Chelsea ខាតបង់​ប្រាក់​ចំណូល​ជាង ១០០​លាន​ដុល្លារ​រដូវ​កាល​មុន​

465

បាល់ទាត់៖ ​ក្លិប​តោ​ខៀវ Chelsea បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រថា​ បាន​ខាតបង់​ប្រាក់​ចំណូល​ចំនួន ៩៦,៦លាន​ផោន​ស្មើនឹង​ជាង ១០០​លាន​ដុល្លារ​អាមេរិក​សម្រាប់​រដូវ​កាល២០១៨១៩ កន្លងទៅ​។ ​​Chelsea បាន​ប្រកាស​ប្រាក់ចំណេញ​ក្នុង​រយៈពេល​ពីរ​ឆ្នាំមុន ខណៈ​សេចក្តី​ថ្លែងការណ៍​របស់​ក្លិប​មួយ​បាន​រាយការណ៍​ថា ​ការខាតបង់​ប្រាក់​ចំណូល​នេះ ​គឺ​ដោយសារ​ការទិញ​កីឡាករ​ថ្មីមិនបាន​ប្រកួត​ក្របខ័ណ្ឌ Champions League និង​ការ​បណ្ដេញ​លោក Antonio Conte និង​បុគ្គលិក​គ្រូ​បង្វឹក​របស់គាត់​កាលពី​ខែ​កក្កដា​ ឆ្នាំ​២០១៨។

​​លោក Conte បាន​ដឹកនាំ​ក្រុម​តោ​ខៀវ Chelsea ទទួលបាន​ចំណាត់ថ្នាក់​លេខ៥ ក្នុង​ឆ្នាំ២០១៧១៨ មាន​ន័យថា​ ពួកគេ​ខកខាន​ការប្រកួតប្រជែង​នៅ Champions League​។​ ​ទោះ​យ៉ាង​ណា​ក៏ដោយ​ជាមួយ​នឹង​ការមកដល់​របស់​Maurizio Sarri​ រួម​ជាមួយ​ការចុះហត្ថលេខា​របស់ Kepa Arrizabalaga, Jorginho ​និង Mateo Kovacic​ ពេលនោះ​ក្រុម​តោ​ខៀវ​បានបញ្ចប់​ក្នុង​ចំណាត់ថ្នាក់​លេខ៣ និង​ឈ្នះ​ពានរង្វាន់ Europa League ។​ការមកដល់​របស់​ Christian Pulisic ​ក៏​ត្រូវបាន​រាប់បញ្ចូល​ផងដែរ​។​ ​ប្រាក់ចំណូល​របស់​ក្លឹប​មាន​ភាពប្រសើរ​ឡើងដល់ ៤៤៦,៧លាន​ផោន​សម្រាប់​ឆ្នាំ​ដែល​បញ្ចប់​នៅ​ថ្ងៃទី៣០ ខែមិថុនា ​ឆ្នាំ២០១៩៕

អត្ថបទ​៖​នាង សុភា​វុ​ធ