ក្រសួងពាណិជ្ជកម្ម​ថយ​ចុះ​ចំណូល​ថវិកា​រដ្ឋ​ជាង​៥០% នៅ​ឆ្នាំ​២០១៩​នេះ​

230

ភ្នំពេញ៖ ​យោងតាម​របាយការណ៍​បូកសរុប​ការងារ​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញថា ផែនការ​ចំណូល​ថវិការដ្ឋ​ក្នុង​ឆ្នាំ​២០១៩ មាន​ចំនួន​ជាង ១៧​ម៉ឺន​លាន​រៀល សរុប​អនុវត្ត​ចំណូល​ឆ្នាំ​២០១៩ ចំនួន​ជាង ១០​ម៉ឺន​លាន​រៀល ស្មើនឹង​៦២,% ក្នុងនោះ​ផែនការ​ចំណូល​ប្រចាំឆ្នាំ​២០១៩ ប្រៀបធៀប​នឹង​ការអនុវត្ត​ឆ្នាំ​២០១៨ ថយចុះ​ប្រមាណ​៥០,%​។​

ឯកឧត្តម ឡាយ សុខ​សៅ​គ​ន្ធា អគ្គនាយកដ្ឋាន​រដ្ឋបាល​និង​ហិរញ្ញវត្ថុ នៃ​ក្រសួងពាណិជ្ជកម្ម កាលពី​ថ្ងៃទី​១៨ ធ្នូ​ ​ម្សិលមិញ បាន​ឲ្យ​ដឹងថា ការថយចុះ​ចំណូល​នេះ ដោយសារ​មានការ​កែសម្រួល​ស្ថាប័ន​មាន​សមត្ថកិច្ច​ត្រួតពិនិត្យ​ទំនិញ​នាំចេញ​-​នាំចូល ដើម្បី​សម្រួល​ពាណិជ្ជកម្ម និង​ពង្រឹង​ភាព​ប្រកួតប្រជែង​កម្ពុជា ការ​លុយ​ចោល​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ (CO) សម្រាប់​ប្រទេស​មិនមាន​តម្រូវការ និង​ការចុះបញ្ជី​អ្នក​នាំចេញ​របស់​សហភាព​អឺរ៉ុប ដែល​ក្រុមហ៊ុន រោងចក្រ​នាំចេញ អាច​ស្វ័យ​ប្រកាស​ពី​ដើមកំណើត​ទំនិញ​ដោយ​ខ្លួនឯង​ ​ដោយ​មិន​តម្រូវ​ឲ្យ​ធ្វើការ​ស្នើសុំ​វិញ្ញាបនបត្រ​បញ្ជាក់​ដើមកំណើត​ទំនិញ​ពី​ក្រសួងពាណិជ្ជកម្ម​។

លោក​អគ្គនាយក​ ​បានបញ្ជាក់​បន្ថែម​អំពី​ស្ថានភាព​ឥណទាន​ថវិកា​ទៀតថា សម្រាប់​ផ្នែក​ឥណទាន​ឆ្នាំ​២០១៩ ​មាន​ចំនួន​ជាង​១២ ​ម៉ឺន​៧​ពាន់​លាន​រៀល ក្នុងនោះ​ចំណាយ​មាន​ចំនួន​១២​ម៉ឺន​ ៤​ពាន់​លាន​រៀល ស្មើនឹង​៩៧,% នៃ​ឥណទាន​ថវិកា​ដែល​បានផ្តល់​។ លោក​លើកឡើង​បន្តថា ក្នុងការ​អនុវត្ត​ឥណទាន​ថវិកា មន្ត្រី​ជំនាញ​បាន​សហការ​ជាមួយ​ប្រតិភូ អធិការកិច្ច​នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ ពិនិត្យ​ផ្ទៀងផ្ទាត់​រាល់​ឯកសារ​សក្ខីប័ត្រ ចំណូល​-​ចំណាយ ដើម្បី​ឲ្យ​ស្របតាម​កម្មវិធី​កំណែទម្រង់​ហិរញ្ញវត្ថុ​សាធារណៈ​។​

ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​លើកទឹកចិត្ត​ដល់​មន្ត្រី​ឲ្យ​រួមគ្នា​តាមដាន​របាយការណ៍​ស​មិទ្ធ​ផល​ការងារ​របស់​តំណាង​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ និង​វិស័យ​ឯកជន ក៏ដូចជា​អង្គភាព​ក្រោម​ឱវាទ​ក្រសួងពាណិជ្ជកម្ម ព្រមទាំង​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​អនុសាសន៍​នានា ដើម្បី​ស្វែងរក​ធាតុ​ចូល​សំខាន់ៗ សម្រាប់​ជា​មូលដ្ឋាន​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​អនុវត្ត​ការងារ​ប្រកបដោយ​ប្រសិទ្ធភាព​នៅក្នុង​ឆ្នាំ​២០២០ ​ត​ទៅមុខទៀត​ ៕​