សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា​ថា​ បឹង​តា​មោក​ជាទី​តាំង​ដ៏​ល្អ​សម្រាប់​ហ្វឹក​ហាត់​ត្រៀម​ស៊ី​ហ្គេម២០២៣

241

ទូក​កា​នូ៖ ដើម្បី​ជា​ការ​ផ្តល់​ឱកាស​ពិសេស​មួយ​ឲ្យ​កីឡាករ-កីឡា​ការិនីបញ្ចេញ​នូវ​ទេពកោសល្យ សមត្ថភាព ក៏ដូចជា​វាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស ដែល​កីឡាករ​កីឡា​ការិនី​ម្នាក់ៗ​បាន​ហ្វឹកហាត់​កន្លងមក សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជាបាន​រៀប​ចំ​ការប្រកួត ​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ “​ទូក​នាគ​” ទូក​កា​នូ​-​កា​យ៉ាក់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ “​ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង​” លើក​ទី​៦​។

ការប្រកួត​ប្រព្រឹត្តទៅ​រយៈពេល ​៣​ថ្ងៃ​គឺ​ចាប់​ពី​ថ្ងៃ​សៅរ៍ ទី​១៤ ដល់​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០១៩ ខណៈ​ដែល​សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ទូក​កា​នូ និង​រ៉ូ​អ៊ីង​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ឱកាស បិទ​ការប្រកួត​នេះ​។​ មុន​ឈាន​មកដល់​ការប្រកួត សហព័ន្ធ​កីឡា​ទូក​កា​នូ និងរ៉ូ​អ៊ីង​កម្ពុជាបាន​ដាក់​ចេញ​នូវ​ផែនការ​សកម្មភាព ​ការប្រកួត​ជ្រើសរើស​ចម្រាញ់​យក​ចុះ​ណាត់​ថ្នាក់​លេខ​១ និងលេខ​២ តាម​បណ្តា​ភូមិភាគ​ទាំង​០៥ ក្នុង​ឆ្នាំ​២០១៩ ដើម្បី​មក​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ “​ពានរង្វាន់​សម្ដេច​ក្រឡា​ហោម ស ខេង លើក​ទី​៦ ឆ្នាំ​២០១៩​នេះ ខណៈ​ដែល​មាន​ចំនួន ១៤​ក្រុម​ចូលរួម ក្នុង​នោះ​បុរស ០៩​ក្រុម និង​នារី ៥​ក្រុម ប្រតិភូ គ្រូ​បង្វឹក កីឡាករ​-​កីឡា​កា​ឌី ទាំងអស់​សរុប​ចំនួន ២២៤រូប ក្នុង​នោះ​មាន​កីឡា​ការិនី ​៨០​រូប​។ ឯកឧត្ដម មាស សារិន អនុប្រធាន​សហព័ន្ធ​បាន​មានប្រសាសន៍ថា ក្រោយ​អនុសាសន៍​ណែនាំ និង​ចង្អុលបង្ហាញ​របស់​សម្តេច​ក្រឡាហោម ឲ្យ​សហព័ន្ធ​មក​រៀបចំ​ធ្វើការ​ប្រកួត កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ ទូក​នាគ ទូក​កា​នូ កា​យ៉ាក់ ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ “​ពានរង្វាន់​សម្តេច​ក្រឡា​ហោម​ ស ខេងៗ លើក​ទី​៦ ឆ្នាំ​២០១៩ នៅ​បឹង​តា​មោក ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​នេះ គណៈកម្មការ​ប្រតិបត្តិ​សហព័ន្ធយល់​ឃើញ​ថា ​ទីតាំង​នេះ​ពិត​ជា​មាន​លក្ខណៈ​សមស្រប​តាម​ស្តង់ដារ​អន្តរជាតិ ​ក្នុង​ការ​ធ្វើការ​ហ្វឹកហាត់​បច្ចេកទេស​កីឡា​លើទឹក​គ្រប់​ប្រភេទ និង​ជាទី​តាំង​ដែល​អាច​រៀបចំ​ការប្រកួត​ដ៏​ល្អ​ផង​ដែរ​។

ហើយ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ បាន​ស្នើ​សុំ​សម្ដេច​ប្រធាន​ក្នុង​ការ​អនុញ្ញាត​ ឲ្យ​ក្រុម​កីឡាករកីឡា​ការិនី​ជម្រើស​ជាតិ បាន​ធ្វើ​ការ​ហ្វឹកហាត់​នៅ​ក្នុង​ទីតាំង​នេះ ដើម្បី​បង្កើន​សកម្មភាព​ត្រៀម​លក្ខណៈ​ចូលរួម ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់​ផ្ទះ​។​ សម្រាប់​ការប្រកួត​រយៈ​ពេល ៣​ថ្ងៃនេះអនុវត្ត​តាម​រូបមន្ត​ជម្រុះលើ​ ៥​វិញ្ញាសា ក្នុង​នោះ​មាន​៖ វិញ្ញាសាទូក​ប្រពៃណី​ខ្នាត​អន្តរជាតិចម្ងាយ ៨០០​ម៉ែត្រផ្នែកបុរសចំណុះ ១២​នាក់​, វិញ្ញាសាទូក​ប្រពៃណី​ខ្នាត​អន្តរជាតិចម្ងាយ ៥០០​ម៉ែត្រផ្នែកនារី​ចំណុះ ១២​នាក់​, បង្ហាញ​បច្ចេកទេស​កីឡា​ទូក​កា​នូចម្ងាយ ២០០​ម៉ែត្រ​, បង្ហាញ​បច្ចេកទេស​កីឡា​ទូក​កា​យ៉ាក់ចម្ងាយ ២០០​ម៉ែត្រ​ និងបង្ហាញ​​បច្ចេកទេស​កីឡា​ទូក​រី​រុង​ចម្ងាយ ២០០​ម៉ែត្រ​៕