Ancelotti​ ដាក់​គោល​ដៅ​បង្ហាញ​ខ្លួន​នៅ Champions League ក្រោយ​ឡើង​កាន់​តំណែង​​អ្នក​ចាត់​ការ Everton

150

បាល់ទាត់៖ ​លោក Carlo Ancelotti​ បាន​កំណត់​គោលដៅ​នៃ​ការប្រកួត​ជម្រុះ​ក្របខ័ណ្ឌ Champions League និង​ឈ្នះ​ពានរង្វាន់​ជាមួយ​ក្រុម Everton បន្ទាប់ពី​ចូលកាន់​តំណែង​ជា​អ្នកចាត់ការ​នៅ​ឯ Goodison Park​។​ ​បុរស​សញ្ជាតិ​អ៊ីតាលី​រូប​នេះ ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​រយៈពេល ៤​ឆ្នាំ​កន្លះ​ជាមួយ Everton​ ដើម្បី​បន្ត​តំណែង​ពី​លោក​ Marco Silva ដែល​ត្រូវ​បាន​បណ្ដេញ​ចេញ​កាលពី​ថ្ងៃ​ទី​៦ ខែ​ធ្នូ​។

​​អ្នកចាត់ការ​វ័យ ៦០​ឆ្នាំ​រូប​នេះ​បាន​និយាយ​ថា ​“គោលដៅ​គឺ​នៅ​ទី​នេះ​គឺ​ដើម្បី​ឈាន​ទៅ​ប្រកួត​ក្រប​ខ័ណ្ឌ Champions League Europa League ខ្ញុំ​មកដល់​ទីនេះ​ដើម្បី​ព្យាយាម​ធ្វើ​រឿង​នេះ តែ​លោក​បាន​បន្ថែម​ទៀត​ថា វា​ត្រូវការ​ពេលវេលា​”​។ វា​នឹង​មិន​កើតឡើង​ភ្លាមៗ​នោះ​ទេ ​ប៉ុន្តែ​ដោយ​ធ្វើការ​ជាមួយ​គ្នា ​យើង​ត្រូវ​ព្យាយាម​ធ្វើ​វា​ឱ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន​។​ ​លោក​ Ancelotti​ ធ្លាប់​ឈ្នះ​ជើងឯក ​Champions League ៣​ដង​ក្នុងនាម​ជា​គ្រូ​បង្វឹក២​ដង​ជាមួយ ​AC Milan និង ១ដង​ទៀត​ជាមួយ ​Real Madridលោក​បាន​ឈ្នះ​ពានរង្វាន់ ​Premier League និង ​FA Cup ទ្វេដង​នៅ​ឯ​ក្រុម​តោ​ខៀវ​ Chelsea ក្នុង​ឆ្នាំ​២០១០​ និង​បាន​គ្រប់គ្រង​ក្រុម​ Bayern Munich និង ​Paris St-Germain ​ផង​ដែរ​។​ ​លោក ​Ancelotti​ ត្រូវ​បាន ​Napoli បណ្ដេញ​ចេញ​កាលពី​ដើមខែ​នេះ​ បើ​ទោះ​បី​ជា​ដឹកនាំ​ពួកគេ​ចូល​ទៅ​វគ្គ​បន្ត​នៃ​ក្របខ័ណ្ឌ ​Champions League រដូវ​កាល​នេះ​ក៏ដោយ​៕

អត្ថបទ​៖​នាង សុភា​វុ​ធ