ពលរដ្ឋ​ស៊ីរី​​ដែល​ភៀស​ខ្លួន​ចេញ​ពី​ភាគ​​ខាង​ត្បូង​ខេត្ត​អ៊ីតលីប​មាន​បំណង​​ទៅ​កាន់​ព្រំដែន​​ជាប់​ប្រទេស​ទួរគី​

352

ស៊ីរី៖ រលក​​បន្ត​នៃ​​ពលរដ្ឋ​ស៊ីរី​បាន​ភៀស​ខ្លួន​ ចេញ​ពី​តំបន់​អ៊ីតលីប​ដែល​គ្រប់​គ្រង​ដោយ​​​ក្រុម​ឧទ្ទាម​ និង​បន្ត​ឆ្ពោះ​ទៅ​កាន់​ព្រំដែន​ជាប់​ជាមួយ​ប្រទេស​ទួរគី​​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ។ ​ចលនា​ការពារ​ជន​ស៊ីវិល​​ប្រឆាំង​ស៊ីរី​ ដែល​គេ​ស្គាល់​ថា​ជា​ក្រុម​មួក​ស​ បាន​បញ្ចេញ​វីដេអូ​​កាល​ពី​ថ្ងៃ​អង្គារ​កន្លង​ទៅ​ ​បង្ហាញ​ឲ្យ​​ឃើញ​អំពី​ជួរ​រថយន្ត​ធំ​ៗ និង​យាន​យន្ត​​ផ្ទុក​មនុស្ស​ និង​របស់​របរ​ផ្សេង​​ៗ​របស់​ពួក​គេ។

កង​កម្លាំង​​រដ្ឋាភិបាល​​ស៊ីរី​​បាន​នឹង​កំពុង​ ​វាយ​លុក​​នៅ​ខេត្ត​​អ៊ីតលីប​យ៉ាង​​យឺត​ៗ​ បើ​ទោះ​បី​​មាន​បទ​ឈប់​បាញ់​សម្របសម្រួល​ ដោយ​រុស្ស៊ី​ដ៏​ផុយ​ស្រួយ​មាន​រយៈ​ពេល ៣ខែ​កន្លង​មក​ហើយ​ក៏​ដោយ។ ​ចាប់​តាំង​ពី​មាន​បទ​ឈប់​បាញ់​គ្នា​មក​​ រដ្ឋាភិបាល​បាន​នឹង​កំពុង​វាយ​រុល​ទៅ​មុខ​បោស​សម្អាត​ ឆ្ពោះ​ទៅ​កាន់​​ផ្លូវ​ហាយវ៉េ​យុទ្ធសាស្ត្រ​ ដែល​ភ្ជាប់​ពី​​រដ្ឋធានី​ដាម៉ាស់​​ទៅ​កាន់​ភាគ​​ពាយ័ព្យ​​ទីក្រុង​អាឡេប៉ូ។ ​អង្គការ​សហប្រជាជាតិ​​បាន​ប៉ាន់​ប្រមាណ​ថា ប្រជាជន​ប្រហែល ៦ម៉ឺន​នាក់​​បាន​ភៀស​ខ្លួន​ ចេញ​ពី​តំបន់​​មួយ​នេះឆ្ពោះ​ទៅ​កាន់​ភាគ​ខាង​ត្បូង បន្ទាប់​​ពី​មាន​ការ​វាយប្រហារ​មួយ​ចំនួន​ទៅ​លើ​ខេត្ត​អ៊ីតលីប ​​កាន់​តែ​​ខ្លាំង​​ឡើង​នៅ​ដើម​ខែ​នេះ។ មនុស្ស​រាប់​ពាន់​នាក់​​បាន​ភៀស​ខ្លួន ​ទៅ​កាន់​ព្រំដែន​​ក្នុង​រយៈ​ពេល​​ប៉ុន្មាន​ថ្ងៃ​​ថ្មី​ៗ​នេះ ដែល​នៅ​ទី​នោះ​អង្គការ​​សហប្រជាជាតិ​​បាន​ព្រមាន​ អំពី​ហានិភ័យ​កើន​ឡើង​​នៃ​មហន្តរាយ​មនុស្ស​ធម៌៕

អត្ថបទ៖ រិទ្ធី