន្ដថា រយៈពេល​មួយថ្ងៃ នៃ​ការព្យាបាល​នេះ មាន​ប្រជាពលរដ្ឋ​ក្មេង​ចាស់​មក​ទទួល សេវា​សុខភាព​នេះ ​ប្រមាណ​ពីរពាន់​នាក់ ​ដែល​ចំពោះ​ជំងឺ​ធ្ងន់ធ្ងរ ក្រុម​គ្រូពេទ្យ ​នឹង​បញ្ជូន​ពួកគេ​ទៅ​បន្ដ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ផ្សេងទៀត​ ដែល​មាន​រថយន្ដ​ចាំ​ទទួល​ជាស្រេច​។

លោក​វេជ្ជបណ្ឌិត បាន​បញ្ជាក់ថា ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត ​របស់​អគ្គ​កុងស៊ុល​ចិន ​បានផ្ដល់​សម្ភារ​ជា ច្រើន​ទៀត ជូន​ប្រជាពលរដ្ឋ ដែល​កំពុង​ជួប​ការខ្វះខាត ​ហើយ​សកម្មភាព​មនុស្ស​ធម៌​នេះ ​ធ្វើឡើង​ជាច្រើន លើក​មកហើយ ​នៅតាម​បណ្ដា​ឃុំ និង​ស្រុក នៃ​ខេត្ដ​សៀមរាប​ បើទោះបី​មាន​មណ្ឌល​សុខភាព នៅ​មូលដ្ឋា​ន​ផ្តល់​សេវា​សុខាភិបាល​ជូន​ពលរដ្ឋ​ជាប្រចាំ​ក៏ដោយ​។​ ការ​ចុះជួយ​ពិនិត្យ និង​ព្យាបាល​ពលរដ្ឋ របស់​ក្រុម ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​នាពេលនេះ ​អាចជួយ​កាត់បន្ថយ​ការ​ចំណាយ និង​ពេលវេលា របស់​ពួកគេ ក្នុងការ​ទៅ​ព្យាបាល​នៅ​កន្លែង​ផ្សេង​។ ​នេះ​ជាទី​១៤ នៃប្រតិបត្តិ​ការផ្ដល់សេវា​សុខភាព​ដល់​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ ​ហើយ លោក​ក៏បាន​ណែ​នាំឱ្យ​ពលរដ្ឋ ​មានការ​ប្រុងប្រយ័ត្ន ពី​ការ​កើត​ជំងឺ​ផ្សេងៗ​ផងដែរ​ ឱ្យ​ចេះ​ថែទាំ​សុខភាព ​ជាប្រចាំ​ និង​ត្រូវ​ប្រុងប្រយ័ត្ន​ចំពោះ​ការ​ហូប​ចំណី​អាហារ ដោយ​ផ្តោត​សំខាន់​ លើ​ការហូប​ស្អាត​ រស់នៅ​ស្អាត ដើម្បី​ចៀសវាង​ការ​មាន​ជំងឺ​ផ្សេងៗ​។

លោក ពិន ប្រាកដ អភិបាលរង​ខេត្ដ​សៀមរាប ​បាន​លើកឡើងថា ​ការ​ចុះជួយ​ពិនិត្យ​សុខភាព​ល​រដ្ឋ នេះ ដោយសារ​ប្រជាពលរដ្ឋ​មាន​តម្រូវការ​ខ្លាំង​អំពី​សេវា​សុខភាព ​ជាពិសេស​អាច​ជួយ​កាត់បន្ថយ​ការ​ចំ ណាយ​ថវិកា ​ថ្លៃ​ថ្នាំពេទ្យ និង​មធ្យោបាយ​ធ្វើដំណើរ និង​ចំណេញ​ពេលវេលា​ផងដែរ​។

ប្រជាពលរដ្ឋ បាន​ថ្លែងអំណរគុណ​ដល់​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ដ ​និង​មន្ទីរ​សុខាភិបាល​ខេត្ដ​សៀមរាប ព្រមទាំង​អាជ្ញាធរ​មូលដ្ឋាន​ផងដែរ ​ដែល​បាន​ចុះ​ពិនិត្យ និង​ព្យាបាល​ជំងឺ​ពួកគេ​ដោយ​មិន​គិត​ថ្លៃ​។ ការ​ព្យាបាល និង​ពិនិត្យ​រោគ​នេះ ​មិន​ធ្វើឱ្យ​ពួកគេ​ចំណាយ​ថវិកា ​ទៅកាន់​មណ្ឌល​សុខភាព ​និង​មន្ទីរពេទ្យ ជាពិសេស ជំងឺ​កុមារ​៕