រាជរដ្ឋាភិបាល​បំពេញការងារ​ជាច្រើន​ក្នុង​ជួយ​រក្សា​តម្លៃ​ស្រូវ​ស្រប​ពេល​តម្លៃ​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​

166

ភ្នំពេញ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​បំពេញការងារ​ជាច្រើន ជួយ​ដល់​ប្រជាកសិករ ក្នុង​ការ​ថែរក្សា​តម្លៃ​ស្រូវ​ក្នុង​ការ​ប្រមូល​ផល​នាពេល​បច្ចុប្បន្ន​នេះ ស្ថិតក្នុង​តម្លៃ​សមរម្យ​អាច​ទទួលបាន​ប្រាក់ចំណេញ​ស្រប​ពេលដែល​តម្លៃ​ទីផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​។ នេះ​ជាការ​ស្រាយ​បំភ្លឺ ក្នុង​សន្និសីទ​សារព័ត៌មាន រៀបចំឡើង​ដោយ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​១៩ ខែធ្នូ​ឆ្នាំ ២០១៩​នេះ​។​

ក្នុងឱកាស​សន្និសីទ​សារព័ត៌មាន គ្រប់ភាគី​ពាក់ព័ន្ធ​ដែល​រាប់បញ្ចូល​ទាំង ក្រសួងកសិកម្ម សម្ព័ន្ធ សមាគម​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា រួមទាំង​ធនាគារ​អភិវឌ្ឍន៍ជនបទ សុទ្ធតែ​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​កិច្ចការ​ជាច្រើន ជួយ​រក​ទីផ្សារ និង​រក្សា​តម្លៃ​ស្រូវ​នាពេល​បច្ចុប្បន្ន​ស្ថិតក្នុង​តម្លៃ​សមរម្យ ស្រប​ពេលដែល​តម្លៃ​ក្នុង​ទី​ផ្សារ​អន្តរជាតិ​មានការ​ធ្លាក់ចុះ​ក្ដី​។​

ជុំវិញ​ការងារ​នេះ​ផ្ទាល់ ឯកឧត្តម កៅ ថាច អគ្គនាយក​ធនាគារ​អភិវឌ្ឍន៍ជនបទ បាន​បញ្ជាក់ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ទម្លាក់​ថវិការ​ជាតិ​ចំនួន ៥០​លា​ដុល្លារ​បន្ថែមទៀត​សម្រាប់​ធនាគារ​អភិវឌ្ឍន៍ជនបទ ផ្ដល់​កម្ចី​ក្នុង​អាត្រា​ការប្រាក់​ថោក​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​ទិញស្រូវ​ស្តុក​ទុក ក្នុងតម្លៃ​ទីផ្សារ ពុំ​ទុក​ស្រូវ​ប្រជាកសិករ​ចោល​នោះទេ​។​

ទន្ទឹមនឹង​ការទម្លាក់​ថវិការ​នេះ​ផ្ទាល់ ក្រសួងកសិកម្ម​រុក្ខ​ប្រមាញ់​និង​នេសាទ ក៏បាន​ចូលរួម​សកម្មភាព​យ៉ាងសកម្ម ជួយ​ដល់​ការរក្សា​តម្លៃ​ស្រូវ​របស់​ប្រជាកសិករ​កម្ពុជា​ស្ថិតក្នុង​តម្លៃ​សមរម្យ​ផងដែរ នេះ​បើតាម​ការលើកឡើង​រប​ស់លោក ម៉ាក់ សឿន អគ្គនាយករង នៃ​អគ្គនាយកដ្ឋាន​កសិកម្ម។

សកម្មភាព​របស់​ក្រសួងកសិកម្ម រាប់បញ្ចូល​ទាំង​ការងារ​បច្ចេកទេស ការស្វែងរក​ទីផ្សារ​ជាដើម​។ ជាក់ស្ដែង​នា​ព្រឹក​នេះ​ផ្ទាល់ ក្រសួងកសិកម្ម​បានអនុញ្ញាត​ឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ១៨​បន្ថែមទៀត អាច​នាំ​អង្ករ​ចេញទៅ​ប្រទេស​ចិន​បាន ស្រប​ពេលដែល​កន្លងមក មាន​រោង​ម៉ាស៊ីនកិនស្រូវ​ចំនួន ២៦ ដែល​ទទួលបាន​ការអនុញ្ញាត​ក្នុងការ​នាំចេញ​។​

ជាការ​រួមចំណែក​ផងដែរ លោក​ឧក​ញ្ញ៉ា សុង សារ៉ន ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បញ្ជាក់ថា​រោង​ម៉ាស៊ីនកិនស្រូវ​ជាច្រើន កំពុង​ចុះជួយ​ទិញស្រូវ​ពី​ប្រជាកសិករ​ក្នុងតម្លៃ​សមរម្យ​តាម​ទីផ្សារ​អន្តរជាតិ​មក​ស្តុក​ទុក​ផងដែរ ដោយ​មកទល់ពេលនេះ​មាន​ការប្រមូលទិញ​ស្តុក​ទុក​ប្រមាណ​ជាង ៣២​ម៉ឺន​តោន​ហើយ​។

លោក​ឧ​ញ្ញ៉ា​លោក​ឡើង​ថា សព្វថ្ងៃ​តម្លៃ​ស្រូវ​នាពេល​បច្ចុប្បន្ន​សម្រាប់​ស្រូវ​សែន​ក្រអូប ស្ថិតក្នុង​រង្វង់ ១០០០​រៀល ក្នុង​១​គីឡូ ដែលជា​តម្លៃ​សមរម្យ​មួយ និង​ស្របតាម​តម្លៃ​ទីផ្សារ​អន្តរជាតិ​ដែលមាន​ការធ្លាក់ចុះ​ក្នុង​រង្វង់ ១០%​។​

យ៉ាងណា​ម៉ិ​ញ​សម្រាប់​ការនាំចេញ​អង្ករ​ពី​កម្ពុជា​ទៅកាន់​បរទេស នោ​តែមាន​ដំណើរការ​ល្អប្រសើ​រ ចាប់​រាប់​ពី​ខែមករា មកដល់​ត្រឹម​ខែ វិច្ឆិកា​ឆ្នាំ ២០១៩​នេះ ដោយមាន​ចំនួន​សរុប​ប្រមាណ ៥២​ម៉ឹ​ន​តោន​។

ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​បញ្ជាក់ថា ការនាំចេញ​អង្ករ​ទៅកាន់​ទីផ្សារ​សហគមន៍ អឺរ៉ុប មាន​ចំនួន​ជិត ១៨​ម៉ឺន​តោន ការនាំ​ចេញទៅ​ចិន មាន​ចំនួន​ជិត​២១​ម៉ឺន​តោន ការនាំ​ចេញទៅ​ទីផ្សារ​អាស៊ាន​មាន​ចំនួន​ជិត ៧​ម៉ឺន​តោន និង​ទីផ្សារ​ផ្សេងៗ​ទៀត មាន​ចំនួន ប្រមាណ ៦​ម៉ឺន​៥​ពាន់​តោន ដោយ​តម្លៃ​ក្នុងការ​នាំចេញ​សព្វថ្ងៃ ក្នុង​រង្វង់​ពី ៦៨០​ដុល្លារ​ទៅ ៧២០​ដុល្លារ​ក្នុង​មួយ​តោន សម្រាប់​ស្រូវ​សែន​ក្រអូប​៕