Liverpool បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទៅ​ប្រកួត FIFA Club World Cup

952

បាល់ទាត់៖ ​ក្រុម​ជើងឯក​អឺរ៉ុប​ហង្ស​ក្រហម Liverpool បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង ២០​នាក់​របស់​ខ្លួន និង​បាន​ចេញ​ដំណើរ​ទៅ​ចូលរួម​ការប្រកួត​ពាន​រង្វាន់ FIFA Club World Cup ហើយ ដែល​រៀបចំ​នៅ​ទីក្រុង​ដូ​ហា​ប្រទេស​កាតា​។ កីឡាករ​វ័យក្មេង Rhian Brewster, Curtis Jones, Harvey Elliott សុទ្ធតែ​មានឈ្មោះ​ក្នុង​បញ្ជី​នោះ ​បូករួម​ទាំង​កីឡាករ​សំខាន់ៗ​របស់​ក្រុម លើកលែងតែ​ខ្សែ​ការពារ Dejan Lovren​

Liverpool នឹង​ត្រូវ​ជួប​ជាមួយ​ក្រុម​ជើងឯក​អាមេរិក​កណ្ដាល​របស់​ម៉ិ​ក​ស៊ិ​ក Monterrey នៅ​ថ្ងៃ​ពុធ​ ពោល​គឺ ២៤​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​បញ្ចប់​ការប្រកួត​នៅ​ពាន EFL Cup ដែល​លេង​នៅ​ទឹកដី Aston Villa​។ ​កីឡាករ​របស់ Liverpool ត្រូវ​បែង​ចែក​ជា​ពីរ ដោយ​មួយ​ក្រុម​ត្រូវ​ប្រកួត​នៅ EFL Cup ទល់នឹង Aston Villa ដែល​នឹង​ដឹកនាំ​ប្រកួត​ដោយ​គ្រូ​បង្វឹក​ក្រុម U23 របស់​ក្លិប​លោក Neil Critchley ​ខណៈ​គ្រូ​បង្គោល Jurgen Klopp ​ដឹកនាំ​ក្រុម​ធំ​ទៅ​ប្រកួត​នៅ​កាតា​។​ ក្រុម​ដែល​កំពុង​នាំ​មុខ​គេ​នៅ Premier League មួយ​នេះ​បាន​ស្នើ​សុំ​ឲ្យ​មានការ​កែ​ប្រែ​កម្មវិធី​ប្រកួត​ពាន EFL Cup ដែរ​តែ​មិន​មាន​ការ​យល់​ស្រប​ដែល​បង្ខំ​ឲ្យ​ក្រុម Liverpool តែមួយ​ត្រូវ​បែង​ចែក​ជា​ពីរ​បែប​នេះ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ