អារ៉ាប៊ីសាអ៊ូឌីត​កាត់ទោស​ប្រហារ​ជីវិត​មនុស្ស ៥​នាក់​ពាក់ព័ន្ធ​នឹងការ​ស្លាប់​របស់​លោក​ Jamal Khashoggi

265

អារ៉ាប៊ីសាអ៊ូឌីត​៖ តុលាការ​នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​កាលពី​ថ្ងៃ​ច័ន្ទ ​បាន​ផ្ដន្ទាទោស​មនុស្ស​ចំនួន ៥​នាក់​ពី​បទ​សម្លាប់​អ្នកកាសែត Washington Post លោក Jamal Khashoggi ដែល​ត្រូវ​បាន​គេ​ធ្វើឃាត​នៅ​ក្នុង​ស្ថាន​កុងស៊ុល​អារ៉ាប៊ីសាអ៊ូឌីត ​ប្រចាំ​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល​កាលពី​ឆ្នាំមុន​ ដោយ​ក្រុម​ភ្នាក់ងារ​របស់​អារ៉ាប៊ីសាអ៊ូឌីត​។

សាលដីកា​នេះ​ត្រូវ​បាន​អាន​ដោយ​លោក Shaalan al-Shaalan អ្នកនាំពាក្យ​ការិយាល័យ​អគ្គ​ព្រះ​រាជ​អាជ្ញា​ និង​ចាក់​ផ្សាយ​តាម​ទូរទស្សន៍​រដ្ឋ Al-Ekhbariya របស់​អារ៉ាប៊ីសាអ៊ូឌីត​។​ ពុំ​ត្រូវ​បាន​បញ្ជាក់​ឈ្មោះ​ទេ​សម្រាប់​អ្នក​ដែល​ត្រូវ​បាន​រក​ឃើញ​ថា ​មាន​កំហុស​នោះ​។​ ទូរទស្សន៍​ខាងលើ​បាន​រាយការណ៍​ថា​ មនុស្ស​ ៣​នាក់​ផ្សេងទៀត​ត្រូវ​បាន​កាត់ទោស​ឱ្យ​ជាប់ពន្ធនាគារ​។​ ព្រះ​រជ្ជទាយាទ​របស់​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ព្រះអង្គម្ចាស់ Mohammed bin Salman ​បាន​ទទួល​រង​ការ​ថ្កោលទោស​ជា​អន្តរជាតិ ​ចំពោះ​ការ​សម្លាប់​នេះ​ព្រោះ​ភ្នាក់ងារ​របស់​អារ៉ាប៊ីសា​អ៊ូឌីត​ជាច្រើន​ បាន​ធ្វើ​ការ​ឲ្យ​ព្រះអង្គ​ដោយ​ផ្ទាល់​។​ ព្រះរាជាណាចក្រ​មួយ​នេះ ​បដិសេធ​ពាក្យ​ចោទប្រកាន់​ដែល​ថា​ ព្រះអង្គម្ចាស់ ​Mohammed ​មានការ​ពាក់ព័ន្ធ​ ឬ​ដឹង​អំពី​ប្រតិបត្តិការ​នេះ​។

លោក Khashoggi ​បាន​ដើរចូល​ស្ថាន​កុងស៊ុល ​នៃ​ប្រទេស​របស់​លោក​នៅ​ទីក្រុង​អ៊ី​ស្តង់​ប៊ុល ​នៅ​ព្រឹក​មួយ​ក្នុង​ខែ​តុលា ​ឆ្នាំ​២០១៨ ដើម្បី​ប្រមូល​ឯកសារ​ដែល​នឹង​អនុញ្ញាត​ឱ្យ​លោក​ រៀបការ​ជា​មួយ​គូ​ដណ្ដឹង​របស់​លោក​ឈ្មោះ Hatice Cengiz ដែល​បាន​រង់ចាំ​គាត់​នៅ​ខាងក្រៅ​។​ លោក Khashoggi មិន​បាន​ដើរចេញ​មក​ខាងក្រៅ​ទេ​។ ​ហើយ​សាកសព​របស់​លោក​មិន​ត្រូវ​បាន​គេ​រក​ឃើញ​នោះ​ទេ​៕

អត្ថបទ៖ សុខ​មាន