ប្រធាន​សមាគម​កីឡា​សី​ស្លាប​ខ្មែរ​ថា ​ក្រុម​ចូលរួម​ប្រកួត​ជើងឯក​ទូទាំង​ប្រទេស​លើស​ពី​ការ​រំពឹង​ទុក​

365

សី​ស្លាប៖ សមាគម​កីឡា​សី​ស្លាប​ខ្មែរបាន​រៀប​ចំ​ការប្រកួត​ ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេសលើក​ទី​២ ក្នុង​ឆ្នាំ​២០១៩ ដោយមាន​ក្លិប​ចូលរួម​រហូតដល់​ទៅ ២១​ក្លិប ខណៈ​ដែល​លោក​ប្រធាន​សមាគម​កីឡា​សី​ស្លាប​ខ្មែរថា នេះ​គឺជា​ចំនួន​ក្រុម​ចូលរួម​ដ៏​ច្រើន​លើស​ពី​ការ​រំពឹងទុក បើ​ធៀប​ជាមួយ​ការប្រកួតលើក​ទី​១ ឆ្នាំ​២០១៨​ កន្លងទៅ​។​

បើ​តាម​លោក សុខ ភិរម្យ ប្រធាន​សមាគម​សី​ស្លាប​ខ្មែរបាន​ប្រាប់​ BTV ​ថា សម្រាប់​ការប្រកួត​ជើង​ឯក​ទូទាំង​ប្រទេស​លើក​ទី​២​​ នេះមាន​ក្រុម​ចូលរួម​ដ៏​ច្រើន​ដែរ​មិន​ធ្លាប់​មាន​ពី​មុន​មក ដោយ​សារតែ​ប្រភេទ​កីឡា​នេះ​បាន​រីក​សុសសាយ និង​ទទួល​បាន​ការ​គាំទ្រ​ពី​មហាជន​ទូទៅ​។​ ប្រធាន​សមាគម​សី​ស្លាប​ខ្មែរ​បាន​បញ្ជាក់​ថា ប្រសិនបើ​មានការ​បើកទូលាយ និង​គាំទ្រ​ពី​ថ្នាក់ដឹកនាំ​ក្នុង​ការរៀបចំ​ការ​ប្រកួត​ជាទូទៅ ប្រា​ដក​ជា​មាន​អ្នកចូលរួម​ប្រកួត​មិន​តិច​ជាង ​១០០០​នាក់​នោះ​ទេ​។ លោក​ថា តែ​យ៉ាងណាសម្រាប់​ការប្រកួត​ជើងឯក​ទូទាំង​ប្រទេស​ឆ្នាំក្រោយ លោក​នឹង​រិះរក​មធ្យោបាយធ្វើ​យ៉ាង​ណា​បំផុស ​ឲ្យ​មានការ​ចូលរួម​កាន់តែ​ច្រើនជាង​នេះ​បន្ថែម​ទៀត​។​

សូម​បញ្ជាក់​ថា ការប្រកួត​សី​ស្លាប​ខ្មែរ​ជ្រើសរើស​ជើងឯក​ទូទាំង​ប្រទេស​លើក​ទី​២ ​នេះ​ធ្វើឡើង​រយៈ​ពេល​ ១​ថ្ងៃ​ពេញ​នៅ​ក្នុង​សាល​នៃ​កីឡដ្ឋាន​ស្តា​ត​ចាស់​ដោយមាន ២១​ក្លិប​ចូលរួម ខណៈ​ដែលជើង​ឯក​បាន​ទៅលើ​ក្រុម​មុខ​ព្រះបរមរាជវាំង​, លេខ​២ បាន​លើ​ក្រុម​នាគ​ព័ន្ធ​កំពង់ចាម​ និង​លេខ​៣ បាន​លើ​ក្រុម​គុជ​សារ​ទឹកថ្លា​៕