កំណែទម្រង់​បុគ្គល ជា​ស្នូល​ដោះស្រាយ​បញ្ហា​សង្គមជាតិ

243

ភ្នំពេញ ៖ ​ឯកឧត្តម ឈឹម ផល​វរុន អគ្គលេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់យោបល់ បាន​លើកឡើង​ថា ការធ្វើកំណែទម្រង់​បុគ្គល ​ជា​ស្នូល​ដើម្បី​ដោះស្រាយ​គ្រប់​បញ្ហា​សង្គមជាតិ​។

ស្របពេល​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ រយៈពេល​១៦​ខែ​ដំបូង ​របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ​ខែធ្នូ នេះ ​ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ​ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឈឹម ផល​វរុន បាន​ប្រាប់​BTV ឱ្យដឹង​នៅ​ថ្ងៃទី​២៤ នេះ​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​ និង​ផ្តល់​យោបល់​ត្រូវបាន​បង្កើត​ឡើង រយៈពេល​១៦ ខែ កន្លងមក ប្រតិភូ​នៃ​បណ្តា​គណបក្សនយោបាយ​ចំនួន​១៦ ​ បាន​អនុវត្ត និង​តាមដាន​យ៉ាងសកម្ម​ចំពោះ ការអនុវត្ត​ច្បាប់ ​របស់​ស្ថាប័ន​ក្រសួង អាជ្ញាធរ​ថ្នាក់ជាតិ​ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ​ដោយ​ឃើញ​ពី​ភាព ​អសកម្ម​ភាគច្រើន ជា​ករណី​ទំនាស់​ដីធ្លី​។

ឯកឧត្តម ​បាន​បញ្ជាក់ថា សមាជិក​ប្រតិភូ នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់​ បាន​លើក យក​បញ្ហា​ពាក់ព័ន្ធ​គ្រប់​វិស័យ​មក​ពិភាក្សា ​និង​ផ្តល់​ធាតុ​ចូល​ដើម្បី​ស្ថាបនា ​ប៉ុន្តែ​ក្នុងនោះ ​បញ្ហា​ទំនាស់​ដីធ្លី បាន​ក្លាយ​ជា​បញ្ហា​ចោទ ដោយ​តម្រូវឱ្យ​មានការ​កំណែទម្រង់​បុគ្គល​ទើប​ឆ្លើយតប ​នឹង​បច្ចុប្បន្នភាព នៃ សង្គម ជាតិ​កម្ពុជា​។

ឯកឧត្តម ឈឹម ផល​វរុន បាន​បន្តថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ ​បញ្ហាដីធ្លី ​ត្រូវបាន​ដាក់​មក ពិភាក្សា​យ៉ាង​ផុលផុស ​ បន្ទាប់ពី​ត្រូវបាន​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​។ ទន្ទឹមនឹងនេះ ក៏មាន​ការរកឃើញ​ពី​ករណី​ដីធ្លី​មួយចំនួន ​ដោយមាន​បុគ្គល​មានអំណាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ រំលោភ​ទ្រព្យ ​សម្បត្តិ​ប្រជាពលរដ្ឋ ​និង​ការទន្ទ្រាន​ដី​របស់​រដ្ឋ​ផងដែរ​។ ក្នុងន័យនេះ ​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង ផ្តល់យោបល់ បាន​ត្រៀម​នូវ​ឯកសារយោង រួមមាន​ អង្គសេចក្តី អង្គហេតុ និង​ភស្តុតាង ​ដើម្បី​រាយការណ៍ ជូន​សម្តេច​តេ​ជោ​ នាយករដ្ឋមន្ត្រី ពិនិត្យ និង​សម្រេច ចំពោះ​ករណី​ទាំងអស់នោះ​។

ឯកឧត្តម បាន​បន្ថែមថា ​យោងតាម​សកម្មភាព និង​ការតាមដាន​របស់​ប្រតិភូ ​ជា​សមាជិក​ឧ​ត្ត​ម ក្រុមប្រឹក្សា​ពិគ្រោះ ​និង​ផ្តល់​យោបល់ បញ្ហា​សង្គម​នានា ​នឹង​មិន​ត្រូវបាន​បិទបាំង ​និង​បំភ្លៃ ​ពី​ការពិត ដែល​រា រាំង​ដល់​ការអភិវឌ្ឍ​ប្រទេស​កម្ពុជា​ឡើយ​៕