ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ កត់សម្គាល់​ការរីកលូតលាស់​សមិទ្ធផល​សំណង់​អគារ​

273

ភ្នំពេញ ៖ ​​ ប្រជាពលរដ្ឋ រស់នៅ​រាជធានី​ភ្នំពេញ បាន​កត់សម្គាល់​ឃើញ​ការ​រីកលូតលាស់​ នៃ​សំណង់​អគារ​ជាច្រើន ​ដែលជា​សមិទ្ធផល​ជួយ​លើកកម្ពស់​មុខមាត់​ប្រទេស​កម្ពុជា​ជាតិ​ និង​បញ្ជាក់​ពី​ការ​កើន​ឡើង​ជា​លំដាប់ នៃ ​សេដ្ឋកិច្ចកម្ពុជា ក្នុង​រយៈពេល​ប៉ុន្មាន​ចុងក្រោយ​នេះ​។

ប្រជាពលរដ្ឋ រស់នៅ​រាជធានី​ភ្នំពេញ បាន​ថ្លែងថា ការ​លើកឡើងថា ​ពួកគេ​ពិតជា​បាន​ឃើញ​អំពី​ការ អភិវឌ្ឍ​រីកចម្រើន​ក្នុង​រាជធានី​ភ្នំពេញ​ យ៉ាង​ឆាប់រហ័ស ​តាមរយៈ​ការលេច​ឡើង​នូវ​សំណង់​អគារ​ចម្រុះ ប្រណីតៗ​ ជាច្រើន ក្នុង​ឆ្នាំ​២០១៩​នេះ​។

ប្រជាពលរដ្ឋ បាន​លើកឡើងថា ប្រាកដ​ណាស់ ការរីកលូតលាស់​នៃ​សំណង់​អគារ​ខ្ពស់ៗ​ ប្រណីតៗ នៅ​រាជធានី​ភ្នំពេញ គឺជា​ការ​បង្ហាញឱ្យឃើញ​ពី​វឌ្ឍនភាព​ប្រទេស​កម្ពុជា ​និង​បាន​លើក​សម្រស់​សោភ័ណ ភាព​ និង​បង្កើន​ឱកាស​ការងារ​កាន់​តែច្រើន​ឡើង​ជូន​ដល់​ប្រជាជន​កម្ពុជា​។

របាយការណ៍​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ បាន​បង្ហាញថា​ ក្នុង​ឆ្នាំ​២០១៩​នេះ ទិន្នន័យ​សំណង់ ​ទូទាំងប្រទេស ​មាន​ចំនួន​ជាង​បួន​ពាន់​បួន​រយ​គម្រោង ​ក្រោម​ទុនវិនិយោគ​ប្រមាណ ៩​ពាន់​លាន​ដុល្លារ ដែល​កើន​ឡើង​ប្រមាណ​ជាង​៧៨​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។

គម្រោង​អគារ​ខ្ពស់ ៗ នៅ​កម្ពុជា ចាប់ពី​៥​ជាន់ឡើង មាន​ចំនួន​ជាង​បួន​រយ​គម្រោង​ ស្មើនឹង​ជាង​បួន​រយ​អគារ ដោយ​ខេត្ត​ព្រះ​សីហនុមាន​គម្រោង​អគារ​ចំនួន​ជាង​ពីរ​រយ​អគារ​ ក្នុងនោះ​ពី​៥​ជាន់ ទៅ​៩​ជាន់ មាន​ចំនួន​ជាង​ពីរ​រយ​អគារ ​ពី​១០​ជាន់ ទៅ​១៩​ជាន់ មាន​ចំនួន​ជាង​មួយ​រយ​អគារ​ ពី​២០​ជាន់ ទៅ​២៩​ជាន់ មាន​ចំនួន​៥៧​អគារ ពី​៣០ ជាន់ ទៅ​៣៩​ជាន់ មាន​ចំនួន​២៣​អគារ និង​ពី​៤០​ជាន់ ឡើងទៅ​មាន​ចំនួន​១៣​អគារ​៕