ឯកឧត្តម ឈឹម ផល​វរុន៖ បុគ្គល​មួយចំនួន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​ទាក់ទិន​នឹង​បញ្ហា​ដីធ្លី​លក្ខណៈ​ជា​ប្រព័ន្ធ​

1337

ភ្នំពេញ៖ ឯកឧត្តម ឈឹម ផល​វរុន ប្រធាន​លេខាធិការដ្ឋាន​នៃ​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​ បាន​អះអាងថា បច្ចុប្បន្ន​បញ្ហា​ទំនាស់​ដីធ្លី​ត្រូវបាន​រកឃើញថា ជា​ករណី​ប្រព្រឹត្ត​ដោយ​ទុច្ចរិត​តាមរយៈ​លក្ខណ​:​ជា​ប្រព័ន្ធ​។

ស្របពេល​ពិធី​សន្និបាត​បូកសរុប​លទ្ធផល​ការងារ រយៈពេល​១៦​ខែ​ដំបូង របស់​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៧ ខែធ្នូ ឆ្នាំ​២០១៩​ខាងមុខនេះ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម ឈឹម ផល​វរុន បាន​ប្រាប់​ឱ្យដឹង​នៅ​ថ្ងៃទី​២៤ នេះ​ថា ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​ត្រូវបាន​បង្កើតឡើង​រយៈពេល​១៦​ខែ​កន្លងមក ប្រតិភូ​នៃ​បណ្ដា​គណបក្សនយោបាយ​ចំនួន​១៦ បាន​អនុវត្ត និង​តាមដាន​យ៉ាងសកម្ម​ចំពោះ​ការអនុវត្ត​ច្បាប់​របស់​ស្ថាប័ន​ក្រសួង អាជ្ញាធរ​ថ្នាក់ជាតិ និង​អាជ្ញាធរ​ថ្នាក់ក្រោម​ជាតិ ដោយ​ឃើញ​ពី​ភាព​អសកម្ម​ភាគច្រើន​ជា​ករណី​ទំនាស់​ដីធ្លី​។

ឯកឧត្តម ឈឹម ផល​វរុន បាន​បញ្ជាក់ថា ប្រតិភូ​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់​យោបល់​នឹង​រាយការណ៍​ជូន​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បន្ទាប់ពី​ឃើញ​ពី​ករណី​ដីធ្លី​មួយចំនួន​ដោយមាន​បុគ្គល​មានអំណាច​ប្រព្រឹត្ត​អំពើ​ទុច្ចរិត រំលោភ​ដី​ប្រជាពលរដ្ឋ និង​ការទន្ទ្រាន​ដី​របស់​រដ្ឋ​។

ដើម្បី​ដោះស្រាយ​បញ្ហា​ខាងលើនេះ ឯកឧត្តម ឈឹម ផល​វរុន បាន​លេក​ឡើង​ពី​វិធីសាស្ត្រ ដើម្បី​ដោះស្រាយ​បញ្ហា​ដែល​រាំ​រៃ​នេះ ដោយ​ការធ្វើកំណែទម្រង់​បុគ្គល គឺ​ត្រូវ​ចាត់​វិធានការណ៍​តាម​នីតិវិធី​ច្បាប់​ដែលមាន​ចែង ទើប​បុគ្គល​ទាំងនោះ​នឹង​រាងចាល​ពី​អំពើ​ទុច្ចរិត​របស់ខ្លួន​។

ឯកឧត្តម ឈឹម ផល​វិ​រុន បាន​បន្តថា ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ បញ្ហាដីធ្លី​ត្រូវបាន​ដាក់​មក​ពិភាក្សា​យ៉ាង​ផុសផុល បន្ទាប់ពី​ត្រូវបាន​បង្កើត​ឧ​ត្ត​ម​ក្រុមប្រឹក្សា ពិគ្រោះ និង​ផ្តល់យោបល់​។ ឯកឧត្តម ឈឹម ផល​វរុន បន្ថែមថា យោងតាម​សកម្មភាព និង​ការតាមដាន​របស់​ប្រតិភូ ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់ បញ្ហា​សង្គម​នានា​នឹងមិន​ត្រូវបាន​បិទបាំង និង​បំ​ផ្លៃ​ពី​ការពិត ដែល​រារាំង​ដល់​ការអភិវឌ្ឍ​ប្រ​ទស​កម្ពុជា​ឡើយ​៕