ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​នឹង​បិទ​ជា​ស្ថាពរ ចាប់ពី​ថ្ងៃ​ទី​១​មករា ឆ្នាំ​២០២០

282

ភ្នំពេញ៖ អគ្គស្នងការ​នគរបាល​ជាតិ​នាយ​ឧ​ត្ត​ម​សេនីយ៍​សន្តិ បណ្ឌិត នេ​ត សា​វឿ ​បាន​ថ្លែង​អះអាង​ថា ចាប់ពី​យប់​រំលង​អា​ធ្រា​ត​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​នេះ ល្បែង​អន​ឡាញ​គ្រប់​ប្រភេទ​នឹង​ចាប់ផ្តើម​បិទ​មិន​ឲ្យ​មាន​តទៅទៀត​នោះឡើយ ហើយ​ប្រសិនបើ​បុគ្គល​ណា​ឬ​ក្រុមហ៊ុន​បន្ត បើក​ទៀត​នឹង​ចាត់វិធានការ​ទៅតាម ផ្លូវច្បាប់​ជា​ធរមាន​។​

ថ្លែង​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​តំណាង​កាស៊ីណូ និង​ម្ចាស់​អាជីវកម្ម អន​ឡាញ​ទូទាំងប្រទេស ដើម្បី​ផ្សព្វផ្សាយ​សារាចរ​ណែនាំ ស្ដីពី ការគ្រប់គ្រង​អាជីវកម្ម​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ី​ន​ធឺ​ណេ​ត​អន​ឡាញ​ក្នុង និង​ក្រៅប្រទេស​គ្រប់​ប្រភេទ​និង​គ្រប់​រូបភាព​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ នា​រសៀល​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១៩​នេះ ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន បានលើកឡើង​ថា​រាល់​ល្បែង​អន​ឡាញ​ទាំងអស់​មិន​ថា ឆ្នោត ឡូតូ ឬ​ល្បែង​កាស៊ីណូ​អ្វី នោះទេ​ឲ្យ​តែ​តាម​ប្រព័ន្ធ​អន​ឡាញ​គឺ​ត្រូវតែ​បិទ​ជាបន្ទាន់ ហើយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​ទាំងអស់​ក៏ត្រូវ តាមដាន​មើល​ជានិច្ច​ផងដែរ​។​

ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍​នេ​ត សាវឿន​បានបញ្ជាក់​ទៀតថា ការដែល​រាជរដ្ឋាភិបាល​សម្រេច​បិទ​នូវ​អាជីវកម្ម​ល្បែង​តាម​អន​ឡាញ​នេះ គឺ​បន្ទាប់ពី​រាជរដ្ឋាភិបាល​បាន​សង្កេតឃើញថា សកម្ម ភាព​ល្បែងភ្នាល់​តាម​ម៉ាស៊ីន​អេ​ឡិច​ត្រូ​និ​ច​តាមរយៈ​អ៊ី​ន​ធឺ​ណែ​ត​ទាំង​ក្នុង និង​ក្រៅប្រទេស​ទទួលបាន គោលការណ៍​អនុញ្ញាតិ​ពី​រាជរដ្ឋាភិបាល​និង​មួយចំនួនទៀត បាន​លួចលាក់​ធ្វើ​សកម្មភាព​តាម​ទីតាំង ផ្សេងៗ​គ្នា ហើយ​ពួកឧក្រិដ្ឋជន​បរទេស​មួយចំនួន បាន​ជ្រក​ក្រោមរូបភាព​ល្បែង​ប្រភេទ​នេះ ដើម្បី​ធ្វើ​សកម្មភាព​បោកប្រាស់​ជំរិត​ទា​ប្រាក់​ពី​ជនរងគ្រោះ ទាំង​ក្នុង និង​ក្រៅប្រទេស ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ និង​របៀបរៀបរយ​ក្នុងសង្គម​ជាដើម​។​

ជា​មួយគ្នា​នោះដែរ​ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន​ក៏បាន​អំពាវនាវ​ដល់​មន្ត្រី​នគរ បាល​យុត្តិ​ធម៌ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់​ទាំងអស់ ត្រូវ​បង្កើន​ការស្រាវជ្រាវ​និង​តាម ដាន​បន្ថែ​ម​ទៀត​ចំពោះ​បំរាម​ទាំងនេះ ហើយ​ប្រសិនបើ​មាន​បុគ្គល​ណា​ឬ​ក្រុមហ៊ុន​ណា​លួចលាក់​បន្ត ធ្វើ​អា​ជី​វកម្ម​បន្តទៀត​នោះ​ត្រូវ​ចាត់​វិធានការណ៍​តាមផ្លូវ​ច្បាប់​ជាបន្ទាន់ ដោយ​មិន​លើកលែង​នោះឡើយ​។​

ការប្រកាស​បិទ​ជា​ស្ថាពរ​នៅ​ល្បែង​តាម​អន​ឡាញ​នេះ​គឺ​បន្ទាប់ពី​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បានចេញ សារាចរ​ណែនាំ​កាលពី​ខែសីហា ឆ្នាំ​២០១៩​កន្លងទៅ បញ្ជារ​ឲ្យ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ អគ្គស្នងការ​នគរបាល​ជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត ត្រូវ​ចាត់​វិធានការណ៍​ឲ្យ​បាន​ម៉ឺងម៉ាត់​ដើម្បី​អនុវត្ត​ឲ្យ​សារាចរ​នេះ​មាន​ប្រសិទ្ធភាព​បំផុត​៕