សម្ដេច​តេ​ជោ ឱ្យដឹងថា​ ការវះកាត់​ផ្លាស់​ប្តូរ​ក្រលៀន គឺ​មាននៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា

386

ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បញ្ជាក់​ជូន​ជនរួមជាតិ ​អំពី សមត្ថភាព ដែល​គ្រូពេទ្យ​កម្ពុជា ​អាចធ្វើ​ការវះកាត់​ប្ដូរ​ក្រលៀន​បាន ​ខណៈដែល​ប្រជាពលរដ្ឋ​កម្ពុជា​ មិនបានដឹង​ ហើយ​តែងតែ​ចាកចេញ​ទៅ​រក​សេវា​នៅក្រៅ​ប្រទេស ​តែ​បច្ចុប្បន្ន ពលរដ្ឋ ​អាចធ្វើ​ការផ្លាស់ប្តូរ​ ក្រលៀន​បាន​ នៅក្នុង​ស្រុក គឺ​នៅ​មន្ទីរពេទ្យ​យោធា (​ព្រះ​កេតុមាលា​)

សម្ដេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ​ខណៈ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់ សញ្ញាប័ត្រ ​ជូន​ដល់​និស្សិត​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ​នៅ​ថ្ងៃទី​១៦ ខែធ្នូ នេះ បាន​បញ្ជាក់ថា ការវះកាត់​ផ្លាស់ប្តូរ​គ្រលៀន​បាន​ គឺ​អនុញ្ញាត​ចំពោះតែ​សាច់ញាតិ​ប៉ុណ្ណោះ​ គឺ​មិន​តម្រូវ​ឱ្យ​មានការ​ជួញដូរ​នោះទេ​។

ទាក់ទង​នឹង​វិស័យ​សុខាភិបាល​នេះដែរ សម្តេច​តេ​ជោ ​ក៏បាន​ផ្ដាំផ្ញើ​ដល់​ទាំង​គ្លីនិក​ឯកជន ​និង​រដ្ឋ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អាយុជីវិត​អ្នកជំងឺ​ជា​មុនសិន ​កុំ​គិតលុយ​ជាធំ​។

សម្តេច​តេ​ជោ​ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក៏​បាន​ឱ្យ​មន្ត្រី​ជំនាញ​យកចិត្តទុកដាក់​ចំពោះ​ការ​គ្រប់គ្រង​ឱសថ​ក្លែងក្លាយ ​បន្ត​កែលម្អ​ការខ្វះខាត ​ដែលជា​ការ​ត្អូញត្អែរ​របស់​ប្រជាពលរដ្ឋ ​ដែលមាន​ទាំង​គ្រូពេទ្យ រដ្ឋ និង​ឯកជន ​ត្រូវតែ​ផ្លាស់ប្ដូរ​ឥរិយាបទ​ ដោយ​ប្រកាន់ខ្ជាប់​នូវ​ក្រមសីលធម៌​ឱ្យ​បាន​ល្អ​។ មន្ត្រី​សុខាភិបាល​ និង​គ្រូពេទ្យ​ទាំងអស់ ត្រូវ​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ ​ដោយ​មិន​មាន​ការ​រើសអើង​បែងចែក​ជីវិត​មនុស្ស សម្រាប់​អ្នកមាន ឬ​អ្នកក្រ​នោះទេ​ ត្រូវ​មានការ​អាណិត​ស្រឡាញ់ ខិតខំ​យកចិត្តទុកដាក់​ពិនិត្យ​ព្យាបាល​ឲ្យ អស់ពី​លទ្ធភាព​។ ដូច្នេះ ទោះបីជា​គ្រូពេទ្យ​ផ្នែក​រដ្ឋ ឬ​ឯកជន ​ក៏ដោយ កុំ​យក​បញ្ហា​លុយ​ជាធំ ផ្ទុយទៅវិញ ​ត្រូវ​ជួយសង្គ្រោះ​ជីវិត​មនុស្ស​ធំ​៕